ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង Kwame Peprah បានឈ្នះពានកីឡាករល្អបំផុតប្រចាំខែសីហា ដែលជាខែដំបូងនៃលីគបាល់ទាត់កំពូលកម្ពុជា រដូវកាល ២០២៥-២៦។
ការប្រកូតក្នុងខែសីហា មានចំនួន ៣ ប្រកួត ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ណាហ្គាវើលដ៍ ៣-០, ឈ្នះ អង្គរថាយហ្គឺរ ៣-០ និងឈ្នះ បឹងកេត ៣-០ រកបាន ៩ពិន្ទុពេញ ឈរលើកំពូលតារាង ជាមួយគ្រាប់បាល់ស៊ុតចូលដៃគូ ៩ គ្រាប់ និងគ្មានដៃគូណាស៊ុតចូលពួកគេឡើយ។
ក្នុងចំណោមជ័យជម្នះទាំង ៣ លើកខាងលើ ខ្សែប្រយុទ្ធសញ្ជាតិហ្គាណា Kwame Peprah រកបាន ៣ គ្រាប់ គឺ ២ គ្រាប់នៅពេល ព្រះខ័នរាជស្វាយរៀង ឈ្នះ បឹងកេត ៣-០ ក្នុងសប្តាហ៍ទី៣ ថ្ងៃទី២៤ ខែសីហា ជាពេលដែលរូបគេបានក្លាយជាកីឡាករល្អប្រចាំការប្រកួត។ ១គ្រាប់ទៀតនៅពេល ព្រះខ័នរាជស្វាយរផង ឈ្នះ អង្គរថាយហ្គឺរ ដោយលទ្ធផល ៣-០ ក្នុងសប្តាហ៍ទី២ ថ្ងៃទី១៦ ខែសីហា ព្រមទាំងបញ្ជូនបាល់ ១ លើក (Assist) នៅពេលរូបគេបញ្ជូនឲ្យខ្សែប្រយុទ្ធ Patrick ស៊ុតចូល ណាហ្គាវើលដ៍នៅនាទី ១៩។
ខ្សែប្រយុទ្ធ Kwame Peprah ត្រូវបានគ្រូបង្វឹកដាក់ឲ្យលេងគ្រប់ការប្រកួតនៅដើមរដូវកាលនេះ ទាំងការប្រកួតពានបើករដូវកាល ខេមបូឌានស៊ុបភើខាប់ លីគបាល់ទាត់កំពូលកម្ពុជា និងពានអន្តរជាតិ ASEAN Club Championship ហើយរូបគេជាចំណែកដ៏សំខាន់ដែល ព្រះខ័នរាជស្វាយរៀង ឈ្នះដៃគូដោយលទ្ធផល ៣-០ ចំនួន ៤ ប្រកួតជាប់គ្នា។
គួរបញ្ជាក់ជាថ្មីថា Kwame Peprah គឺជាអតីតកីឡាកររបស់ក្លិប Kerala Blasters FC នៃលីគកំពូល ឥណ្ឌា។ រូបគេត្រូវបានព្រះខ័នរាជស្វាយរៀង ចុះកិច្ចសន្យាមកចូលរួមជាមួយក្លិបនៅរដូវកាលនេះ ដើម្បីជំនួសតំណែងខ្សែប្រយុទ្ធ ប្រេស៊ីល Pablo Augusto ដែលបានចាកចេញ។ សម្រាប់ការបង្ហាញខ្លួនឲ្យព្រះខ័នរាជស្វាយរៀង រូបគេតែងតែងរកបានគ្រាប់ ទាំងការប្រកួតមិត្តភាពកម្តៅសាច់ដុំនៅប្រទេសម៉ាឡេស៊ី៕
ប្រភព៖ KAMPUCHEATHMEY