គ្រូបង្គោលរបស់ក្រុមជម្រើសជាតិ កម្ពុជា អាយុក្រោម ២៣ ឆ្នាំ លោក Koji Gyotoku បានបង្ហើបពីកត្តា ២ ដែលនឹងជួយឱ្យ ក្រុមម្ចាស់ផ្ទះកម្ពុជា មានប្រៀបលើក្រុមគូប្រជែងទាំង ៣ ក្នុងពូល G ហើយអាចធ្វើបានល្អសម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ AFC U23 Asian Cup™ Saudi Arabia 2026។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃ អង្គារ៍ ទី២ ខែ កញ្ញា ឆ្នាំ ២០២៥ គ្រូបង្គោលសញ្ជាតិ ជប៉ុន វ័យ ៦០ ឆ្នាំបានមានប្រសាសន៍ ថា៖ «ផលចំណេញរបស់ពួកយើង គឺយើងមិនចាំបាច់ធ្វើដំណើរ។ ចំណែកមួយទៀត គឺពួកយើងបានស៊ាំជាមួយអាកាសធាតុនៅក្នុងស្រុករបស់ពួកយើងស្រាប់។ ផលចំណេញគឺមាន ២ ចំណុចហ្នឹង។ ខ្ញុំសង្ឃឹម ថា កីឡាកររបស់ខ្ញុំ នឹងធ្វើបានល្អគ្រប់ការប្រកួត»។
ជុំវិញការលើកឡើងខាងលើ លោក Koji បានមើលឃើញពីផលចំណេញ ២ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះវគ្គជម្រុះពាន AFC U23 Asian Cup™ Saudi Arabia 2026 ទី ១ គឺមិនបាច់ធ្វើដំណើរ និងទី ២ គឺការស៊ាំជាមួយអាកាសធាតុស្រាប់។ ដូច្នេះកត្តាទាំងនេះ នឹងជួយឱ្យ កម្ពុជា អាចធ្វើបានល្អក្នុងការប្រកួតវគ្គជម្រុះនេះ។
ដោយឡែកខ្សែបម្រើបុង សាំយូអ៊េល វិញ ក៏បានមើលឃើញពីផលផលចំណេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះផងដែរ ហើយគេជឿជាក់ ថា ក្រុមរបស់ខ្លួននឹងធ្វើបានល្អសម្រាប់ការប្រកួតក្នុងវគ្គជម្រុះពាន AFC U23 Asian Cup នេះ។ ខ្សែបម្រើដ៏មានទេពកោសល្យរបស់ ភ្នំពេញក្រោន បាននិយាយថា៖ «ខ្ញុំគិតថា ពួកយើងធ្លាប់លេងនៅទឹកដីរបស់យើងច្រើនដងហើយ។ អ៊ីចឹងខ្ញុំគិតថា ទីលានក៏មានភាពងាយស្រួល។ ដូច្នេះជួបជាមួយក្រុមខ្លាំង ខ្ញុំគិតថា ពួកយើងនឹងធ្វើបានល្អ»។
គួរបញ្ជាក់ថា កម្ពុជា គឺទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះពានរង្វាន់ AFC U23 Asian Cup សម្រាប់ជម្រុះពូល G។ ក្នុងនោះការប្រកួតដំបូង ក្រុម កម្ពុជា អាយុក្រោម ២៣ ឆ្នាំ នឹងត្រូវជួបជាមួយក្រុម អូម៉ង់ នៅថ្ងៃទី ៣ ខែ កញ្ញា។ ប្រកួតទី ២ ត្រូវជួបជាមួយក្រុម ប៉ាគីស្ថាន នៅថ្ងៃទី ៦ ខែ កញ្ញា និងការប្រកួតទី ៣ ត្រូវជួបក្រុម អ៊ីរ៉ាក់ នៅថ្ងៃទី ៩ ខែ កញ្ញា៕
ប្រភព៖ KAMPUCHEATHMEY