ក្រុមបាល់ទាត់នារី ភ្នំពេញក្រោន ធ្វើម្ចាស់ផ្ទះទទួលក្រុមនារីឥណ្ឌា East Bengal និងក្រុមនារីហុងកុង Kitchee សម្រាប់ការប្រកួតជម្រុះក្នុងពូល E ពានរង្វាន់ក្លិបនារីអាស៊ី AFC Women’s Club Champions League រដូវកាល ២០២៥-២៦។
ក្រុមនារី ភ្នំពេញក្រោន បានក្លាយជាក្រុមបាល់ទាត់នារីកម្ពុជាដំបូងគេក្នុងការចូលរួមប្រកួតពានរង្វាន់ក្លិបអន្តរជាតិ ក្នុងនាមជាម្ចាស់ជើងឯកលីគបាល់ទាត់នារីកម្ពុជា រដូវកាល ២០២៤-២៥។ ការទទួលបានឱកាសប្រកួតពានអន្តរជាតិលើកដំបូង ក្រុមនារីភ្នំពេញក្រោន ទទួលបានឱកាសធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតជម្រុះក្នុងពូល E ថែមទៀត។ នៅក្នុងពូលនេះមានតែ ៣ក្រុម ហើយក្រុមនារីរបស់ឥណ្ឌាគឺជាក្រុមខ្លាំង។
ក្រុមនារីឥណ្ឌា East Bengal ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០០១ ដែលកំពុងលេងនៅលីគបាល់ទាត់នារីកំពូលឥណ្ឌា។ ចាប់តាំងពីចូលរួមប្រកួតលីគកំពូលនៅឆ្នាំ ២០០១ ពួកគេទើបតែឈ្នះ ជើងឯក លើកដំបូងគឺនៅរដូវកាល ២០២៤-២៥ ដែលទទួលបានកៅអី លេងពានរង្វាន់អាស៊ី។ ជាមួយគ្នានេះ ពួកគេបានឈ្នះពាន Kanyashree Cup ៣លើក និងពាន Women’s IFA Shield ១លើក។
ក្រុម East Bengal បានឈ្នះពានរង្វាន់ក្នុងស្រុក ២ ក្នុងមួយរដូវកាលចុងក្រោយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ពួកគេ មានសមាជិកបរទេសចំនួន ៤ នាក់គឺ កីឡាការិនី Elshaddai Acheampong អាយុ២១ឆ្នាំ ជាខ្សែប្រយុទ្ធសញ្ជាតិហ្គាណា។ ខ្សែបម្រើ Maurine Achieng សញ្ជាតិកេនយ៉ា, ខ្សែប្រយុទ្ធ Resty Nanziri សញ្ជាតិអ៊ូហ្គង់ដា និង ខ្សែប្រយុទ្ធសញ្ជាតិអ៊ូហ្គង់ដា Fazila Ikwaput។
កីឡាការិនី Fazila Ikwaput ជាខ្សែប្រយុទ្ធដ៏គ្រោះថ្នាក់ និងមានបទពិសោធច្រើន បើទោះជាអាយុទើប ២៤ ឆ្នាំ។ គិតចាប់តាំងពីឆ្នាំ ២០១៦ ដល់ ២០២៥ កីឡាការិនីរូបនេះបានលេងឲ្យក្លិប ៦ ផ្សេងគ្នា ក្នុងនោះរកបាន ១១១ គ្រាប់។ ជាមួយគ្នានេះ រូបគេបានជាប់ជម្រើសជាតិនារី អ៊ូហ្គង់ដា តាំងពីឆ្នាំ ២០១៦ ដោយបង្ហាញខ្លួនលើឆាកអន្តរជាតិ ១៥ លើក រកបាន ១០ គ្រាប់។
នេះជាលើកទី១ដូចក្រុមនារីភ្នំពេញក្រោនដែរ ដែលក្រុម East Bengal បានចូលរួមប្រកួតក្នុងពានរង្វាន់ក្លិបនារីអាស៊ី។ ទោះបីជាយ៉ាងណា ក្រុមនារីឥណ្ឌានេះធ្លាប់ប្រកួតពានរង្វាន់ប្រចាំតំបន់ចំនួន ៣ ទៀតគឺ Kaliaganj MLA Cup ដែលពួកគេបានឈ្នះជើងឯក នៅឆ្នាំ២០២២ និងពាន Baranagar MLA Cup ដែលពួកគេបានឈ្នះជើងឯកនៅឆ្នាំ ២០២៣។
ពាន AFC Women’s Champions League ត្រូវប្រកួត ២ ដំណាក់កាល។ ដំណាក់កាលទី១ មាន ១៩ ក្រុម ដែលបែងចែកជា ៥ ពូល ក្នុង ១ ពូលមាន ៤ក្រុម ប៉ុន្តែពូល E មានតែ ៣ ក្រុម។ ក្រុមលេខ១ នៃពូលទាំង ៥ នឹងបានឡើងទៅជុំចុងក្រោយនៅប្រទេស អូស្ត្រាលី ឆ្នាំ២០២៦។ ក្រុមដែលកំពុងរង់ចាំជុំចុងក្រោយ គឺ ក្រុមនារី Melbourne City FC (អូស្ត្រាលី) ក្រុមនារី Suwon FC Women (កូរ៉េខាងត្បូង) ក្រុមនារី Tokyo Verdy Beleza (ជប៉ុន) ក្រុមនារី Wuhan Jiangda (ចិន ជាក្រុមជើងឯកឆ្នាំចាស់) ក្រុមនារី Ho Chi Minh City Women’s FC (វៀតណាម) ក្រុមនារី Bam Khatoon FC (អ៉ីរ៉ង់) និង១ក្រុមទៀតរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលមិនទាន់រកឃើញ៕
កម្មវិធីប្រកួត
- ភ្នំពេញក្រោន vs East Bengal ម៉ោង៧ ទី២៥ សីហា
- ភ្នំពេញក្រោន vs Kitchee ម៉ោង៧យប់ ទី២៨ សីហា
- Kitchee vs East Bengal ម៉ោង៧យប់ ទី៣១ សីហា
ប្រភព៖ KAMPUCHEATHMEY