អតីតអ្នកប្រដាល់គុនខ្មែរ និងជាកីឡាករល្បុក្កតោ ចាន់ ឬទ្ធីស័ក្តិ ថាខ្លួនឈឺចាប់ខ្លាំងណាស់នៅពេលឃើញការឈ្លានពានរបស់សៀមមកលើកម្ពុជាកន្លងទៅនេះរហូតជំរុញឲ្យខ្លួនមិនអាចនៅស្ងៀមបានឡើយ។
កីឡាករ ចាន់ ឬទ្ធីស័ក្តិ ឬហៅថា Derek បានឲ្យដឹងថា ទឹកដីកម្ពុជាជាទឹកដីដែលខ្លួនស្រឡាញ់ និងបានរស់នៅរយៈពេលប្រមាណ ១៥ឆ្នាំមកហើយរហូតបានចូលសញ្ជាតិជាខ្មែរនាពេលបច្ចុប្បន្ននេះ។
បន្ទាប់ពីឃើញការឈ្លានពានរបស់សៀមមកលើកម្ពុជាកន្លងទៅនេះរូបគេពិតជាមានការឈឺចាប់ជាខ្លាំង និងបានចុះផ្ទាល់តាមបណ្ដាព្រំដែនមានជម្លោះភ្លាមៗ។ រូបគេមិនអាចនៅស្ងៀមបានទេគឺត្រូវចេះចុះទៅជួយតាមដែលអាចធ្វើទៅបានដូចជាចុះទៅឧបត្ថម្ភដល់ជនភៀសសឹកដែលមានការលំបាកនានា ចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់អ្នកជួបបញ្ហាផ្ទាល់ទាំងនោះ។
ក្រៅពីសកម្មភាពខាងលើនេះ Derek បានចូលរួមសម្ដែងក្បាច់គុនល្បុក្កតោ និងកៀរគររកជំនួយពីបណ្ដាសប្បុរសជនដើម្បីបានថវិកាមួយចំនួនយកទៅទិញសម្ភារប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគផ្សេងៗ។
បញ្ជាក់ដែរថា កីឡាករ ចាន់ ឬទ្ធីស័ក្តិ បានចុះទៅតំបន់ជនភៀសខ្លួនតាមបណ្ដោយព្រំដែនដើម្បីយកជំនួនទៅជួយជនភៀសសឹកបានជាច្រើនដងមកហើយ និងមានគម្រោងទៅសារថ្មីទៀតក្នុងសប្ដាហ៍នេះ។ កាលពីចុងសប្ដាហ៍កន្លងទៅនេះរូបគេជាមួយក្រុមល្បុក្កតោប្រមាណ ២៥នាក់បានទៅសម្ដែងក្បាច់គុននៅមហាវិថីថ្មើរជើងដើម្បីស្វែងរកថវិកាជួយដល់ជនភៀសសឹកជាថ្មីទៀត៕
ប្រភព៖ KAMPUCHEATHMEY



