McTominay និង De Bruyne រួមគ្នាជួយ Napoli ឈ្នះការប្រកួតថ្ងៃបើកឆាកលីគ Serie A

ក្លិប SSC Napoli ក្រុមការពារតំណែងឯក បង្ហាញទម្រង់លេងដ៏ល្អ ថ្ងៃបើកឆាករដូវកាលថ្មីប្រចាំលីគកំពូលអ៊ីតាលី Serie A ជាមួយនឹងលទ្ធផលឈ្នះការប្រកួត ២-០ ទល់នឹងក្រុម ​Sassuolo។ ខ្សែបម្រើជើងចាស់ពីក្របខណ្ឌ Premier League រួមមាន Scott McTominay និង Kevin De Bruyne រួមគ្នារកបានម្នាក់ ១គ្រាប់ ជួយឱ្យ Napoli យកបានជ័យជម្នះ។

ក្រុមការពារជើងឯក ពោរពេញខ្សែបម្រើកម្រិតពិភពលោកមកពីអង់គ្លេស ហាក់ពុំសូវបារម្ភលើការខ្វះខាតកីឡាករបង្កើតឱកាស ឬការបញ្ជូនបាល់ទៅតំបន់ប្រយុទ្ធល្អៗនោះឡើយ ស្របពេលខ្សែបម្រើរឹងមាំ ២រូប កំពុងជួយធ្វើព្យុះភ្លៀងនៅក្នុងក្រុម ធ្វើគូប្រជែងដទៃពិបាកក្នុងការលេងតទល់។​ 

ទោះខ្សែប្រយុទ្ធ Romelu Lukaku ជួបបញ្ហារបួស អវត្តមាន តែអតីតកីឡាករក្លិប Manchester United និង Man City មិនធ្វើឱ្យក្រុមរងបរាជ័យឡើយ។

វត្តមានរបស់ De Bruyne ជាកីឡាករពូកែគ្រប់គ្រងតំបន់បម្រើ គេតែងតែបំពេញតួនាទីបានល្អខ្លាំង ស្របពេលជំនាញបញ្ជូនបាល់របស់គេទៅកាន់ប្រអប់គ្រោះថ្នាក់គូប្រកួត នៅតែមានប្រសិទ្ធិភាព និងជួយបង្កើតឱកាសជាច្រើនដល់ក្រុមដដែល មិនខុសកាលគេលេងនៅ Man City។ De Bruyne រកបានគ្រាប់ទី២ ដោយការទាត់បាល់ពិន័យ Free Kick ដ៏ល្អបញ្ជូលទី និងគ្រាប់ជ័យជម្នះ។

រដូវកាលមុន ការរួមចំណែកសំខាន់ពីសំណាក់ ​Scott McTominay ជួយឱ្យ Napoli គ្រង់ជើងឯក Serie A ខ្សែបម្រើសញ្ជាតិស្កុតឡែន ក្លាយជាកីឡាករមានតម្លៃបំផុតពេលនោះ ចូលរដូវកាលថ្មីក៏មិនធ្លាក់ទម្រង់លេង កីឡាករវ័យ ២៨ឆ្នាំ អាចតែតបាល់បញ្ចូលទី ១គ្រាប់ នាំមុខ នៅនាទី ១៧។

​ក្រោយចប់ការប្រកួត ​កីឡាករសញ្ជាតិស្កុតឡែន បាននិយាយថា ក្រុមបានដាក់គោលដៅយក ៣ពិន្ទុ ឱ្យខានតែបានពីទីលានមានស្ថានភាពពិបាកក្នុងការប្រកួត ហើយជាទឹកដីក្រុម Sassualo ។ អតីតកីឡាករក្រុម Man Utd ក៏បានសរសើរដល់សមត្ថភាពរបស់ De Bruyne ថានៅខ្លាំងដដែល ទោះគេទើបតែចូលរួមក្រុមរដូវកាលដំបូងក៏ដោយក្តី៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top