វិសាខា ឈរលើ​កំពូល​តារាង ឡើង​វគ្គ ៤ ក្រុម​ ក្រោយ​ឈ្នះ​ក្រុមប៉ូលិសឡាវ ៣-០

ក្រុម​បាល់ទះ​ វិសាខា តំណាង​ឲ្យ​ក្រសួង​មហា​ផ្ទៃ នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម​បាល់ទះ​ប៉ូលិស​ឡាវ (Lao Ministry of Public Security) ដោយ​លទ្ធផល ៣-០ សម្រាប់​ការ​ប្រកួត​កីឡា​បាល់ទះ​​ពាន​ប៉ូលិស​អន្តរជាតិ នៅ​ប្រទេស​វៀតណាម។

សម្រាប់​ការ​ប្រកួត​នេះ ក្រុមវិសាខា មិន​ពិបាក​យក​ឈ្នះ​លើ​ក្រុម​ឡាវ​ឡើយ ដោយ​​បាន​យក​ឈ្នះ​ក្នុង​លទ្ធផល ៣-០។ សិត​ទី១ វិសាខា បាន​យក​ឈ្នះ​ដោយ​ពិន្ទុ​ដាច់​ឆ្ងាយ ២៥-១២ ប៉ុន្តែ​នៅ​សិត​ទី​២ រាង​ពិបាក​បន្តិច​ដោយ​បាន​ឈ្នះ​ក្នុង​លទ្ធផល ២៥-២២ និងសិត​ទី​៣ ​​គ្រូ​ដាក់​កីឡាករ​កម្រិត B សុទ្ធ​ឲ្យ​លេង​ដោយ​បាន​យក​​ឈ្នះ​ដោយ​ពិន្ទុ ២៥- ២០។

នេះ​ជា​ជ័យជម្នះ​លើក​ទី​២ បន្ទាប់​ពីបាន​ឈ្នះ​ការ​ប្រកួត​លើក​ទី​១​លើ​ក្រុម​របស់​ម្ចាស់​ផ្ទះ​វៀតណាម The Cong-Tan Cang ដោយ​លទ្ធផល ៣-១ កាល​ពី​ម្សិល​មិញ ទី២៦ ខែ​សីហា ឆ្នាំ ២០២៥។ ដូច្នេះ វិសាខា ឈ្នះ​ទាំង​ពីរ​ប្រកួត រក​បាន​៦​ពិន្ទុ ឈរ​លើ​កំពូល​តារាង​ពូល A និង​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ក្រុម​វិសាខា គ្មាន​ការ​ប្រកួត​ទេ ប៉ុន្តែ​ក្រុម​ផ្សេង​ត្រូវ​ប្រកួត​បញ្ចប់​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល​ A និង B។ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ទើប​ វិសាខា មាន​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ៕

ប្រភព៖ KAMPUCHEATHEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top