Casemiro ជឿជាក់យ៉ាងមុតមាំថា Man Utd កំពុងដើរលើផ្លូវត្រូវ

ខ្សែបម្រើ Casemiro ​មានជំនឿចិត្តមុតមាំថាក្លិប Manchester United កំពុងតែដើរលើផ្លូវត្រូវ ទោះចាញ់ Arsenal ក្នុងទឹកដី Old Trafford ក្នុងការប្រកួតបើកឆាកលីគកំពូលអង់គ្លេស (Premier League) រដូវកាលថ្មី ២០២៥-២៦។

កីឡាករសញ្ជាតិប្រេស៊ីល ចូលលេងជម្រើស ១១នាក់ ដំបូងឱ្យក្រុម Man Utd ក្រោមការដឹកនាំរបស់លោក Ruben Amorim ជាអ្នកចាត់ការ ហើយគេបង្ហាញទម្រង់លេងបានល្អ ក្នុងនាមជាខ្សែបម្រើការពារ ជាមួយការបង្កើតឱកាសប៉ះបាល់ល្អៗជាច្រើន។ 

Man Utd ចាញ់នៅថ្ងៃប្រកួតបើកឆាក Premier League ក្នុងទឹកដីចំនួន ៣លើក នៅក្នុងចំណោម ៦រដូវកាលចុងក្រោយ ប៉ុន្តែបរាជ័យកាលពីសប្តាហ៍មុន បែរជាបង្ហាញភាពវិជ្ជមានពីទម្រង់លេងល្អ និងកម្រិតប្រកួតប្រជែងខ្ពស់របស់ក្រុមរហស្សនាមបិសាចក្រហម។ Arsenal រកបានគ្រាប់បាល់នៅនាទី១៣ ជាការបង្កកំហុសចេញពីអ្នកចាំទី Altay Bayindir ពេលគេជួបការរំខានពីសំណាក់ខ្សែការពារ Gabriel។

ក្រុមបិសាចក្រហមមានស្ថិតិឱកាសស៊ុតបាល់ចំនួន ២២លើក ទល់នឹង ៩លើក របស់ Arsenal និងចំគោលដៅ ៧លើក តែគ្រាប់បាល់ចំគោលដៅតែត្រូវអ្នកចាំទី David Raya សង្គ្រោះបាន និងបាល់ខ្លះទៅប៉ះចំបង្គោលទី។ Man Utd មានស្ថិតិគ្រប់គ្រងការប្រកួត ៦១ភាគរយ ទល់នឹងក្រុមកាំភ្លើងធំគ្រប់គ្រងបាល់បានតែ ៣៩ភាគ ហើយពុំសូវអាចវាយសម្រុកខ្លាំងលើក្រុមម្ចាស់ផ្ទះ។

Casemiro សរសើរចំពោះគំនិតរបស់លោក Amorim ជាអ្នកចាត់ការខ្លួន អាចនាំក្រុមឱ្យត្រឡប់មកភាពល្អប្រសើរឡើងវិញ ក្រោយក្រុមជួបរឿងរ៉ាវអាក្រក់រដូវកាលមុនរួចមក។ អតីតខ្សែបម្រើក្លិប Real Madrid អះអាងទៀតថា គេមានក្តីរំពឹង និងសង្ឃឹមថាក្លិបនឹងវិលត្រឡប់ទៅភាពអស្ចារ្យដូចកាលពីជំនាន់មុនៗ។

«Manchester United តែងតែគិតអំពីវិធីសាស្ត្រយកជ័យជម្នះ ខ្ញុំមិនចង់និយាយថាការចាញ់នោះ ជារឿងដែលមិនអីនោះទេ តែយើងត្រូវតែឈ្នះ Man Utd គឺត្រូវតែឈ្នះជានិច្ច។ ខ្ញុំគិតថាយើងបង្ហាញចេញបានយ៉ាងល្អនៅការប្រកួតនោះ យើងបានលេងល្អខ្លាំង ប៉ុន្តែយើងក៏ត្រូវការជ័យជម្នះ ពេលនេះយើងកំពុងតែស្ថិតនៅលើផ្លូវដ៏ត្រឹមត្រូវ។»។ ខ្សែបម្រើវ័យ ៣៣ឆ្នាំ បាននិយាយបែបនេះ។

Casemiro បានផ្លាស់ចូលរួម Man Utd កាលពីឆ្នាំ ២០២២ ក្នុងតម្លៃខ្លួនប្រមាណ ៧០លានផោន(៩៤លានដុល្លារ) ហើយគេបង្ហាញខ្លួនលេងបានប្រមាណ ១២៦ប្រកួត រាល់គ្រប់ពានរង្វាន់៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top