នារីដ៏ស្រស់ស្អាត Kim Roberts ដែលមកពីប្រទេសអាហ្វ្រិកខាងត្បូងមានមោទនភាពចំពោះប្រទេសកម្ពុជា ដែលប្រជាជនរួបរួម និងចេះជួយទុក្ខលំបាកគ្នាយ៉ាងសកម្ម។
កញ្ញា Kim Roberts ជាមួយអ្នកម្តាយដែលបានចូលរួមក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១០ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៥ នៅខេត្តសៀមរាប បានប្រាប់ថា កញ្ញា និងក្រុមគ្រួសារបានរស់នៅប្រទេសកម្ពុជារយៈពេលជិត ១០ ឆ្នាំ។ កាលពីមុន លោកយាយ លោកតារបស់កញ្ញាក៏រស់នៅកម្ពុជាដែរគឺរយៈពេល ១២ ឆ្នាំ។
នារីអាហ្វ្រិកខាងត្បូងបានប្រាប់ថា កញ្ញាពិតជាសប្បាយរីករាយ និងមានមោទនភាពចំពោះប្រទេសកម្ពុជា ហើយសង្ឃឹមថា ព្រឹត្តិការណ៍រត់ដើម្បីសន្តិភាពនេះនឹងជំរុញឲ្យអ្នករាល់គ្នាឲ្យមានសន្តិភាពសម្រាប់កម្ពុជា។
កញ្ញាលើកនិយាយថា ៖«នេះជាកាលៈទេសៈដ៏លំបាកសម្រាប់កម្ពុជា និងប្រជាជន ជាពិសេសអ្នករស់នៅតំបន់ព្រំដែន ប៉ុន្តែខ្ញុំដឹងថា វាពិតជាស្រស់ស្អាតណាស់ដែលបានឃើញប្រជាជនកម្ពុជាចេះរួបរួមគ្នា ចេះជួយគ្នា យកគ្រឿងឧបភោគ បរិភោគជួយកម្លាំងទ័ពជួរមុខ និងជួយប្រជាពលរដ្ឋដែលបាត់បង់ផ្ទះសម្បែង។ ដូច្នេះខ្ញុំពិតជារីករាយអំពីរឿងទាំងនេះដែលបានធ្វើឲ្យខ្ញុំមានមោទនភាព»។
អតីតគ្រូបង្រៀនភាសាអង់គ្លេសរូបនេះបានលើកឡើងថា ៖«សម្រាប់កម្ពុជា យើងត្រូវចាំថា បើយើងត្រូវការសន្តិភាព ដូច្នេះយើងត្រូវបង្ហាញសារពីសន្តិភាព មិនថាជាជនថៃ ចិន ឬពួកគាត់មកពីណាទេ យើងត្រូវតែបង្ហាញថា យើងត្រូវការសន្តិភាព។ ចូរចងចាំថា បើយើងត្រូវការសន្តិភាព យើងមិនត្រូវរើសអើងចំពោះបុគ្គលណាម្នាក់។ ខ្ញុំគិតថា ដរាបណាប្រជាជនកម្ពុជាតស៊ូ រួបរួមគ្នា កម្ពុជានឹងគ្មានបញ្ហាអ្វីទេ»។
កាលពីមុន កញ្ញា Kim ជាគ្រូបង្រៀនភាសាអង់គ្លេស ប៉ុន្តែក្រោយមកកញ្ញាធ្វើការងារឯករាជ្យជាអ្នកព្យាបាល (Therapist)។ បច្ចុប្បន្ន កញ្ញារស់នៅជាមួយឪពុកម្តាយ និងក្មួយៗ។ ការរស់នៅប្រទេសកម្ពុជាជាច្រើនឆ្នាំបានផ្តល់ឲ្យកញ្ញាស្គាល់ទីនេះយ៉ាងច្បាស់ ហើយកញ្ញាពិតជាចូលចិត្តប្រជាជនកម្ពុជា។
កញ្ញាបានបញ្ជាក់ថា ប្រជាជនកម្ពុជាសុភាពរៀបសា សន្តិភាព រួសរាយរាក់ទាក់ ហើយកម្រិតឧក្រិដ្ឋកម្មទាបខ្លាំង។ កម្ពុជាជាប្រទេសដ៏ស្រស់ស្អាត និងមានសុវត្ថិភាព៕
ប្រភព៖ KAMPUCHEATHMEY