ក្លិប Al Nassr កក់កៅអីវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Saudi Super Cup ជាពានមុនបើករដូវកាលថ្មី លីគកំពូលអារ៉ាប៊ីសាអូឌីត ក្រោយផ្តួលជើងខ្លាំង Al Ittihad លទ្ធផល ២-១ លើទឹកដីហុងកុង។ Sadio Mane ដែលរកបាន ១គ្រាប់ ទទួលបានកាតក្រហមនៅនាទី២៥ ខកខានជួយក្រុមជំនួបសំខាន់ចុងក្រោយ ខណៈ Joao Felix រកបានគ្រាប់ដំបូងឱ្យ Al Nassr។
Mane វ័យ ៣៣ឆ្នាំ ស៊ុតបើកឆាកនាំមុខ ននាទី១០ ក្នុងកីឡដ្ឋាន Hong Kong ជាការបញ្ជូនយ៉ាងល្អពីខ្សែបម្រើ Marcelo Brozovic សញ្ជាតិក្រូអាស៊ី។ Al Ittihad តាមរកគ្រាប់ស្មើនៅនាទី១៦ ពីការស៊ុតរបស់កីឡាករ Steven Bergwin។
ចូលវគ្គទីពីរ Al Nassr បន្តទប់ទល់ការសម្រុកពី Al Ittihad រហូតដល់នាទី៦១ ខ្សែបម្រើប្រយុទ្ធ Joao Felix រកបានគ្រាប់បាល់ផ្លូវការនៅក្លិបថ្មី និងជាគ្រាប់បាល់យកឈ្នះការប្រកួត ទោះសមាជិកក្រុមដល់គ្នាត្រឹម ១០នាក់ តាំងពីនាទី២៥ មក។ Joao Felix ជួយទាញ Al Nassr ឡើងវគ្គផ្តាច់ព្រ័ត្រ Saudi Super Cup។ ឡើងផ្តាច់ព្រ័ត្រក៏ផ្តល់ឱកាសឱ្យ Cristiano Ronaldo ក្នុងការស្វែងរកការឈ្នះពានផ្លូវការដំបូង ជាមួយនឹង Al Nassr ចាប់តាំងពីគេចូលរួមដំបូងនៅឆ្នាំ ២០២៣។
Sadio Mane ជាកីឡាករទី៣ ប្រចាំក្លិប Al Nassr ដែលបានកាតក្រហមនៅ Saudi Super Cup បន្ទាប់ពីប្រធានក្រុម Ronaldo ធ្លាប់បានកាតក្រហមម្តង នៅឆ្នាំ ២០២៣ និង Brozovic នៅឆ្នាំ ២០២៤។
Al Nassr បច្ចុប្បន្នអង្គុយកៅអីផ្តាច់ព្រ័ត្រ រង់ចាំក្រុមដែលឈ្នះការប្រកួតរវាងក្រុម Al Qadsiah ទល់នឹង Al Ahli ថ្ងៃទី២០ សីហា ដែលធ្វើឡើងវេលាម៉ោង ៧យប់ ក្នុងកីឡដ្ឋាន Hong Kong។
លោក Jorge Jesus អ្នកចាត់ការក្រុម សរសើរការប្រឹងប្រែងរបស់កូនក្រុម ដែលមានសមាជិកត្រឹម ១០នាក់ និងគោរពតាមយុទ្ធសាស្ត្រក្រុម តិចនិកគ្រូបង្វឹកដាក់ឱ្យ រហូតអាចយកឈ្នះការប្រកួត។ «យើងពិតជាស័ក្តិសមចំពោះការឈ្នះនេះ» នេះបើតាមសម្តីលោក Jesus អ្នកចាត់ការវ័យ ៧១ឆ្នាំ ខណៈបន្តសរសើរដល់ប្រព័ន្ធលេងក្រុមដូច្នេះថា៖«យើងលេងការប្រកួតជាង ៧០នាទី ដោយគ្មាន Mane ជាកីឡាករសំខាន់នៅតំបន់ប្រយុទ្ធ និងនៅតំបន់ការពារ។ ទោះជាបែបនោះក្តី ប្រព័ន្ធរបស់យើងបង្ហាញចេញបានយ៉ាងល្អ […]។»។
ប្រធានក្រុមវ័យ ៤០ឆ្នាំ សញ្ជាតិព័រទុយហ្កាល់ ក៏បានបង្ហោះសារខ្លីនៅលើបណ្តញសង្គម «Let’s go» បង្ហាញក្តីរីករាយ ក្រោយជួយក្រុមឡើងវគ្គផ្តាច់ព្រ័ត្រ Saudi Super Cup ដែលផ្តួល Al Ittihad ដែលមាន Karim Benzema អតីតមិត្តរួមក្រុមនៅក្លិប Real Madrid៕
ប្រភព៖ THMEYTHMEY