ជើងខ្លាំង សុខ ធី​-បឺត​ សង្ឃឹម​ ពិត​ជាមាន​គេ​ផ្គូផ្គង​ឲ្យ​ប៉ះ​គ្នា​មែន​មុន​បញ្ហា​ព្រំដែន

អ្នក​លេង​គុន​ខ្មែរ​ សុខ​ ធី​ និង​ បឺត​ សង្ឃឹម​ ពិត​ជា​មាន​ការ​ផ្គូផ្គងឲ្យ​ប៉ះ​គ្នា​មែន​មុន​ផ្ទុះ​បញ្ហាព្រំដែន ​ខ្មែរ-សៀម​ ខណៈ​មក​ដល់​ឥលូវ​នេះ​មិន​ទាន់​មានការ​ផ្សព្វផ្សាយ​ពី​ដំណឹង​ថ្មី​ពាក់ព័ន្ធ​ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​នៅ​ឡើយ​ទេ។​

ថ្លែង​ក្នុង​កិច្ច​សម្ភាស​មួយ​ បឺត​ សង្ឃឹម​ បាន​បញ្ជាក់​ថា​ ពី​មុន​មាន​ការ​ផ្គូផ្គងឲ្យ​ប៉ះ​កីឡាករ​ សុខ​ ធី​ មែន​ក្នុង​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​។​ ដោយសារ​ខាង​កីឡាករ​ សុខ​ ធី​ មិន​អាច​ចុះ​មក​វាយ​ទម្ងន់​ ៥៧​គីឡូក្រាម​បាន​ ដូច្នេះ​ខ្លួន​ក៏​យល់​ព្រម​ឡើង​ទៅ​វាយ​ទម្ងន់​ ៦០​គីឡូក្រាម​វិញ​ ប្រសិនបើ​បាន​ជួប​ប្រកួត​មែន។​ គម្រោង​នៃ​ការ​ប៉ះ​គ្នា​ពី​មុនមក​​នេះ​គឺគ្រោង​ប្រកួត​អំឡុង​ខែ​តុលា​ ឆ្នាំ​២០២៥​។​

ចំណែក​កីឡាករ​ សុខ​ ធី​ ក៏​បាន​បញ្ជាក់​ដូច​គ្នា​ដែរ​ថា​មាន​ការ​ផ្គូផ្គង​ឲ្យ​ប៉ះ​កីឡាករ​ជើង​ខ្លាំង​ បឺត​ សង្ឃឹម​ មែន​អំឡុង​មុន​ពេល​មាន​បញ្ហាព្រំដែន​ ​ខ្មែរ-សៀម ។​ ការ​ផ្គូផ្គង​ពេល​នោះ​គឺ​ទម្ងន់​ ៦០​គីឡូក្រាម​ និង​វាយ​ហ្គង់​ធំ​ ប៉ុន្មាន​ទឹក​ក៏​បាន។​ សុខ​ ធី​ បញ្ជាក់​ដែរ​ថា​ ខ្លួន​ពិបាក​ធ្វើ​ទម្ងន់​ចុះ​មក​ណាស់​ ដោយ​សារ​ឥលូវ​ធ្ងន់​ខ្លាំង​វាយ​ត្រឹម​ ៦០​គីឡូក្រាម​នេះ​រៀង​ពិបាក​ធ្វើ​ចុះ​មក​ផង​ ដូច្នេះ​បើ​ប៉ះ​ សង្ឃឹម​ សុំ​វាយ​តាម​ទម្ងន់​របស់​ខ្លួន​។​

បញ្ជាក់​ដែរ​ថា​ ការ​ផ្គូផ្គង​​ និង​ព័ត៌មាន​ដែល​ផ្សព្វផ្សាយ​ពីការ​ប៉ះ​គ្នា​រវាង​ សុខ​ ធី​ និង​ បឺត​ សង្ឃឹម​ មុន​ពេល​មាន​បញ្ហា​ព្រំដែន ​ខ្មែរ-សៀម ​នេះ​គឺ​ជា​រឿង​ពិត​មែន។​ អ្នក​លេង​គុន​ខ្មែរ​ទាំង​ពីរ​រូប​នេះ​គឺ​ជា​ជើង​ខ្លាំង​លំដាប់​ប្រទេស​កម្ពុជា​ហើយ​នា​ពេល​បច្ចុប្បន្ន​នេះ​ដោយ​គ្រាន់​តែ​ សុខ​ ធី​ កន្លង​ទៅ​ប្រកួត​ទម្ងន់​ ៦០​គីឡូក្រាម​ និង​ បឺត​ សង្ឃឹម​ ប្រកួត​ក្នុង​ទម្ងន់​ ៥៧​គីឡូក្រាម។​ ដំណឹង​ពី​​ការ​ប្រកួត​រ​​​វាង​អ្នក​ទាំង​ពី​រ​ជា​ថ្មី​ទៀត​នៅ​មិនទាន់​ផ្សព្វផ្សាយ​នោះ​ទេ​ បន្ទាប់​ពី​បញ្ហា​ព្រំដែន​បាន​ធូរស្រាល​ហើយ​ក្ដី៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top