Arnold បង្ហាញខ្លួនលើកដំបូងនៅថ្ងៃបើកឆាក La Liga ស្របពេល Real យកបាន ៣ពិន្ទុពី Osasuna

(ម៉ាឌ្រីដ)៖ ខ្សែការពារស្តាំ Trent Alexander-Arnold បានបង្ហាញខ្លួនលើកដំបូងនៃក្របខណ្ឌបាល់ទាត់លីគកំពូលអេស្ប៉ាញ La Liga ដោយបានរួមចំណែកជួយ Real Madrid លេងឈ្នះភ្ញៀវ Osasuna ១ទល់នឹង០ ទៀតផង។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

សមាជិកក្រុម Kylian Mbappe ជាអ្នកស៊ុតគ្រាប់ជ័យជម្នះដោយបាល់ ១១ម៉ែត្រនៅដើមវគ្គទី២ ក្នុងកីឡដ្ឋាន Santiago Bernabeu នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជិត ៧ម៉ឺននាក់ ពីការប្រកួតបើកឆាកសប្តាហ៍ទី១ របស់ពួកគេ ស្ថិតក្រោមការដឹកដោយលោក Xabi Alonso។

ទោះជាយ៉ាងណា នេះជាការបង្ហាញខ្លួនលើកទី៦ គ្រប់ការប្រកួតរបស់ Arnold ជាមួយអធិរាជស Real ក៏ប៉ុន្តែជាការបង្ហាញខ្លួនក្នុងជំនួបផ្លូវការលើកដំបូងនៅ La Liga សម្រាប់ខ្សែការពារអន្តរជាតិអង់គ្លេស ក្រោយផ្ទេរចេញពីហង្សក្រហម Liverpool រួចមក។

Arnold បានចូលលេងក្នុងនាមកីឡាករបម្រុង ដែលត្រូវបានប្តូរចូលនៅនាទី៦៨ ជំនួសមិត្តរួមក្រុម Dani Carvajal ដ្បិតក្រុមរងជើងឯកលីគរដូវកាលមុនមួយនេះនាំមុខ ១ទល់នឹង០ ទៅលើ Osasuna ទៅហើយ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top