Jake Paul នឹងតទល់ម្ចាស់ខ្សែក្រវាត់ពិភពលោក Gervonta Davis លើសង្វៀនពិព័រណ៍

Jake Paul តារា YouTuber ប្រែជាអ្នកប្រដាល់ នឹងឡើងសង្វៀនពិព័រណ៍ថ្មីមួយ ដោយត្រូវតទល់ Gervonta Davis ម្ចាស់ខ្សែក្រវាត់ពិភពលោក WBA នៅថ្ងៃទី១៤ ខែវិច្ឆិកា។ នេះបើតាមការអះអាងរបស់ភ្នាក់ងារ (Promoter) របស់ Jake Paul។

ជំនួបរវាងកីឡាករអាម៉េរិកទាំងពីរ Jake Paul និង Gervonta Davis  គ្រោងធ្វើឡើងក្នុងកីឡដ្ឋាន State Farm ក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាម៉េរិក។

កីឡាករ Davis វ័យ ៣០ឆ្នាំ ក្លាយជាម្ចាស់ខ្សែក្រវ៉ាត់ WBA ទម្ងន់ស្រាល ចាប់តាំងពីកីឡាករ Devin Haney លះបង់ខ្សែក្រវាត់ប្រភេទទម្ងន់នេះ ឡើងទៅទម្ងន់មធ្យម កាលពីឆ្នាំ ២០២៣។ ការប្រកួតរវាង Paul ទល់នឹង Davis មិនមែនជាការប្រកួតដណ្តើមខ្សែក្រវាត់ស្ថាប័ន WBA នោះឡើយ គ្រាន់តែជាការប្រកួតពិព័រណ៍ប៉ុណ្ណោះ ព្រោះតែប្រភេទទម្ងន់កីឡាករទាំង២ ខុសគ្នាខ្លាំងពេក។

Davis ជាកីឡាករម្នាក់មានកំណត់ត្រាប្រកួត ៣១លើក មិនចាញ់សោះ ដោយគេបានឈ្នះដៃគូដល់ ៣០លើក និងស្មើ ១លើក លើការប្រកួតប្រភេទទម្ងន់ស្រាល។

Paul វ័យ ២៧ឆ្នាំ ធ្លាប់ប្រកួតប្រដាល់ពិពណ៌ជាមួយនឹងអតីតវីរបុរសប្រដាល់ លោក Mike Tyson កាលពីដើមឆ្នាំ ២០២៥ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គម X របស់គេថា មិនខ្វល់អំពីទម្ងន់ ឬជានរណា ពេលណា កន្លែងណាឡើយ រូបគេអាចជួបតទល់បានទាំងអស់។

អំឡុងការប្រកួតពិព័រណ៍ដូចគ្នាទល់នឹងអតីតអ្នកប្រដាល់ Julio Cesar Chavez Jr កាលពីខែមិថុនា Paul ប្រកួតក្នុងប្រភេទទម្ងន់ធ្ងន់ ៩០,៤៥គីឡូក្រាម ខណៈ Davis បានប្រកួតទល់នឹងអ្នកប្រដាល់ Lamont Roach ប្រភេទទម្ងន់ ៦០,៦៩គីឡូក្រាមប៉ុណ្ណោះ។ 

ដោយឡែក អតីតអ្នកប្រដាល់ Chavez Jr ទើបប្រកួតពិពណ៌ចាញ់ Jake Paul ពេលនេះត្រូវបានអាជ្ញាធរអន្តោប្រវែសន៍អាម៉េរិក ចាប់ខ្លួនបញ្ជូនទៅប្រទេសម៉ិកស៊ិក ដោយរងការចោទប្រកាន់ ពាក់ព័ន្ធនឹងករណីរត់ពន្ធគ្រឿងញៀន និងជួញដូរមនុស្ស និងទំនាក់ទំនងជាមួយក្រុមភេរវករម៉ិកស៊ិក៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top