ក្លិប SSC Napoli ក្រុមការពារតំណែងឯក បង្ហាញទម្រង់លេងដ៏ល្អ ថ្ងៃបើកឆាករដូវកាលថ្មីប្រចាំលីគកំពូលអ៊ីតាលី Serie A ជាមួយនឹងលទ្ធផលឈ្នះការប្រកួត ២-០ ទល់នឹងក្រុម Sassuolo។ ខ្សែបម្រើជើងចាស់ពីក្របខណ្ឌ Premier League រួមមាន Scott McTominay និង Kevin De Bruyne រួមគ្នារកបានម្នាក់ ១គ្រាប់ ជួយឱ្យ Napoli យកបានជ័យជម្នះ។
ក្រុមការពារជើងឯក ពោរពេញខ្សែបម្រើកម្រិតពិភពលោកមកពីអង់គ្លេស ហាក់ពុំសូវបារម្ភលើការខ្វះខាតកីឡាករបង្កើតឱកាស ឬការបញ្ជូនបាល់ទៅតំបន់ប្រយុទ្ធល្អៗនោះឡើយ ស្របពេលខ្សែបម្រើរឹងមាំ ២រូប កំពុងជួយធ្វើព្យុះភ្លៀងនៅក្នុងក្រុម ធ្វើគូប្រជែងដទៃពិបាកក្នុងការលេងតទល់។
ទោះខ្សែប្រយុទ្ធ Romelu Lukaku ជួបបញ្ហារបួស អវត្តមាន តែអតីតកីឡាករក្លិប Manchester United និង Man City មិនធ្វើឱ្យក្រុមរងបរាជ័យឡើយ។
វត្តមានរបស់ De Bruyne ជាកីឡាករពូកែគ្រប់គ្រងតំបន់បម្រើ គេតែងតែបំពេញតួនាទីបានល្អខ្លាំង ស្របពេលជំនាញបញ្ជូនបាល់របស់គេទៅកាន់ប្រអប់គ្រោះថ្នាក់គូប្រកួត នៅតែមានប្រសិទ្ធិភាព និងជួយបង្កើតឱកាសជាច្រើនដល់ក្រុមដដែល មិនខុសកាលគេលេងនៅ Man City។ De Bruyne រកបានគ្រាប់ទី២ ដោយការទាត់បាល់ពិន័យ Free Kick ដ៏ល្អបញ្ជូលទី និងគ្រាប់ជ័យជម្នះ។
រដូវកាលមុន ការរួមចំណែកសំខាន់ពីសំណាក់ Scott McTominay ជួយឱ្យ Napoli គ្រង់ជើងឯក Serie A ខ្សែបម្រើសញ្ជាតិស្កុតឡែន ក្លាយជាកីឡាករមានតម្លៃបំផុតពេលនោះ ចូលរដូវកាលថ្មីក៏មិនធ្លាក់ទម្រង់លេង កីឡាករវ័យ ២៨ឆ្នាំ អាចតែតបាល់បញ្ចូលទី ១គ្រាប់ នាំមុខ នៅនាទី ១៧។
ក្រោយចប់ការប្រកួត កីឡាករសញ្ជាតិស្កុតឡែន បាននិយាយថា ក្រុមបានដាក់គោលដៅយក ៣ពិន្ទុ ឱ្យខានតែបានពីទីលានមានស្ថានភាពពិបាកក្នុងការប្រកួត ហើយជាទឹកដីក្រុម Sassualo ។ អតីតកីឡាករក្រុម Man Utd ក៏បានសរសើរដល់សមត្ថភាពរបស់ De Bruyne ថានៅខ្លាំងដដែល ទោះគេទើបតែចូលរួមក្រុមរដូវកាលដំបូងក៏ដោយក្តី៕
ប្រភព៖ THMEYTHMEY