មុនសម្រេចចិត្តដឹកដៃមិត្តស្រី Georgina Rodriguez ភ្ជាប់ពាក្យ ក្រោយរួមរស់ជាមួយគ្នា ៩ឆ្នាំ ខ្សែប្រយុទ្ធ Cristiano Ronaldo ធ្លាប់មានទំនាក់ទំនងស្នេហានឹងតារាម៉ូឌែល តារាសម្តែង និងអ្នកមានឥទ្ធិពលក្នុងសង្គមជាច្រើននាក់។
បើតាមកាសែត Daily Mail មនុស្សស្រីដំបូងដែល Ronaldo បានណាត់ជួបបង្កើតទំនាក់ទំនងស្នេហា គឺនៅពេលគេចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ នៅក្រុម Sporting CP ហើយម្នាក់នោះគឺតារាបង្ហាញម៉ូដ សញ្ជាតិប្រេស៊ីល Jordana Jardel។ អ្នកទាំងពីរជួបគ្នា ឆ្នាំ ២០០៣ តែបែកគ្នាពេល Ronaldo ផ្លាស់ទៅ Manchester United។
កើនភាពល្បីល្បាញ ពេលទៅដល់អង់គ្លេស Ronaldo ក៏ណាត់ជួបមនុស្សស្រីទីពីរ ជាតារាបង្ហាញម៉ូដ និងពិធីករទូរទស្សន៍ព័រទុយហ្កាល់ល្បីឈ្មោះ Marche Romero។ អ្នកទាំងពីរជួបគ្នាក្នុងឆ្នាំ ២០០៥ ហើយរស់នៅជាមួយគ្នាមុនបែកគ្នានៅឆ្នាំ ២០០៦ ក្រោមហេតុផលរស់នៅឆ្ងាយគ្នាពេក។
ឆ្នាំ ២០០៦ អតីតតារាបាល់ទាត់ក្លិបបិសាចក្រហម លេចឮថាទាក់ទង តារាស្រីប្រចាំកម្មវិធីទូរទស្សន៍មួយរបស់អង់គ្លេសឈ្មោះ Imogen Thomas ហើយរឿងនេះផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង។ កាលពីឆ្នាំ២០១១ អ្នកទាំងពីរ ត្រូវបានគេចុះផ្សាយថាមានទំនាក់ទំនងគ្នាជាថ្មី តែ Ronaldo បដិសេធព័ត៌មាននេះ។
មនុស្សស្រីទី៣ ក្នុងឆ្នាំ ២០០៦ ម្នាក់ទៀត មានចចាមអារ៉ាម ថាបានទាក់ទងជាមួយនឹង Ronaldo នោះគឺ Soraia Chaves ជាតារាបង្ហាញម៉ូដសញ្ជាតិព័រទុយហ្កាល់ ដែលក្រោយមកក្លាយជាតារាសម្តែង។
នៅឆ្នាំបន្ទាប់ Ronaldo ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ជាថ្មីលើបណ្តាញសង្គម គេបានណាត់ជួបតារាសម្តែងដ៏ល្បីរបស់កម្មវិធីទូរទស្សន៍មួយគឺនាង Gemma Atkinson។ តារាស្រីម្នាក់នោះក៏បានចេញមកបកស្រាយ ថាត្រឹមទំនាក់ទំនងធម្មតានៅឡើយ ដោយកីឡាករក្រុម Man Utd មិនទាន់អាចទាក់ចិត្តនាងបាននៅឡើយ។
ឆ្នាំ ២០០៧ តារាបាល់ទាត់ពាក់អាវលេង ៧ ប្រចាំក្រុមបិសាចក្រហម ត្រូវគេប្រទះឃើញថើមគ្នាជាមួយនឹងតារាសម្តែងភាពយន្តបូលីវូដរបស់ឥណ្ឌានាង Bipasha Basu ស្ថិតក្នុងក្លិបកម្សាន្តរាត្រីមួយកន្លែង នៅទីក្រុង Lisbon ប្រទេសព័រទុយហ្កាល់។ ទោះលេចឮពាក្យចចាមអារ៉ាមពីភាពផ្អែមល្ហែម តែអ្នកទាំងពីរ កាលនោះក៏បន្តទំនាក់ទំនងត្រឹមជាមិត្តភក្តិជិតស្និទ្ធិប៉ុណ្ណោះ។
ឆ្នាំ ២០០៨ Ronaldo មានទំនាក់ទំនងស្នេហាជាមួយតារាបង្ហាញម៉ូដ ឈ្មោះ Nereida Gallardo សញ្ជាតិអេស្ប៉ាញ ហើយអ្នកទាំងពីរ តែងតែថតរូបភាពរួមគ្នាលើម៉ាកផលិតផលប្រណិតជាច្រើន ប៉ុន្តែទំនាក់ទំនងនោះកើតឡើងត្រឹមតែ ១ខែ ប៉ុណ្ណោះ រួចក៏ចែកផ្លូវគ្នា។
ពាក់កណ្តាលឆ្នាំ ២០០៩ ព័ត៌មានថ្មីមួយលេចឡើង ស្ថិតក្នុងទីក្រុង Los Angeles ប្រទេសអាម៉េរិក បន្ទាប់ពីកីឡាករទើបផ្លាស់ទៅក្លិប Real Madrid បានចូលរួមពិធីជប់លៀង របស់តារាស្រីម្នាក់ឈ្មោះ Paris Hilton និងប្អូនស្រីរបស់នាងឈ្មោះ Nicky Hilton។ ការជួបគ្នានោះនៅក្លិបកម្សាន្តរាត្រីមួយកន្លែង តែប៉ុន្មានថ្ងៃក្រោយមក ទំនាក់ទំនងនោះក៏បញ្ចប់ទៅវិញ។
លេងនៅ Real Madrid ពេញលេញ ឆ្នាំ ២០១០ Ronaldo មានចចាមអារ៉ាមថា បានរស់នៅទាក់ទងស្នេហាពេលខ្លី ជាមួយនឹងតារាស្រីមានឥទ្ធិពលមួយរូបឈ្មោះ Kim Kardashian ដោយបានចំណាយពេល ៣ថ្ងៃ ដើរលេងនៅក្នុងទីក្រុងម៉ាទ្រីដ ហើយបានជួប កីឡាករសញ្ជាតិព័រទុយហ្កាល់ និងទៅលេងផ្ទះវីឡាគេនៅទីនោះថែមទៀត។
ឆ្នាំដដែល Ronaldo ក្លាយជាតារាបាល់ទាត់ដ៏ល្បីមួយរូបលើរឿងទំនាក់ទំនងស្នេហា ដែលរូបគេគេបានបង្ហាញជាសាធារណៈថាបានទាក់ទងតារាបង្ហាញម៉ូដរូបស្រស់សញ្ជាតិរុស្ស៊ី Irina Shayk។ អ្នកទាំងពីរ ជួបគ្នាដំបូងក្នុងកម្មវិធីបង្ហាញម៉ូដមួយ ហើយក៏បានរស់នៅទាក់ទងគ្នាអស់ពេល ៥ឆ្នាំ។
Irina Shayk តែងតែមានវត្តមានពេលការប្រកួត ឬកម្មវិធីប្រគល់ពានរង្វាន់ជាច្រើនជាមួយ Ronaldo ប៉ុន្តែនៅឆ្នាំ ២០១៥ ពួកគេបែកគ្នា ព្រោះតែបញ្ហាជម្លោះរឿងកាលវិភាគការងារ ចំណូលចិត្តផ្សេងគ្នា និងរឿងធំបំផុតនោះគឺតារាបង្ហាញម៉ូដ Irina Shayk មិនពេញចិត្តការរស់នៅជាមួយម្តាយរបស់ Ronaldo។
ក្រោយបែកគ្នាមិនបានប៉ុន្មាន កីឡាករម្ចាស់ពាន Ballon d’Or ៥សម័យ ត្រូវបានគេចុះផ្សាយថាមានទំនាក់ទំនងជាមួយនឹងពិធីករទូរទស្សន៍កីឡាអេស្ប៉ាញមួយ ដោយនាងមានឈ្មោះថា Lucia Villalon ប៉ុន្តែក្រុមគ្រួសារនាងបានបដិសេធថាអ្នកទាំងពីរគ្មានទំនាក់ទំនងកើតឡើងនោះទេ។
នៅដើមឆ្នាំ ២០១៦ តារាបង្ហាញម៉ូដមួយរូបទៀត ដែល Ronaldo បានណាត់ជួប Desiree Cordero។ នាងជាម្ចាស់ពានបវរកញ្ញាប្រចាំអេស្ប៉ាញ ក្នុងឆ្នាំ ២០១៤ ប៉ុន្តែទំនាក់ទំនងនោះត្រូវបានបញ្ចប់វិញ ក្នុងពេលខ្លី។
ចាប់តាំងពីឆ្នាំ ២០១៦ ដដែលនោះមក Ronaldo ក៏បានជួប Georgina Rodriguez ជាស្នេហាស្មោះស្ម័គ្ររបស់គេរហូតដល់ពេលនេះ ហើយបានភ្ជាប់ពាក្យក្រោយរួមរស់អស់ពេល ៩ឆ្នាំ។ Ronaldo ជួបគ្នាដំបូងជាមួយ Georgina Rodriguez អំឡុងពេលនាងធ្វើការនៅហាងសម្លៀកបំពាក់ និងកាបូបដ៏ល្បីម៉ាក Gucci ក្នុងទីក្រុងម៉ាឌ្រីដ ហើយទំនាក់ទំនងនោះ ផ្តើមបន្តភាពផ្អែមល្ហែមជាបន្តបន្ទាប់ រហូតមានកូនជាមួយគ្នាថែមទៀត។
Georgina សញ្ជាតអាហ្សង់ទីន-អេស្ប៉ាញ បានរស់នៅបង្កើតកូន និងមើលថែកូនៗមុនរបស់ Ronaldo រួមមានទាំង Cristiano Jr បានយ៉ាងល្អ ហើយមិនតែប៉ុណ្ណោះនាងតែងតែធ្វើដំណើរគាំទ្រដល់កីឡាករវ័យ ៤០ឆ្នាំ រាល់ការប្រកួត នៅទៅគ្រប់ទីកន្លែង។ បច្ចុប្បន្នអ្នកទាំងពីររស់នៅអារ៉ាប៊ីសាអូឌីត ពេលកីឡាករប្រធានក្រុមព័រទុយហ្កាល់ សម្រេចមកប្រកបអាជីពក្នុងទី្វបអាស៊ីមក៕
ប្រភព៖ THMEYTHEMY