Neymar នៅតែគ្មានឈ្មោះក្នុងក្រុមប្រេស៊ីល ត្រៀមជម្រុះ World Cup 2026

តារាបាល់ទាត់ Neymar Jr នៅតែគ្មានឈ្មោះក្នុងជម្រើសជាតិប្រេស៊ីល សម្រាប់ការប្រកួត ២លើកចុងក្រោយ ក្នុងវគ្គជម្រុះ FIFA World Cup 2026 ទ្វីបអាម៉េរិកខាងត្បូង (CONMEBOL) ទល់ជម្រើសជាតិស៊ីលី និងបូលីវី សប្តាហ៍ក្រោយ។ មកទល់ពេលនេះមានរយៈពេលជិត ២ឆ្នាំហើយ  ដែលខ្សែបម្រើវ័យ ៣៣ឆ្នាំ បាត់ឈ្មោះពីជម្រើសជាតិ ខណៈសមាជិកក្រុម Santos FC ចិញ្ចឹមចិត្តវិលជួយក្រុមតំណាងជាតិឡើងវិញ។

លោកគ្រូបង្វឹក Carlo Ancelotti មិនបញ្ចូលឈ្មោះ Neymar ក្នុងបញ្ជីជម្រើសកីឡាករ ២៣នាក់ របស់ប្រេស៊ីល ដែលប្រកាសនៅថ្ងៃទី២៥ សីហា ត្រៀមលក្ខណៈប្រកួតវគ្គជម្រុះ World Cup ឆ្នាំ ២០២៦ ឡើយ។ 

កាលពីសប្តាហ៍មុន សមាជិកថ្មីក្រុម Santos FC បន្តជួបបញ្ហារបួសសាច់ដុំ​ ដែលនេះជាហេតុផល ដែលទំនងធ្វើឱ្យគ្រូបង្វឹកសញ្ជាតិអ៊ីតាលី មិនកោះហៅគេទៅរួមក្រុម។ ក្រុមជម្រើសជាតិប្រេស៊ីល ជាក្រុមមួយកក់កៅអីរួចសម្រេច សម្រាប់ការប្រកួត World Cup ឆ្នាំ ២០២៦ ដែលគ្រោងធ្វើឡើងនៅអាម៉េរិក កាណាដា និងម៉ិកស៊ិក។

​Neymar Jr អតីតកីឡាករក្រុម Barcelona និង Paris Saint Germain បាត់ខ្លួនពីក្រុមប្រេស៊ីល ចាប់តាំងពីតុលា​​ ឆ្នាំ ២០២៣ មក នៅពេលខ្សែប្រយុទ្ធរូបនេះ ជួបបញ្ហារបួសដាច់សរសៃពួរជង្គង់ធ្ងន់ធ្ងរ ដែលត្រូវការសម្រាកព្យាបាលរយៈពេលយូរ។ ពេលផ្លាស់ទៅ Al Hilal របស់អារ៉ាប៊ីសាអូឌីត Neymar នៅតែជួបបញ្ហារបួសសរសៃពួរជង្គង់ជាថ្មីម្តងទៀត។

លោក Ancelotti លើកឡើងទាក់ទងនឹងខ្សែប្រយុទ្ធ វ័យ ៣៣ឆ្នាំ ដូច្នេះថា៖«​Neymar ជួបបញ្ហរបួសជាថ្មីកាលពីសប្តាហ៍មុន។ នេះជាការប្រកួត ​២លើកចុងក្រោយក្នុងវគ្គជម្រុះ ដូច្នេះយើងចង់បានកីឡាករស្ថិតក្នុងស្ថានភាពល្អប្រសើរពេញលេញ ទើបយើងអាចលេងបានក្នុងកម្រិតមួយដែលខ្ពស់។»។

លោក Ancelotti អះអាងទៀតថា លោកចង់ឱ្យ Neymar ជាសះស្បើញពីបញ្ហារបួស និងការអភិវឌ្ឍរូបរាងកាយគេល្អប្រសើរឡើងវិញ ដើម្បីអនុញ្ញាតដល់គេវិលចូលជម្រើសជាតិ។ អតីតគ្រូក្រុម ​Real Madrid ចាត់ទុកថា កីឡាករវ័យ ៣៣ឆ្នាំ មានការតាំងចិត្តខ្ពស់ក្នុងការជួយដល់ជ្រើសជាតិប្រេស៊ីល។

ចាបតាំងពីវិលមកលេងនៅក្លិប Santos FC ក្រោយផ្តាច់កិច្ចសន្យាជាមួយ Al Hilal ខ្សែប្រយុទ្ធ Neymar រកបានគ្រាប់បាល់ ៦គ្រាប់ ពីការប្រកួតចំនួន ១៩លើក។ 

ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិប្រេស៊ីល សម្រាប់ពីរប្រកួតនៅវគ្គជម្រុះបាល់ទាត់ពិភពលោក តំបន់អាម៉េរិកឡាទីន៖

អ្នកចាំទី៖ Alisson (Liverpool), Bento (Al-Nassr), Hugo Souza (Corinthians)។

ខ្សែការពារ៖ Alexsandro Ribeiro (Lille), Alex Sandro (Flamengo), Caio Henrique (Monaco), Douglas Santos (Zenit), Fabricio Bruno (Cruzeiro), Gabriel Magalhaes (Arsenal), Marquinhos (PSG), Vanderson (Monaco), Wesley (Roma)។

ខ្សែបម្រើ៖  Andrey Santos (Chelsea), Bruno Guimaraes (Newcastle), Casemiro (Manchester United), Joelinton (Newcastle), Lucas Paqueta (West Ham)។

ខ្សែប្រយុទ្ធ៖ Estevao (Chelsea), Gabriel Martinelli (Arsenal), Joao Pedro (Chelsea), Kaio Jorge (Cruzeiro), Luiz Henrique (Zenit), Matheus Cunha (Manchester United), Raphinha (Barcelona), Richarlison (Tottenham)៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top