ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះដោយលទ្ធផល ៣-០ លើក្រុមម្ចាស់ផ្ទះ Shan United នៅប្រទេសមីយ៉ាន់ម៉ា យប់ថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៥ សម្រាប់ការប្រកួតលើកទី១ វគ្គសន្សំពិន្ទុក្នុងពូលពានរង្វាន់ក្លិបកំពូលអាស៊ាន ASEAN Club Championship រដូវកាល ២០២៥-២៦។
ការប្រកួតបានត្រឹមតែ ១១នាទីប៉ុណ្ណោះ មិន រតនៈ ស៊ុតចូលគ្រាប់បាល់នាំមុខ ១-០ បន្ទាប់ពីខ្សែប្រយុទ្ធ Patrick បញ្ជូនបាល់ឲ្យយ៉ាងល្អ។ ការប្រកួតបន្តទៅបាន ៨ នាទីទៀត ខ្សែការពារសញ្ជាតិជប៉ុន Ryuji Hirota របស់ម្ចាស់ផ្ទះ ត្រូវបានអាជ្ញាកណ្តាលពិន័យកាតក្រហមដោយបណ្តេញចេញពីទីលាន ដូច្នេះ Shan United មានគ្នាតែ ១០នាក់ លេងទល់នឹង ព្រះខ័នរាជស្វាយរៀង ១១នាក់។
បន្ទាប់ពីដៃគូមានសមាជិកតែ ១០ នាក់ ប៉ុន្តែ ព្រះខ័នរាជស្វាយរៀង នៅតែមិនអាចបង្កើតឱកាសបានល្អតាមរយៈបច្ចេកទេសឡើយ ហើយរកបាន ២ គ្រាប់បន្ថែមនោះគឺជាគ្រាប់បាល់តែតចូលតាមរយៈការលើកបាល់ពីជ្រុង និងប៉េណាល់ទី១១ម៉ែត្រ។ ពាក់ព័ន្ធនឹងទម្រង់លេងនេះ លោក Mattew McConkey គ្រូព្រះខ័នរាជស្វាយរៀង បានមើលឃើញក្រុមរបស់លោកធ្លាក់ចុះគុណភាព បន្ទាប់ពីដៃគូទទួលបានកាតក្រហម។
លោកបាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា ៖«បន្ទាប់ពីឡាកររបស់ Shan United ទទួលបានកាតក្រហម ច្បាស់ណាស់គឺជួយយើង ប៉ុន្តែ ក្រុមរបស់យើងបែរជាធ្លាក់ចុះកម្រិតលេងទៅវិញ។ យើងត្រូវការកែលំអចំណុចបែបនេះ ដើម្បីឲ្យកាន់តែស៊ីសង្វាក់គ្នា។ បន្ទាប់ពីកាតក្រហម ពួកយើងជួបការលំបាកទៅវិញ ដោយសារពួកគេព្យាយាមការពារច្រើន។ ទោះជាយ៉ាងណា ពួកយើងគ្រប់គ្រងការប្រកួត វាជាការប្រកួតវាយលុក និងការពារ។ ខ្ញុំគិតថា ប្រសិនបើ ពួកគេមិនមានកាតក្រហម នោះការលេងរបស់ពួកគេកាន់តែល្អជាងនេះ»។
តាមរយៈជ័យជម្នះនេះ ព្រះខ័នរាជស្វាយរៀង មាន៣ពិន្ទុ ឡើងទៅឈរលើកំពូលតារាងបណ្តោះអាសន្ន ខណៈលេខ២ ក្រុមរបស់ម៉ាឡេស៊ី Johor Darul Tazim មាន៣ពិន្ទុដែរ។
ការប្រកួតទី២ក្នុងពានរង្វាន់នេះ ព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅប្រទេសវៀតណាម ប៉ះ ក្រុម Nam Dinh នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៥។ ការប្រកួតទី៣ ព្រះខ័នរាជស្វាយរៀង ទទួលក្រុមខ្លាំងម៉ាឡេស៊ី Johor Darul Tazim នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥។ ការប្រកួតទី៤ ទទួលក្រុមខ្លាំងរបស់ថៃ Bangkok United នៅពហុកីឡដ្ឋានជាតិ មរតកតេជោ ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៦ និងចុងក្រោយធ្វើដំណើរទៅប្រទេសសិង្ហបុរី ប៉ះក្រុម Lion City Sailors នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២៦៕
ប្រភព៖ KAMPUCHEATHMEY



