(បរទេស)៖ អតីតកីឡាករប្រដាល់ទម្ងន់ធ្ងន់ Joe Bugner ដែលធ្លាប់ជាម្ចាស់ខ្សែក្រវាត់ប្រចាំទ្វីប ៣សម័យកាលផងនោះ បានអនិច្ចកម្មហើយក្នុងវ័យ ៧៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
Bugner ធ្លាប់ជាគូប្រជែងធំរបស់ជើងខ្លាំង Muhammad Ali ២លើក និងធ្លាប់ប៉ះ Joe Frazier ផងដែរនាអំឡុងឆ្នាំ១៩៧៣ មុនបន្តជួប Ali ម្តងទៀតក្នុងឆ្នាំ១៩៧៥ ដើម្បីដណ្តើមខ្សែក្រវាត់ពិភពលោក WBC។
លើសពីនេះទៀត រូបគេក៏ធ្លាប់ដណ្តើមបានខ្សែក្រវាត់របស់ចក្រភពអង់គ្លេស រួមទាំងក្នុងកម្មវិធី Commonwealth ទៀតផង ក្នុងនាមកីឡាករប្រដាល់សកលមួយរូបដែលស្ថិតក្នុងចំណោម top 10 ទៀតផងនាអំឡុងឆ្នាំ១៩៧០ ជាមួយនឹងកំណត់ត្រាប្រកួតសរុបបាន ៨៣លើក ឈ្នះ ៦៩ដង ចាញ់ ១៣ដង និងស្មើ ១ដង ដោយធ្លាប់ផ្តួលដៃគូសន្លប់បាន ៤១ដង។
សហព័ន្ធប្រដាល់អង់គ្លេសបានចេញសេចក្តីថ្លែងការណ៍ ចំពោះការចូលរួមមរណទុក្ខដ៏ក្រៀមក្រំទៅដល់ក្រុមគ្រួសារនៃសពរបស់លោក Joe Bugner នៅឯគេហដ្ឋានដែលស្ថិតក្នុងទីក្រុង Brisbane ប្រទេសអូស្រ្តាលី។ វាគឺជាថ្ងៃដ៏សោកសៅបំផុតសម្រាប់គ្រួសារប្រដាល់ មិនថានៅអង់គ្លេស និងអឺរ៉ុបទាំងមូល៕
ប្រភព៖ FRESHNEWS