យ៉ុន យ៉ើន យល់​ឃើញ កម្រិត​លីគនារី​​សិង្ហបុរី ប្រហាក់ប្រហែល​​លីគ​នារីកម្ពុជា

កីឡាការិនី​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា យ៉ុន យ៉ើន បាន​​ទៅ​លេង​​បាល់ទាត់​នៅ​​ក្រុម Still Aerion Women’s ក្នុង​លីគ​បាល់ទាត់​ប្រទេស​សិង្ហបុរី។

កីឡាការិនី យ៉ុន យ៉ើន បាន​ប្រាប់​ថា ៖«​ប៉ុន្មាន​ប្រកួត​កន្លង​ទៅ​នេះ ប៉ះ​ក្រុម​មធ្យម​ៗ ដូច្នេះ​ខ្ញុំ​អាច​រក​បាន​គ្រាប់​បាល់ តែ​មិន​ទាន់​ប៉ះ​ក្រុម​ខ្លាំង​ៗ​ទេ។ ការ​ប្រកួត​ប្រជែង​នៅ​សិង្ហបុរី​មិន​សូវ​លើស​កម្ពុជា​ទេ គឺ​ប្រហាក់​ប្រហែល​គ្នា មិន​ដូច​កាល​ខ្ញុំ​ទៅ​លេង​នៅ​លីគ​ថៃ​ដែល​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង»។

«សម្រាប់​មិត្ត​រួម​ក្រុម​វិញ ពួក​គាត់​ស្រឡាញ់​ចូល​ចិត្ត​រាប់​អាន​គ្នា​បាន​ល្អ។ ខ្ញុំ​ស្នាក់​នៅ​បន្ទប់​ជា​មួយ​កីឡាការិនី​ជា​ជន​ជាតិ​ថៃ ហើយ​យើង​មាន​ការ​ទំនាក់​ទំនង​គ្នា​ល្អ អត់​មាន​បញ្ហា​អ្វី​ទេ»។​ កីឡាការិនី​កម្ពុជា​បាន​បញ្ជាក់។

យ៉ុន យ៉ើន ត្រូវ​លេង​​ឲ្យ​ក្លិប Still Aerion Women’s រយៈ​ពេល​២​ខែ​​តាម​រយៈ​កិច្ច​​សហការ​គ្នា​រវាង​ក្លិប​ណាហ្គាវើលដ៍ និង​ក្លិប​របស់​​នៅ​សិង្ហបុរី។ នេះ​ជា​ប្រទេស​ទី​៣ ដែល​កីឡាការិនី​កម្ពុជា​រូប​នេះ​បាន​លេង​ បន្ទាប់​ពី​ចូល​រួម​ជា​មួយក្រុម Young Elephants របស់​ប្រទេស​ឡាវ និង​ក្រុម Bangkok W.F.C. របស់​ប្រទេស​ថៃ។

សូមបញ្ជាក់​ថា យ៉ុន យ៉ើន ជា​កីឡាការិនី​កម្ពុជា​ដំបូង​គេ​តែ​ម្នាក់​គត់​ដែល​បាន​លេង​នៅ​ក្រៅ​ប្រទេស​​៣​ផ្សេង​គ្នា និង​ពាន​រង្វាន់​នារី​កំពូល​អាស៊ី AFC Women’s Champions League កាល​ពី​ឆ្នាំ ២០២៤ ដោយ​រក​បាន​គ្រាប់​បាល់​ឲ្យ​ក្លិប Young Elephants៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top