Fabio អ្នកចាំទី Fluminense នៃលីគកំពូលប្រេស៊ីល បានបំបែកកំណត់ត្រា វីរបុសអង់គ្លេស លោក Peter Shilton ក្លាយជាអ្នកចាំទីបង្ហាញខ្លួនច្រើនជាងគេចំនួន ១ ៣៩១ប្រកួត អំឡុងបង្ហាញខ្លួនចុងក្រោយ ក្នុងជ័យជម្នះលើក្រុម America de Cali លទ្ធផល ២-១។
Fabio វ័យ ៤៤ឆ្នាំ ចំណាយពេល ២៨ឆ្នាំ ក្នុងអាជីពបាល់ទាត់ ដោយលេងនៅក្លិប Unian Bandeirante ៣០ ប្រកួត, Vasco da Gama ១៥០ប្រកួត, Cruzeiro ៩៧៦ប្រកួត និងចុងក្រោយក្លិប Fluminense ចំនួន ២៣៥ ប្រកួត។ អ្នកចាំទីវ័យចំណាស់ ផ្លាស់ពីក្លិប Cruzeiro ចូលរួមជាមួយ Fluminense កាលពីឆ្នាំ ២០២២ ជាក្រុមទើប បញ្ចប់ចំណាត់ថ្នាក់ក្រុមកំពូលទាំង៤ (Top 4) នៅព្រឹត្តិការណ៍ Club World Cup ឆ្នាំ២០២៥ នៅអាម៉េរិក។
អ្នកចាំទីសញ្ជាតិប្រេស៊ីល បានរួមចំណែកជួយ Fluminense ឈ្នះពានរង្វាន់ Recopa Sudamericana និង Copa Libertadores ព្រមទាំងពានរង្វាន់ Taca Guanabara ២លើក ហើយពានរង្វាន់ Campeonato Carioca ចំនួន ២ លើក។
ក្លិប Fluminense វិញបានរៀបចំពិធីអបអរការកំណត់ត្រាថ្មីអ្នកចាំទី Fabio បង្ហាញខ្លួនបាន ១ ៣៩១លើក ស្ថិត ក្នុងកីឡដ្ឋាន Maracana នាទីក្រុងរីអូ ក្រោយពីទទួលជ័យជម្នះទល់នឹងក្រុម America de Cali នៅជំនួបជើងទីពីរ ពានរង្វាន់ Copa Sudamericana វគ្គ ១៦ក្រុមចុងក្រោយ។
កំណត់ត្រាអ្នកចាំទីបង្ហាញខ្លួនប្រកួតច្រើនជាងគេបង្អស់លើពិភពលោក កន្លងមកកាន់កាប់ ដោយលោក Peter Shilton វ័យ៧៥ឆ្នាំ ដែលប្រកបអាជីពពីចន្លោះឆ្នាំ ១៩៦៦-១៩៩៧។
បើតាមកំណត់ត្រា Guinness World Record លោក Shilton បង្ហាញខ្លួនប្រកួតសរុប ១ ៣៩០លើក ប៉ុន្តែអតីតអ្នកចាំទីអង់គ្លេស អះអាងថាលោកលេងបានរហូតដល់ ១ ៣៨៧លើក៕
ប្រភព៖ THMEYTHMEY