ក្រោយពីស្ថានការណ៍ព្រំដែនកម្ពុជា-សៀម បានស្ងប់ស្ថាត់ជាបណ្ដើរៗហើយនោះក្នុងសប្ដាហ៍នេះគ្រប់ស្ថាននីយទូរទស្សន៍បានប្រកាសបើកដំណើរការប្រកួតគ្រប់កម្មវិធីរបស់ខ្លួនវិញហើយ ខណៈស្ថាននីយមួយចំនួនបានប្រកួតតាំងពីសប្ដាហ៍មុនមកម្ល៉េះ។
កាលពីពេលថ្មីៗនេះប្រធានសហព័ន្ធគុនខ្មែរ លោក ខូវ ឆាយ បានបើកកិច្ចប្រជុំជាមួយបណ្ដាស្ថានីយទូរទស្សន៍ដើម្បីផ្សព្វផ្សាយឲ្យរៀបចំការប្រកួតកីឡាប្រដាល់គុនខ្មែរប្រចាំសប្តាហ៍ឡើងវិញបានហើយ ព្រោះតែស្ថានការណ៍ព្រំដែនស្ងប់ស្ងាត់ជាបណ្ដើរៗវិញហើយ។
ក្រៅតែពីការប្រកាសដំណើរការប្រកួតឡើងវិញហើយនោះសហព័ន្ធក៏លើកឡើងពីការផ្គូផ្គង តាមស្ថានីយទូរទស្សន៍ប្រចាំសប្តាហ៍ បញ្ហាផ្សេងៗផងដែរ។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីស្នងការប្រកួត និងគណៈវិនិច្ឆ័យទាំង ៦ក្រុមរបស់សហព័ន្ធព្រមទាំងតំណាងក្រុមហ៊ុនដៃគូអភិវឌ្ឍន៍ និងស្ថានីយទូរទស្សន៍ទាំងអស់នៅឯស្តាតចាស់។ (ប្រភពដើមសហព័ន្ធគុនខ្មែរ)
ដូច្នេះហើយសប្ដាហ៍នេះគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់នឹងដំណើរការប្រកួតឡើងវិញជូនប្រិយមិត្តអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរបានទស្សនាកម្សាន្តអារម្មណ៍បន្ទាប់ពីជម្លោះឈ្លានពានពីសំណាក់ប្រទេសសៀមមានការស្ងប់ស្ងាត់ទៅវិញជាបណ្ដើរៗ៕
ប្រភព៖ KAMPUCHEATHMEY