ក្លិបអធិរាជស Real Madrid កំពុងបង្ហាញការចាប់អារម្មណ៍ចង់ចុះកិច្ចសន្យាលើខ្សែបម្រើវ័យក្មេង Kobbie Mainoo ពី Manchester United នៅរដូវក្តៅនេះ។
ក្លិបយក្ស អេស្ប៉ាញ កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើស្ថានភាពរបស់ខ្សែបម្រើសញ្ជាតិ អង់គ្លេស វ័យ ២០ ឆ្នាំ បន្ទាប់ពីរូបគេត្រូវបាន Man United ក្រោមការដឹកនាំដោយអ្នកចាត់ការលោក Ruben Amorim ដាក់ឱ្យអង្គុយនៅកៅអីបម្រុង ២ ប្រកួតជាប់គ្នា។
យោងតាមការចុះផ្សាយ Daily Mail បានឱ្យដឹងថា Mainoo គឺកំពុងពិចារណាចង់ចាកចេញពី Man United នៅរដូវក្តៅនេះ ដោយសាររូបគេចង់មានតួនាទីលេងទៀងទាត់។ គាត់កំពុងតែពិចារណាលើជម្រើសមួយចំនួន ខណៈក្នុងពេលជាមួយគ្នានេះ Real Madrid ក៏កំពុងបង្ហាញចាប់អារម្មណ៍លើគាត់ផងដែរ។
គួរឱ្យដឹងថា លោក Xabi Alonso ចង់បានខ្សែបម្រើម្នាក់នៅរដូវក្តៅនេះ ប្រសិនបើកីឡាករ Dani Ceballos ចាកចេញ។ ទន្ទឹមនឹងនេះ អ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានអះអាងថា Ceballos បច្ចុប្បន្នកំពុងតែមានទំនាក់ទំនងផ្ទេរយ៉ាងជិតស្និទ្ធជាមួយក្លិប Marseille នៃលីគកំពូល បារាំង៕
ប្រភព៖ KAMPUCHEATHMEY