Kwame Peprah ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​សីហា ក្នុង​លីគ​កំពូលកម្ពុជា

ខ្សែ​ប្រយុទ្ធ​របស់​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង Kwame Peprah បាន​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ខែ​សីហា ដែល​ជា​ខែ​ដំបូង​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា រដូវ​កាល ២០២៥-២៦។

ការ​ប្រកូត​ក្នុង​ខែ​សីហា មាន​ចំនួន ៣ ប្រកួត ព្រះខ័ន​រាជ​ស្វាយរៀង បាន​យក​ឈ្នះ ណាហ្គាវើលដ៍ ៣-០, ឈ្នះ អង្គរថាយហ្គឺរ ៣-០ និង​ឈ្នះ បឹងកេត ៣-០ រក​បាន ៩ពិន្ទុ​ពេញ ឈរ​លើ​កំពូលតារាង ជា​មួយ​​គ្រាប់​បាល់​ស៊ុត​ចូល​ដៃ​គូ ៩ គ្រាប់ និង​គ្មាន​ដៃ​គូ​ណា​ស៊ុត​ចូល​ពួក​គេ​ឡើយ។

ក្នុង​ចំណោម​ជ័យជម្នះ​ទាំង​ ៣ លើក​ខាង​លើ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាណា Kwame Peprah រក​បាន​ ៣ គ្រាប់ ​គឺ ២​ គ្រាប់​នៅ​ពេល ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ បឹងកេត ៣-០ ក្នុង​សប្តាហ៍​ទី​៣ ថ្ងៃ​ទី២៤ ខែ​សីហា ជា​ពេល​ដែល​រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ល្អ​ប្រចាំ​ការ​ប្រកួត​។ ១​គ្រាប់​ទៀត​នៅ​ពេល ព្រះ​ខ័ន​រាជ​ស្វាយរផង ឈ្នះ​ អង្គរថាយហ្គឺរ ដោយ​លទ្ធផល ៣-០ ក្នុង​សប្តាហ៍​ទី២ ថ្ងៃ​ទី​១៦ ខែ​សីហា ព្រម​ទាំង​បញ្ជូន​បាល់ ១ លើក (Assist) នៅ​ពេល​រូប​គេ​បញ្ជូន​ឲ្យខ្សែ​ប្រយុទ្ធ Patrick ស៊ុត​ចូល ណាហ្គាវើលដ៍​នៅ​នាទី ១៩។

ខ្សែ​ប្រយុទ្ធ Kwame Peprah ត្រូវ​បាន​គ្រូ​បង្វឹក​ដាក់​ឲ្យ​លេង​គ្រប់​ការ​ប្រកួត​នៅ​ដើម​រដូវ​កាល​នេះ ទាំង​ការ​ប្រកួត​ពាន​បើក​រដូវ​កាល ខេមបូឌាន​ស៊ុបភើ​ខាប់ លីគ​បាល់ទាត់​កំពូល​កម្ពុជា និង​ពាន​អន្តរជាតិ ASEAN Club Championship ហើយ​រូប​គេ​ជា​ចំណែក​ដ៏​សំខាន់​ដែល​ ព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះដៃ​គូ​ដោយ​លទ្ធផល ៣-០ ចំនួន ៤ ប្រកួត​ជាប់​គ្នា។

គួរបញ្ជាក់ជាថ្មីថា Kwame Peprah គឺជាអតីតកីឡាកររបស់ក្លិប Kerala Blasters FC នៃលីគកំពូល ឥណ្ឌា។ រូបគេត្រូវបានព្រះខ័នរាជស្វាយរៀង ចុះកិច្ចសន្យាមកចូលរួមជាមួយក្លិបនៅរដូវកាលនេះ ដើម្បីជំនួសតំណែងខ្សែប្រយុទ្ធ ប្រេស៊ីល Pablo Augusto ដែលបានចាកចេញ។​ សម្រាប់​ការ​បង្ហាញ​ខ្លួន​ឲ្យ​ព្រះ​ខ័ន​រាជ​ស្វាយរៀង រូប​គេ​តែង​តែង​រក​បាន​គ្រាប់ ទាំង​ការ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​នៅ​ប្រទេស​ម៉ាឡេស៊ី៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top