កីឡាករចាស់វស្សា និងពោរពេញដោយបទពិសោធក្នុងវិស័យបាល់ទះ សួន ចាន់ណារ៉ូ ចូលហ្វឹកហាត់វិញមិនទាន់បានប៉ុន្មានថ្ងៃផងមើលឃើញពីចំណុចខ្វះខាតរបស់ស្មាត់ កំពុងកែតម្រូវ និងរៀនលេងតាមស្ដាយថ្មីដល់មិត្តរួមក្រុមទាំងអស់ឡើងវិញ។
កីឡាករ សួន ចាន់ណារ៉ូ បានឲ្យដឹងថា តាមដែលអ្វីដែលខ្លួនបានមើលក្រុមជម្រើសជាតិប្រកួតកន្លងទៅ ឬនៅពានរង្វាន់ SEA V League កន្លងទៅនោះការលេងគឺល្អហើយ ប៉ុន្តែខ្វះខាតភាពចាស់ទុំក្នុងទីលានប្រកួតជាក់ស្ដែងបន្តិចដែលត្រូវពង្រឹង។
កីឡាករមួយចំនួនក៏លេងតាមតួនាទីបានល្អដូចជា គួន ម៉ុម រតនៈ នីមល គឺមិនមានអ្វីចោទនោះទេសម្រាប់ពួកគេ។ ដោយឡែកចំពោះ ពិន សារ៉ុន ហាក់ធ្លាក់ចុះសមត្ថភាពបន្តិច និងមិនសូវមានបាល់លេងនោះឡើយ។ ដូច្នេះការហ្វឹកហាត់ប៉ុន្មានថ្ងៃមកនេះរបស់ខ្លួនគឺបោះបាល់ឲ្យ សារ៉ុន លោតវាយឲ្យបានច្រើនចង់ដឹងពីសន្ទុះលេង ការលោតវាយផ្ដាច់ និងការលេងចុះសម្រុងជាគ្នា ឬអត់។ ព្រោះតួនាទីរបស់ ពិន សារ៉ុន នេះគឺសំខាន់ចំពោះកីឡាបាល់ទះជាកន្លែងដែលត្រូវជួយសង្គ្រោះក្រុម វាយបាល់ដែលម៉ូវ៉េ (បាល់ងាប់) ភាគច្រើនអ្នកប៉ះសេនឹងបោះបាល់ទៅក្រោយត្រង់តំណែងតួនាទីនោះហើយ។
បន្ទាប់ពីហ្វឹកហាត់បានមួយរយៈពេលនេះ ណារ៉ូ មើលឃើញថា ពិន សារ៉ុន ហាក់ល្អប្រសើរឡើងវិញទាំងការការពារបាល់ លោតធ្វើរនាំង និងការលោតផ្ដាច់បាល់គឺបានល្អមិនខ្ជះខ្ជាយបាល់នោះឡើយនៅពេលនេះ។
បញ្ជាក់ដែរថា បច្ចុប្បន្ននេះ សួន ចាន់ណារ៉ូ កំពុងនៅហ្វឹកហាត់ជាមួយក្រុមបាល់ទះវិសាខា ដើម្បីត្រៀមការប្រកួតពានរង្វាន់មួយអំឡុងចុងខែសីហា ឆ្នាំ២០២៥ នៅឯប្រទេសវៀតណាម។ រូបគេក៏កំពុងពង្រឹងសមត្ថភាពឡើងវិញដើម្បីឈានលេងក្នុងឈុតជម្រើសជាតិត្រៀមស៊ីហ្គេម លើកទី៣៣ នេះផងដែរ៕
ប្រភព៖ KAMPUCHEATHMEY