អតីតអ្នកប្រដាល់គុនខ្មែរ ឡោ សំណាង បង្ហាក្ដីរីរាយជាខ្លាំងក្រោយមានក្លឹបផ្ទាល់ខ្លួនក្នុងការបន្តដំណើរបបណ្ដុះធនធានយុវជន និងបណ្ដុះឆន្ទៈឆ្ពោះទៅមុខដើម្បីផ្សព្វផ្សាយ និងដណ្ដើមមុខមាត់ជូនប្រទេសកម្ពុជាចាប់ពីពេលនេះតទៅ។
លោក ឡោ សំណាង បានលើកឡើងថា ក្នុងឱកាសបើកសម្ពោធក្លឹបថ្មីឡោងសំណាងគុនខ្មែរកាលពីម្សិលមិញនេះលោកមានក្ដីរំភើបរីករាយជាខ្លាំងដែលមានក្លឹប មានទីតាំងល្អសមស្របមួយដើម្បីបណ្ដុះធនធានយុវជនបន្តវេនតទៅមុខទៀត។ កាន់តែរីករាយទៀតនោះគឺការផ្ដល់តម្លៃចូលរួមពីសំណាក់ប្រធានសហព័ន្ធ តំណាងក្រុមហ៊ុនឧបត្ថម្ភ ក្នុងថ្ងៃបើកសម្ពោធជាផ្លូវការនេះ។
អតីតជើងខ្លាំងទម្ងន់ស្រាលរូបនេះបន្ថែមទៀតថា លោកនឹងបណ្ដុះនូវឆន្ទៈដល់យុវជនដែលមកហ្វឹកហាត់ឲ្យរឹតតែខំប្រឹងប្រហែងដើម្បីដណ្ដើមពានរង្វាន់ ខ្សែក្រវាត់ មេដាយ ឬមុខមាត់ជូនជាតិមាតុភូមិនៅថ្ងៃខាងមុខ។ ពិសេសទៀតនោះការឆ្ពោះទៅផ្សព្វផ្សាយលើឆាកអន្តរជាតិថាក្បាច់គុនខ្មែរនេះជារបស់ខ្មែរពិតប្រាកដ។
បញ្ជាក់ដែរថា កាលពីម្សិលមិញនេះលោក ឡោ សំណាង បានធ្វើពិធីសម្ពោធក្លឹបថ្មីរបស់លោកជាផ្លូវការហើយទីតាំងនៅឯមុខព្រលានយន្តហោះ រាជធានីភ្នំពេញ។ លោក ឡោ សំណាង ជាអតីតអ្នកប្រដាល់ល្បីឈ្មោះមួយរូបនៅកម្ពុជាលើប្រភេទទម្ងន់ស្រាល៕
ប្រភព៖ KAMPUCHEATHMEY