អាជ្ញាធរខេត្តព្រះវិហារ បានរៀបចំកម្មវិធីប្រកួតកីឡាបាល់ទះ បុរស នារី ក្រោមប្រធានបទ «លេងកីឡាដើម្បីសន្តិភាព» ដែលមានគោលបំណងដើម្បីលើកកម្ពស់សុខភាព និងបង្កើតទំនាក់ទំនងល្អក្នុងចំណោមជនភៀសខ្លួន។ កម្មវិធីនេះបានប្រារព្ធធ្វើឡើងសម្រាប់ជនភៀសខ្លួន និងក្រុមការងារដែលកំពុងស្នាក់នៅ និងបំពេញការងារក្នុងមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម ស្ថិតនៅភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
អាជ្ញាធរខេត្តព្រះវិហារបានឲ្យដឹងថា ការប្រកួតនេះធ្វើឡើងក្នុងបរិវេណមណ្ឌលសុវត្ថិភាព ដែលមានក្រុមចូលរួមសរុបចំនួន ១៤ក្រុម ក្នុងនោះមានបាល់ទះបុរស ១០ក្រុម និងបាល់ទះនារី ៤ក្រុម និងចែកជា ២ដំណាក់កាល ដំណាក់កាលទី ១ (វគ្គជម្រុះ): ធ្វើនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ ដើម្បីស្វែងរកក្រុមបុរស ដែលឈ្នះចំនួន៤ក្រុម និងនារីចំនួន ៤ក្រុម ដែលមានសមត្ថភាពអាចបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ដំណាក់កាលទី ២ (វគ្គផ្តាច់ព្រ័ត្រ): ធ្វើឡើងនៅថ្ងៃទី០១ ខែកញ្ញាឆ្នាំ២០២៥ ដោយមានការចូលរួមទាំងបាល់ទះបុរស និងបាល់ទះនារី ដែលបានជាប់នៅក្នុងវគ្គជម្រុះ។ វគ្គនេះធ្វើឡើងដើម្បីប្រកួតយក ជ័យលាភីលេខ១ ដល់លេខ៣ (ទាំងបាល់ទះបុរស និងបាលទះនារី សរុប ៦ក្រុម)។ បន្ទាប់ពីមានការលេងកីឡាដើម្បីសន្តិភាព អាជ្ញាធរក៏បានបង្កើតកម្មវិធីសិល្បៈកម្សាន្ត ដែលសម្តែងពីការចង់បានសន្តិភាពរបស់ជនភៀសសឹកនៅខេត្តព្រះវិហារផងដែរ៕
ប្រភព៖ KAMPUCHEATHMEY
ប្រភព៖ KAMPUCHEATHMEY