ក្រុមកីឡាការិនីភ្នំពេញក្រោន ត្រូវទទួលក្រុម Kitchee SC របស់ហុងកុង ក្នុងពូល E នៃពានរង្វាន់ 2025–26 AFC Women’s Champions League នៅថ្ងៃទី២៨ សីហា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៧ យប់។ លោក Carreiro Paulo Robspierry គ្រូបង្វឹក Kitchee SC បានយកការប្រកួតរបស់ភ្នំពេញក្រោន ជាមួយ East Bengal ជាការស្វែងយល់ពីគូប្រជែងទាំងពីរឲ្យកាន់តែច្បាស់។ ដោយឡែក កញ្ញា ម៉ៅ សាវីន គ្រូបង្វឹកភ្នំពេញក្រោន អះអាងថាកូនក្រុមខ្លួននឹងប្រឹងប្រែងបន្ថែមទៀត ក្រោយបរាជ័យនៅជំនួបបើកឆាក។
លោក Carreiro Robspierry គ្រូបង្វឹក Kitchee SC លើកឡើងថាការប្រកួតរវាងភ្នំពេញក្រោន និង East Bengal ក្នុងជំនួបដំបូង នៃពូល E មានសារៈសំខាន់ណាស់សម្រាប់ក្រុមរបស់លោក ដើម្បីត្រៀមខ្លួន ព្រោះបានស្វែងយល់ពីទម្រង់ បច្ចេកទេស និងកម្រិតនៃការលេងរបស់គូប្រជែងទាំងពីរ។ លោក Carreiro Robspierry បញ្ជាក់ថារូបលោក មិនមានទិន្ន័យនៃការប្រកួតច្រើនពីភ្នំពេញក្រោនឡើយ ដែលជាហេតុធ្វើឲ្យខ្លួន ពិបាកក្នុងការត្រៀមខ្លួនប្រកួតជាមួយក្រុមកម្ពុជាមួយនេះ។ អ្វី ដែលគ្រូ Kitchee បានស្វែងយល់ពីភ្នំពេញក្រោន គឺវីដេអូប្រកួត នាអំឡុងឆ្នាំ២០២៤។ លោក Robspierry មិនអាចជឿជាក់ទាំងស្រុងលើទិន្ន័យចាស់ឡើយ ព្រោះតែការវិវឌ្ឍនៃទម្រង់លេងរបស់គូប្រកួត មិននៅត្រឹងមួយកន្លែង។
«យើង មិនបានលេងនៅប្រកួតដំបូង។ ដូច្នេះ យើងមានឱកាសដឹងពីកម្រិតគូប្រកួត ព្រោះថាជារឿងពិបាកមួយ សម្រាប់យើងក្នុងការទទួលបានព័ត៌មានពីគូប្រកួតទាំង២។ ដូច្នេះ យើងមានឱកាសទស្សនាការប្រកួតរបស់ពួកគេសិន ហើយយើងមានពេល ២ ៣ថ្ងៃទៀត ដើម្បីរៀបចំខ្លួនសម្រាប់បច្ចេកទេសយ៉ាងល្អបំផុត សម្រាប់ការប្រកួតរបស់យើង។ វាមានសារៈសំខាន់ ដែលខ្ញុំអាចមើលឃើញការប្រកួតរបស់ពួកគេ ហើយមើលថាតើពួកគេមានអ្វីខ្លះ ហើយមើលពីទម្រង់របស់ពួកគេ។»។ នេះ បើតាមការប្រាប់របស់គ្រូបង្វឹករូបនេះ ក្នុងសន្និសីទមុនប្រកួត។
កញ្ញា Danielle Anna Maria កីឡាការិនីក្រុម Kitchee ក៏បានលើកឡើងដូចទៅនឹងអ្វី ដែលគ្រូបង្វឹកខ្លួនបាននិយាយ ផងដែរ។
កីឡាការិនីរូបនេះ បាននិយាយថា៖«ខ្ញុំមានអារម្មណ៍ថាខ្ញុំសំណាងល្អ ដែលបានទស្សនាការប្រកួតរបស់ពួកគេហើយស្វែងយល់ពីគូប្រកួតបន្ថែម។ យើងជឿជាក់លើគ្រូបង្វឹក សម្រាប់ការសម្រេចចិត្ត។ យើង ត្រៀមរួចជាសម្រេចការប្រកួត។»។
ដោយឡែក កញ្ញា ម៉ៅ សាវីន ខកចិត្ត ដែលក្រុមភ្នំពេញក្រោន មិនអាចឈ្នះក្រុម East Bengal ព្រោះតែកូនក្រុមមានឱកាសជាច្រើនលើកក្នុងការរកគ្រាប់បាល់ ប៉ុន្ដែបែជាមិនចំគោលដៅ និងមិនមានសំណាង។
គ្រូបង្វឹករូបនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មានក្រោយបរាជ័យជាមួយ East Bengal ថានឹងជំរុញឲ្យកីឡាការិនីភ្នំពេញក្រោនប្រឹងអស់ពីសមត្ថភាព សម្រាប់ជំនួបទី២។ ដោយឡែកចំពោះលទ្ធផលបែបណា កញ្ញា ម៉ៅ សាវីន មិនបានបានផ្ដោតឡើយ ប៉ុន្ដែគ្រូបង្វឹករូបនេះ ផ្ដោតលើការប្រឹងលេងឲ្យបានល្អរបស់កូនក្រុម ដោយមានស្មារតីក្រុម និងឆន្ទៈប្រកួតប្រជែង៕
ប្រភព៖ THMEYTHMEY



