កីឡាករអត្តពលកម្ម ឧក រហ៊ីត ថាខ្លួនមិនទាន់សម្រេចដក្ដីស្រមៃយកមេដាយកម្រិតអន្តរជាតិដូចស៊ីហ្គេមជាដើមជូនប្រទេសកម្ពុជានៅឡើយទេ។
ឧក រហ៊ីត បានឲ្យដឹងថា បើនិយាយពីរឿងជោគជ័យក្នុងអាជីពកីឡាអត្តពលកម្មនេះចែកជាពីរដំណាក់កាលគឺដំណាក់កាលទី១ អាចថាបានជោគជ័យហើយដោយសារការប្រឹងប្រែងកន្លងមកតាំងពីគេមិនទទួលស្គាល់ ឬមិនសារទររហូតមានអ្នកស្គាល់ រួមទាំងក្រុមគ្រួសារផងដែរ។ មនុស្សជុំវិញ និងមហាជនក្នុងវិស័យកីឡាអត្តពលកម្ម ឬកីឡារត់ចម្ងាយនេះមានគេស្គាល់ខ្លួន និងដឹងពីសមត្ថភាព។
ចំណែកដំណាក់កាលទី២ នៅមិនទាន់សម្រេចនោះទេគឺការយកមេដាយអន្តរជាតិជូនដូចជាស៊ីហ្គេម ឬកម្មវិធីប្រកួតជើងឯកផ្សេងៗតំណាងឲ្យប្រទេសកម្ពុជា។ ត្រង់ចំណុចនេះគឺជាក្ដីស្រមៃមួយរបស់ខ្លួនដែលមិនទាន់អាចបំពេញបាន។ រូបគេនឹងបន្តខំប្រឹងប្រែងហ្វឹកហាត់តទៅទៀត ពង្រឹងសមត្ថភាព និងស្វែងរកនូវវិធីសាស្ត្រល្អៗដើម្បីឲ្យខ្លួនអភិវឌ្ឍន៍សមត្ថភាពឈានដល់ដណ្ដើមមេដាយជូនកម្ពុជាឲ្យបាន។
កីឡាករដើមកំណើតពីខេត្តសៀមរាបរូបនេះបន្តទៀតថា នៅថ្ងៃខាងមុខរូបគេប្រហែលនឹងទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេលវែង ព្រោះនេះជាឱកាសល្អមួយសម្រាប់ខ្លួនអាចបង្កើនសមត្ថភាពឲ្យកាន់តែខ្លាំងឆ្ពោះទៅសម្រេចក្ដីស្រមៃយកមេដាយជូនប្រទេសកម្ពុជា។
បញ្ជាក់ដែរថា កីឡាករ ឧក រហ៊ីត ចូលប្រឡូកក្នុងវិស័យកីឡាអត្តពលកម្មនេះតាំងពីឆ្នាំ២០១៤ និងបានតេស្តជាប់ជម្រើសជាតិចាប់ពីឆ្នាំ២០១៩ ក្លាយជាជម្រើសជាតិរហូតមកដល់ពេលនេះ។ រូបគេចាត់ជាកីឡាករឆ្នើមរបស់កម្ពុជាហើយនៅពេលបច្ចុប្បន្នតាមរយៈការឈ្នះមេដាយក្នុងព្រឹត្តិការណ៍ម៉ារ៉ាតុងនានានៅកម្ពុជា។ រហ៊ីត កំពុងលេងលើវិញ្ញាសារត់ចម្ងាយ ២១គីឡូម៉ែត្រ (Half Marathon)៕
ប្រភព៖ KAMPUCHEATHMEY