កំពូលខ្សែប្រយុទ្ធ Lionel Messi មានឈ្មោះវិលចូលជម្រើសជាតិអាហ្សង់ទីនឡើងវិញ ក្រោយជាពីបញ្ហា របួសសាច់ដុំ ខណៈគេត្រៀមខ្លួនសម្រាប់ការប្រកួតវគ្គជម្រុះ World Cup ឆ្នាំ២០២៦ ទ្វីបអាម៉េរិកខាង ត្បូង ទល់វ៉េណេស៊ុយអេឡា និងអេក្វាទ័រ។ កីឡាករអាហ្សង់ទីនទាំង៣១រូប រួមទាំង Messi ដែលទើប ប្រកាស នៅថ្ងៃទី១៨ សីហា ភាគច្រើនជាកីឡាករចំណូលថ្មី និងវ័យក្មេងៗ ទើបលេចធ្លោសមត្ថភាព នៅរយៈកាលចុងក្រោយ។
ជាមួយវត្តមានប្រធានក្រុម Messi ក្រុមកីឡាករអាហ្សង់ទីនដែលត្រៀមវគ្គជម្រុះ World Cup ឆ្នាំ២០២៦ ភាគច្រើនជាយុវជនវ័យក្មេងមានសមត្ថភាព និងលេចធ្លោខ្លាំង ទាំងក្នុងនិងក្រៅស្រុក។ កីឡាករទាំងនោះ រួមមាន Claudio Echeverri របស់ Manchester City, ខ្សែបម្រើ Alan Varela ក្លិប Porto និង Franco Mastantuono ទើបផ្លាស់ទៅ Real Madrid។ លោក Lionel Scaloni គ្រូបង្វឹកជម្រើសជាតិអាហ្សង់ទីន ក៏បានកោះហៅកីឡាករ Jose Manuel Lopez មកពីក្លិបប្រេស៊ីល Palmeiras ចូលជម្រើសជាតិលើក ដំបូងផងដែរ។
Messi ទើបវិលចូលហ្វឹកហាត់ជាមួយ Inter Miami បន្ទាប់គេជាពីបញ្ហារបួសសាច់ដុំ ហើយចូលរួមប្រកួត ឡើងវិញ ជាមួយក្លិបនៅទឹកដីអាម៉េរិក កាលពីសប្តាហ៍មុន ក្នុងលីគកំពូលអាម៉េរិក និងជួយក្រុមយកឈ្នះ LA Galaxy លទ្ធផល ៣-១។ កាលពីខែមិថុនា ប្រធានក្រុមវ័យ៣៨ឆ្នាំ គ្មានឈ្មោះក្នុងជម្រើសជាតិ អាហ្សង់ទីន នៅការប្រកួតទល់នឹងក្រុមស៊ីលី និងកូឡុំប៊ី ឡើយ ក៏ព្រោះតែជួបបញ្ហារបួសស្រដៀងគ្នានេះ។
ក្រោយបាត់ប្រជាប្រិយភាពក្រោមការដឹកនាំរបស់អ្នកចាត់ការ Ruben Amorim ហើយដាក់ឱ្យហ្វឹកហាត់ នៅក្រៅក្រុម កីឡាករ Alejandro Garnacho ដែលតែងមានឈ្មោះនៅជម្រើសជាតិ តែពេលនេះ ត្រូវបានជំនួសដោយ កីឡាករ Marcos Acuna។
អាហ្សង់ទីន នឹងត្រូវប្រកួតទល់នឹងក្រុមវ៉េណេស៊ុយអេឡា ធ្វើឡើងស្ថិតក្នុងកីឡដ្ឋាន Monumental ស្ថិត ក្នុងទីក្រុង Buenos Aires ថ្ងៃទី៤ ខែកញ្ញា មុនពេលទៅប៉ះអេក្វាទ័រ នៅទីក្រុង Guayaquil នៅ ៥ថ្ងៃ បន្ទាប់។ បច្ចុប្បន្នអាហ្សង់ទីន ជាក្រុមមួយបានកក់កៅអី ទៅកាន់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២៦ រួចរាល់ហើយ សម្រាប់ការប្រកួតធ្វើនៅប្រទេសអាម៉េរិក កាណាដា និងម៉ិកស៊ិក។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករអាហ្សង់ទីនត្រៀមប្រកួតវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ ទ្វីបអាម៉េរិកខាងត្បូង៖
អ្នកចាំទី៖ Emiliano Martinez, Walter Benitez and Geronimo Rulli
ខ្សែការពារ៖ Cristian Romero, Nicolas Otamendi, Nahuel Molina, Gonzalo Montiel, Leonardo Balerdi, Juan Foyth, Nicolas Tagliafico, Marcos Acuna, Julio Soler and Facundo Medina
ខ្សែបម្រើ៖ Alexis Mac Allister, Exequiel Palacios, Alan Varela, Leandro Paredes, Thiago Almada, Nicolas Paz, Rodrigo De Paul, Giovani Lo Celso, and Valentin Carboni
ខ្សែប្រយុទ្ធ៖ Claudio Echeverri, Franco Mastantuono, Giuliano Simeone, Angel Correa, Julián Alvarez, Nicolas Gonzalez, Lionel Messi, Lautaro Martinez និង Jose Manuel Lopez៕
ប្រភព៖ THMEYTHMEY