ក្នុងប្រវត្តិសាស្ត្របាល់ទះជើងឯកពិភពលោក FIVB Men’s Volleyball World Championship គឺមានតែក្រុមបាល់ទះជម្រើសជាតិ ជប៉ុន មួយគត់ ដែលជាក្រុមមកពីទ្វីប អាស៊ី ធ្លាប់ឈ្នះមេដាយនៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។
ព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក បានបង្កើតឡើងអស់រយៈពេល ៧៦ ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ ១៩៤៩ មក ដោយតែងតែរៀបចំរៀងរាល់ ៤ ឆ្នាំម្តង។ យ៉ាងណា បើមើលអំពីសមាសភាពក្រុមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះ គឺសុទ្ធតែជាក្រុមជម្រើសជាតិខ្លាំងៗមកពីជុំវិញពិភពលោក ហើយក្រុមនីមួយៗសុទ្ធតែត្រូវឆ្លងកាត់ការប្រកួតយ៉ាងតឹងតែង ទម្រាំអាចមានឱកាសឆ្លងផុតវគ្គនីមួយៗ រហូតឈានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឬផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមមេដាយ។
តាមរយៈស្ថិតិជាក់ស្តែងក្នុងការប្រកួតរយៈពេល ៧៦ ឆ្នាំមកនេះ ភាគច្រើន មានតែក្រុមមកពីទ្វីប អឺរ៉ុប និង អាមេរិកខាងត្បូង ប៉ុណ្ណោះ ដែលធ្លាប់ឈ្នះជើងឯក អមជាមួយមេដាយមាស និងមេដាយប្រាក់ ឬសំរឹទ្ធ។ លើកលែងតែ ជប៉ុន មួយគត់ ដែលជាក្រុមមកពីទ្វីប អាស៊ី ធ្លាប់បានឈ្នះមេដាយក្នុងព្រឹត្តិការណ៍នេះ នោះគឺមេដាយសំរឹទ្ធចំនួន ២ លើក។
ក្រុមបាល់ទះជម្រើសជាតិ ជប៉ុន ធ្លាប់បានឈានចូលវគ្គដណ្តើមចំណាត់ថ្នាក់លេខ ៣ ចំនួន ៣ លើកនៅក្នុងព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក។ ការឈានចូលវគ្គនេះលើកដំបូង គឺនៅឆ្នាំ ១៩៧០ ដោយពេលនោះ ពួកគេបានយកឈ្នះលើអតីតជម្រើសជាតិ ឆេកូស្លូវ៉ាគី ដែលបច្ចុប្បន្នជាសាធារណៈរដ្ឋឆេក ក្នុងលទ្ធផល ៣ សិតទល់នឹង ០។
លុះឈានចូលឆ្នាំ ១៩៧៤ ពួកគេបានឈានដល់វគ្គដណ្តើមលេខ ៣ នេះម្តងទៀត ហើយក៏បានយកឈ្នះលើក្រុមជម្រើសជាតិ អាល្លឺម៉ង់ខាងកើត ក្នុងលទ្ធផល ៣ សិតទល់នឹង ១។ រំលងបាន ៨ ឆ្នាំ នៅឆ្នាំ ១៩៨២ ក្រុមរហស្សនាមដាវសាំម៉ូរ៉ៃ បានឡើងដល់វគ្គដណ្តើមចំណាត់ថ្នាក់លេខ ៣ នេះជាលើកទី ៣ ប៉ុន្តែជាលទ្ធផល ពួកគេបានចាញ់ក្រុមជម្រើសជាតិ អាហ្សង់ទីន ក្នុងលទ្ធផល ៣ សិតទល់នឹង ០។
គួរឱ្យដឹងថា ព្រឹត្តិការណ៍បាល់ទះពិភពលោក FIVB Men’s Volleyball World Championship ២០២៥ នេះ នឹងរៀបចំនៅតំបន់ អាស៊ាន លើកដំបូង ដោយធ្វើឡើងនៅប្រទេស ហ្វីលីពីន ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២៥៕
ប្រភព៖ KAMPUCHEATHMEY