យប់​នេះ កម្ពុជា ប៉ះ អូម៉ង់ ជាក្រុមមានកំណត់ត្រាល្អជាង ក្នុងពាន AFC U23​ Asian Cup

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ ២៣ ឆ្នាំ (U23) ត្រូវ​ប្រកួតក្រុម U23 អូម៉ង់ វេលា​ម៉ោង ៧យប់​ ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ ២០២៥ វគ្គ​ជម្រុះ​​ក្នុង​ពូល G ពាន​រង្វាន់ AFC U23 Asian Cup ឆ្នាំ ២០២៥។

កម្រិត​គុណភាព​នៃ​ក្រុម​ទាំង​ពីរ​មិន​លើសខ្វះ​គ្នាប៉ុន្មាន​ឡើយ បើ​តាម​​ស្ថិតិ និង​ប្រវត្តិ​ក្នុង​ពាន​រង្វាន់​យុវជន​អាស៊ី​មួយ​នេះ។ ទោះ​បី​ជា​យ៉ាង​ណា បើ​គិត​លើ​តារាង​ចំណាត់​ថ្នាក់​កម្ពុជា​ស្ថិត​នៅ​លើ​ អូម៉ង់។

ក្រុម​ U23 កម្ពុជា​ ​​បាន​ចូល​រួម​​ប្រកួត​ជម្រុះ​ក្នុង​ពូល​ពាន​រង្វាន់​នេះ​គ្រប់​សម័យ​កាល គិត​ចាប់​តាំង​ពី​ពាន​រង្វាន់​នេះ​ត្រូវ​បាន​រៀបចំ​ដំបូង​នៅ​ឆ្នាំ ២០១៣ ប៉ុន្តែ​មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល​ឡើយ។ ឆ្នាំ​ ២០២៥​ នេះ​ គឺ​ជា​ការ​ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​លើក​ទី​ ៣ សម្រាប់​កម្ពុជា​ បន្ទាប់​ពី​ធ្លាប់​ធ្វើ​ម្ចាស់​ផ្ទះ​ឆ្នាំ​ ២០១៧ និង ឆ្នាំ​ ២០១៩។

 

ស្ថិតិ​របស់​ កម្ពុជា

  • ឆ្នាំ ២០១៣ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយឈ្នះ ១ ​ប្រកួត ស្មើ​ ១ ​ប្រកួត និង​ចាញ់​ ៣​ ប្រកួត
  • ឆ្នាំ​ ២០១៦ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយ​ឈ្នះ ១ ​ប្រកួត និងចាញ់​ ២​ ប្រកួត
  • ឆ្នាំ​ ២០១៨ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយ​ឈ្នះ​ ១​ ប្រកួត ស្មើ ១ ​ប្រកួត និង​ចាញ់ ១ ​ប្រកួត
  • ឆ្នាំ​ ២០២០ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយ​ស្មើ ១ ​ប្រកួត និង​ចាញ់​ ២ ​ប្រកួត
  • ឆ្នាំ ២០២២ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយ​ឈ្នះ ១​ ប្រកួត និង​ចាញ់​ ១ ​ប្រកួត
  • ឆ្នាំ​ ២០២៤ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយ​ឈ្នះ ១ ​ប្រកួត ស្មើ ១ និង​ចាញ់​ ១ ​ប្រកួត

អូម៉ង់ ដែល​ជា​ដៃ​គូ​របស់ កម្ពុជា មាន​តារាង​ចំណាត់​ថ្នាក់​នៅ​ក្រោម​កម្ពុជា ប៉ុន្តែ​​ពួក​គេ​មាន​កំណត់​ត្រា​ល្អ​ជាង​កម្ពុជា។ អូម៉ង់ បាន​ចូល​រួម​ប្រកួត​ជម្រុះ​ក្នុង​ពូលគ្រប់​សម័យ​កាល​ដែរ ហើយ​ពួក​គេ​​ធ្លាប់​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ក្នុង​ពូល​ ២ លើក​ដើម្បី​ឡើង​ទៅ​ដល់​ជុំ​ចុង​ក្រោយ។ ពួក​គេ​ធ្លាប់​បាន​ឡើង​ជុំ​ចុង​ក្រោយ នៅ​ឆ្នាំ ២០១៣ និង ឆ្នាំ ២០១៨។

ស្ថិតិ​​របស់ អូម៉ង់

 

  • ឆ្នាំ ​២០១៣ បាន​ឡើង​ដល់​ជុំ​ចុងក្រោយ ក្រោយ​ឈ្នះ​ ៣​ ស្មើ ១ និង​ចាញ់​ ១ ​។ នៅ​ជុំ​ចុង​ក្រោយ ពួក​គេ​ធ្លាក់​ក្នុង​ពូល ក្រោយ ឈ្នះ ១ និង​ចាញ់​ ២
  • ឆ្នាំ ២០១៦ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយ​ឈ្នះ​ ២​ និង​ស្មើ​ ២
  • ឆ្នាំ​ ២០១៨ ​បាន​ឡើង​ជុំ​ចុង​ក្រោយ បន្ទាប់​ពី​ឈ្នះ​ទាំង ​២ ​ប្រកួត​។ នៅ​ជុំ​ចុង​ក្រោយ ពួក​គេចាញ់​ទាំង​ ៣ ​ប្រកួត​នៅ​វគ្គក្នុង​សន្សំពិន្ទុ​ក្នុង​ពូល។
  • ឆ្នាំ​ ២០២០ ធ្លាក់​វគ្គជម្រុះ​ក្នុង​ពូល ក្រោយ​ឈ្នះ ១ និង​ស្មើ​ ១​
  • ឆ្នាំ ២០២២ ធ្លាក់​វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយ​ឈ្នះ ១​ និង​ចាញ់​​ ២​
  • ឆ្នាំ​ ២០២៤ ធ្លាក់វគ្គ​ជម្រុះ​ក្នុង​ពូល ក្រោយឈ្នះ ២​ និង​ចាញ់​ ១​

កម្ពុជា មាន​ផល​ល្អ​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ដែល​សាំ​នឹង​អាកាស​ធាតុ​ ខណៈ អូម៉ង់ មាន​ផល​ចំណេញ​ ដោយសារ​ពួក​គេ​មាន​កាយ​សម្បទា​ធំ​ខ្ពស់​ជាង​កម្ពុជា។ ទោះ​បី​ជា​យ៉ាង​ណា សមត្ថភាព និង​បច្ចេកទេស​នា​ពេល​បច្ចុប្បន្ន​របស់​អូម៉ង់​ពិតជា​ពិបាក​ស្មាន​ណាស់៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top