កីឡាករឆ្នើមផ្នែកអត្តពលកម្ម ឧក រហ៊ីត ដណ្ដើមបានមេដាយមាស លើវិញ្ញាសា ២១គីឡូម៉ែត្រ នៃព្រឹត្តិការណ៍ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១០ ធ្វើឡើងនៅឯខេត្តសៀមរាបដែលទើបបញ្ចប់ទៅនេះដោយរូបគេធ្វើបានថិរវេលា ១ម៉ោង និង១៧នាទី។
កីឡាករ ឧក រហ៊ីត បានឲ្យដឹងថា បើទោះជាឈ្នះមេដាយមាសក្នុងការចូលរួមប្រកួតវិញ្ញាសា ២១គីឡូម៉ែត្រលើកនេះគឺធ្វើមិនសូវបានល្អដូចលើកមុនៗនោះឡើយ ពោលដោយសារការត្រៀមខ្លួនមិនបានល្អ។ ការលើកពេលប្រកួតទើបខ្លួនមិនបានហ្វឹកហាត់ត្រៀមឲ្យបានពេញលេញ។ ស្របពេលការត្រៀមខ្លួនលើកដំបូងគឺបានពេញល្អ ប៉ុន្តែត្រូវលើកពេល។
ជើងខ្លាំងមកពីខេត្តសៀមរាបរូបនេះបន្ថែមទៀតថា លើកនេះរូបគេធ្វើបានថិរវេលា ១ម៉ោង ១៧នាទី ប្រៀបធៀបនឹងថិរវេលារបស់ខ្លួនមុនៗគឺចាញ់លើកមុននោះទេ។ លើកមុនធ្វើបានថិរវេលា ១ម៉ោង និង១២នាទី។
បញ្ជាក់ដែរថា ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ លើកទី១០ នេះធ្វើឡើងកាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៥ នៅខេត្តសៀមរាប ក្រោមការចូលរួមពីអ្នករត់ប្រមាណជាង ៤០០០នាក់៕
ប្រភព៖ KAMPUCHEATHMEY