ក្រុមបាល់ទះជម្រើសជាតិចំនួន ៣២ ត្រូវប្រជែងដណ្តើមជើងឯកបាល់ទះពិភពលោក (FIVB Men’s Volleyball World Championship) ចាប់ពីថ្ងៃទី១២ ដល់ទី២៨ ខែកញ្ញា ឆ្នាំ ២០២៥ នៅប្រទេសហ្វីលីពីន។
នេះជាលើកដំបូងដែលការប្រកួតជើងឯកបាល់ទះពិភពលោក រៀបចំនៅតំបន់អាស៊ីអាគ្នេយ៍ ដែលហ្វីលីពីនទទួលធ្វើម្ចាស់ផ្ទះ។ ក្រុមបាល់ទះជម្រើសជាតិ ហ្វីលីពីន ទទួលបានកៅអីជុំចុងក្រោយដោយស្វ័យប្រវត្តិក្នុងនាមជាម្ចាស់ផ្ទះ ហើយក៏ជាលើកដំបូងសម្រាប់ហ្វីលីពីន ដែលបានប្រកួតជុំចុងក្រោយ។ ក្រុមជម្រើសជាតិផ្សេងៗទៀតសុទ្ធតែមានចំណាត់ថ្នាក់ល្អ និងជាប់វគ្គជម្រុះតាមតំបន់ និងទ្វីបរៀងៗខ្លួន។
រូបមន្តនៃការប្រកួត ក្រុមបាល់ទះជម្រើសជាតិទាំង ៣២ ត្រូវបានបែងចែកជា ៨ ពូល ដែលក្នុង ១ ពូលមាន ៤ ក្រុម។ បន្ទាប់ពីចប់វគ្គសន្សំពិន្ទុក្នុងពូល ក្រុមលេខ ១ និងលេខ ២ នៃពូលទាំង ៨ ឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយ ដែលជាវគ្គខ្វែងពោលគឺក្រុមឈ្នះ ឡើងវគ្គបន្ត ហើយក្រុមចាញ់ធ្លាក់។ ក្រុមឈ្នះដោយលទ្ធផល ៣-០ ឬ ៣-១ ទទួលបាន ៣ ពិន្ទុ ហើយក្រុមចាញ់សូន្យពិន្ទុ ខណៈក្រុមដែលឈ្នះដោយលទ្ធផល ៣-២ ទទួលបាន ២ ពិន្ទុ ហើយក្រុមចាញ់ទទួលបាន ១ពិន្ទុ។
ក្រុមជើងឯក ទទួលបានពាន មេដាយមាស និងប្រាក់រង្វាន់ ១ លានដុល្លារអាមេរិក។ ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានមេដាយប្រាក់ និងប្រាក់រង្វាន់ ៥០ម៉ឺនដុល្លារ ខណៈម្ចាស់មេដាយសំរិទ្ធ ទទួលបានប្រាក់រង្វាន់ ២៥ម៉ឺនដុល្លារអាមេរិក។ ក្រុមបាល់ទះជម្រើសជាតិ អ៉ីតាលី ជាម្ចាស់ការពារជើងឯកឆ្នាំចាស់ ដែលពួកគេបានឈ្នះកាលពីឆ្នាំ ២០២២។
ក្រុមនៃពូលទាំង ៨ មានដូចខាងក្រោម
- ពូល A ៖ ហ្វីលីពីន (ម្ចាស់ផ្ទះ) អ៉ីរ៉ង់ អេហ្ស៊ីប និង ទុយនេស៊ី
- ពូល B ៖ ប៉ូឡូញ ហូឡង់ កាតា និង រ៉ូម៉ានី
- ពូល C ៖ បារាំង អាហ្សង់ទីន ហ្វាំងឡង់ និង កូរ៉េខាងត្បូង
- ពូល D ៖ សហរដ្ឋអាមេរិក គុយបា ព័រទុយហ្គាល់ និង កូឡុំប៊ី
- ពូល E ៖ ស្លូវេនី អាល្លឺម៉ង់ ប៊ុលហ្គារី និង ឈីលី
- ពូល F ៖ អ៉ីតាលី អ៊ុយក្រែន បែលហ្ស៊ិក និង អាហ្សេរី
- ពូល G ៖ ជប៉ុន កាណាដា តួកគី និងលីប៊ី
- ពូល H ៖ ប្រេស៊ីល ស៊ែប៊ី ឆេក និង ចិន
ប្រភព៖ KAMPUCHEATHMEY