ពលរដ្ឋភៀសសឹក ចំនួន ១ ៤២២នាក់ ស្ថិតក្នុងមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ខេត្តព្រះវិហារ បានចូលរួមកម្មវិធីកីឡារត់កម្សាន្ត «រត់ដើម្បីសន្តិភាព» ដើម្បីផ្សារភ្ជាប់មិត្តភាព និងការលើកកម្ពស់សុខុមាលភាព ថ្ងៃទី២៣ សីហា ដែលរៀបចំដោយរដ្ឋបាលខេត្តព្រះវិហារ។
បើតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តព្រះវិហារ កម្មវិធីរត់កម្សាន្តនោះមាន ចម្ងាយ ៥គីឡូម៉េត្រ សម្រាប់ពលរដ្ឋជនភៀសសឹក កំពុងស្នាក់នៅមណ្ឌលសុវត្ថិភាព វត្តពោធិ៍ ៥០០០ដើម ជាគំនិតផ្តួចផ្តើមឡើងរបស់ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារផ្ទាល់។
តាមរូបភាពបានបង្ហោះនោះ ពលរដ្ឋភៀងសឹកចំនួន ៧១១នាក់ ស្រី ៣២៣នាក់ មានទាំងក្មេងចាស់ ខ្លះរត់ ខ្លះដើរ ក្នុងបរិវេណមណ្ឌលសុវត្ថិភាព រត់លាយស្នាមញញឹម និងភាពរីករាយ ខ្លះទៀតឈរអមសងខាងផ្លូវបង្ហាញការសាទរលើកទឹកចិត្ត។
រត់កម្សាន្ត ៥គីឡូម៉ែត្រ នាព្រឹកព្រលឹមនោះ អ្នកចូលរួមរត់ជាជនភៀសសឹក ទទួលអារម្មណ៍ធូរស្រាល ហើយរត់ដោយភ្ជាប់បំណង «រត់ដើម្បីសន្តិភាព កម្ពុជាត្រូវការសន្តិភាព»។ កម្មវិធី «រត់ដើម្បីសន្តិភាព» នោះមិនត្រឹមតែដើម្បីភ្ជាប់មិត្តភាពចំណោមជនភៀសសឹក និងលើកកម្ពស់សុខភាពនោះទេ ប៉ុន្តែក៏បង្ហាញអំពីបំណងទាមទាររកសន្តិភាពពិតប្រាកដ ទៅកាន់ពិភពលោកឱ្យបានដឹងឮ ក្រោយកម្ពុជារងការឈ្លានពានពីសំណាក់កងទ័ពប្រទេសជិតខាង។
កម្មវិធីរត់ខាងលើ រៀបចំឡើងចំនួន ២ថ្ងៃ ពោលនៅព្រឹកថ្ងៃទី២៣ និងថ្ងៃទី២៤ ខែសីហា។ ថ្ងៃទីមួយនៃកម្មវិធីគឺជាការរត់ជម្រុះស្វែងរកពលរដ្ឋ រត់បានល្អជាងគេចំនួន បុរស ១០០នាក់ និងស្រី ១០០នាក់ ដើម្បីបន្តទៅរត់នៅថ្ងៃទី២៤ សីហា ស្វែងរកជ័យលាភ័ អ្នករត់ល្អបំផុតប្រចាំកម្មវិធីពីចំណាត់ថ្នាក់លេខ ១-១០ សរុបចំនួន ២០នាក់(ស្រី ១០នាក់)។
កាលពីព្រឹកថ្ងៃទី២៤ រហូតថ្ងៃ២៨ខែកក្កដា យោធាថៃបានបើកការវាយប្រហារយ៉ាងកម្រោលមកលើទឹកកម្ពុជា។ ក្នុងប្រតិបត្តិការឈ្លានពានទឹកដីក្នុងរយៈពេល៥ថ្ងៃ យោធាថៃបានប្រើសព្វាវុធធុនធ្ងន់ និងសាហាវមកលើកម្ពុជា។ ក្នុងនោះ កងទ័ពថៃបានប្រើយន្តហោះចម្បាំង F-16 គ្រាប់បែកចង្កោម ផ្សែងពុល ដ្រូនពិឃាត គ្រាប់បែក MK-84 MK-82…ជាដើម ដែលបង្កឱ្យមានជនស៊ីវិលស្លូតត្រង់ស្លាប់-របួសជាច្រើននាក់។ ការវាយប្រហារយ៉ាងកម្រោលរបស់យោធានេះបានបង្ខំឱ្យប្រជាពលរាប់សិបម៉ឺននាក់ចាកចេញពីភូមិឋានរបស់ខ្លួន។
ដ្បិត បច្ចុប្បន្នមានបទឈប់បាញ់រវាងកម្ពុជា-ថៃ ដែលមានភាគីប្រទេសម៉ាឡេស៊ី ប្រធានអាស៊ាន សហរដ្ឋអាម៉េរិក និងចិន ជាធ្វើសាក្សីក្តី ក៏ប៉ុន្តែកម្ពុជាគឺនៅរងការឈ្លានពាន និងការគំរាមកំហែងពីសំណាក់យោធាថៃ។ ការគំរាមកំហែងជារឿយៗទាំងនោះ បន្តធ្វើឱ្យពលរដ្ឋកម្ពុជា រស់នៅក្បែតំបន់ព្រំដែនច្រើនគ្រួសារ មិនអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយ។
លើសពីនេះទៅទៀត កងទ័ពកម្ពុជាចំនួន ១៨នាក់ ដែលត្រូវបានកងទ័ពថៃចាប់ខ្លួន កាលពីថ្ងៃទី២៩ កក្កដា ក្រោយបទឈប់បាញ់ចូលជាធរមាន គិតមកដល់ពេលនេះចំនួន ២៥ថ្ងៃហើយ កងទ័ពថៃមិនបានដោះលែងប្រគល់ឱ្យភាគីកម្ពុជាវិញ។ ភាពតានតឹងតាមបណ្តោយព្រំដែន បង្កឡើងពីសកម្មភាពយ៉ាងគឃ្លើនរបស់កងទ័ពថៃ បានធ្វើឱ្យពលរដ្ឋខ្មែរគ្រប់រូប បានរួមគ្នាជាសំឡេងមួយ និងជាចលនារួមសាមគ្គីមួយ បង្ហាញទៅពិភពលោក ក្នុងការទាមទាររកយុត្តិធម៌ សន្តិភាពពិតប្រាកដ គ្មានឈ្លានពានពីប្រទេសជិតខាង សម្រាប់កម្ពុជា៕
ប្រភព៖ THMEYTHMEY