កីឡាការិនី Vos ខឹងសហព័ន្ធបាល់ទាត់ហុងកុង ដែលឱ្យទីលានទៅក្រុម Ronaldo ហ្វឹកហាត់

កីឡាការិនី Danielle Vos លេងឱ្យក្លិបនារី Kitchee ក្នុងទីក្រុងហុងកុង រិះគន់សហព័ន្ធបាល់ទាត់ហុងកុង(HKFA) ខ្លាំងៗ ក្រោយសហព័ន្ធលុបចោលកាលវិភាគហ្វឹកហាត់ក្រុមរបស់នាង ដោយផ្តល់ទីតាំងឱ្យក្លិប Al Nassr របស់ Cristiano Ronaldo ហ្វឹកហាត់។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់វ័យ ៤០ឆ្នាំ ពេលនេះកំពុងជួយ Al Nassr ប្រកួតប្រជែងពានរង្វាន់ Saudi Super Cup លើទឹកដីហុងកុង។

Danielle Vos តួនាទីខ្សែការពារ បញ្ចេញកំហឹងលើបណ្តាញសង្គម ភ្ជាប់ជាមួយរូបភាព Ronaldo នឹងបានសរសេរពាក្យខកចិត្តជាច្រើន សំដៅ HKFA ក្រោយទីលានហ្វឹកហាត់របស់ក្រុមនាងបានកក់ ប្រគល់ឱ្យក្លិប Al Nassr ធ្វើជាទីតាំងហ្វឹកហាត់។ 

«ជារឿងមួយដែលអាម៉ាស់ ម្តងហើយម្តងទៀត!» នេះជាការសម្តែងអារម្មណ៍ខឹងពីសំណាក់​កីឡាការិនី Danielle Vos ក្រោយពេលក្រុមខកខានហ្វឹកហាត់ច្រើនលើក ហើយនាងក៏ជះកំហឹងបន្ថែមទៀត លើការបង្ហោះនោះដូច្នេះថា៖«សហព័ន្ធមានបំណង និងគម្រោងការទុកមុនរួចទៅហើយដែលមិនគាំទ្រដល់ការប្រកួតបាល់ទាត់នារីក្នុងទីក្រុងហុងកុងឡើយ។ សប្តាហ៍មុនយើងបានកក់ទីលានសម្រាប់ហ្វឹកហាត់លើស្មៅធម្មជាតិ ត្រៀមការប្រកួត AFC Women’s Champions League ប៉ុន្តែសហព័ន្ធប្រាប់យើងថាពួកគេបានលុបចោល ប្តូរទៅដាក់ឱ្យក្លិប Al Nassr។»។

ក្លិប Kitchee ជាធម្មតាតែងហ្វឹកហាត់នៅលើទីលានបាល់ទាត់ ប្រភេទស្មៅសិប្បនិមិត្ត ប៉ុន្តែព្រោះការកិច្ចត្រៀមលក្ខណៈប្រកួតប្រជែងពានរង្វាន់ AFC Women’s Champions League វគ្គជម្រុះបឋម ពូល E ជុំទីពីរ ទល់នឹងក្រុមនារី ភ្នំពេញក្រោន នៅថ្ងៃទី២៨ ខែសីហា លើទឹកដីកម្ពុជាខាងមុខ ទើបតម្រូវឱ្យក្រុមសម្របខ្លួនទៅនឹងស្មៅធម្មជាតិ។

ហេតុនេះ កីឡាការិនី Vos និងក្រុម Kitchee ត្រូវហ្វឹកហាត់ត្រៀមលក្ខណៈ នៅលើទីលានស្មៅសិប្បនិមិត្តតាមធម្មតាវិញ មុនពេលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីប្រកួតទល់ក្រុមនារីភ្នំពេញក្រោន មុនប៉ះក្រុមនារីមកទីឥណ្ឌា East Bengal។

គូសរំលឹកថាបច្ចុប្បន្ន ហុងកុងកំពុងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតពានរង្វាន់ Saudi Super Cup ឆ្នាំ ២០២៥ ពានមុនបើករដូវកាលថ្មីរបស់លីគកំពូលបាល់ទាត់អារ៉ាប៊ីសាអូឌីត (Saudi Pro League)។ ក្រុមខ្លាំងប្រចាំអារ៉ាប៊ីសាអូឌីតចំនួន ៤ មកប្រកួតរួមមាន Al Nassr របស់ Ronaldo, Al Ittihad, Al Qadisiyah និង Al Ahli៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top