(បរទេស)៖ ម្ចាស់ការពារតំណែងជើងឯក Aryna Sabalenka បានបន្តឆ្លងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធី US Open 2025 តែម្តង ដោយត្រូវប៉ះគូប្រជែងចាស់របស់នាងគឺ Jessica Pegula នៅពេល Marketa Vondrousova បានដកខ្លួន ដោយសារមានបញ្ហារបួសជង្គង់។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះមានន័យថា ជើងខ្លាំងសញ្ជាតិប៊ែលឡារុស Sabalenka ត្រូវប៉ះ Pegula ជាថ្មីម្តងទៀត គិតចាប់តាំងពីបានយកឈ្នះដោយលទ្ធផល ៧-៥ និង ៧-៥ ក្នុងការគ្រងតំណែងជើងឯក US Open លើកដំបូងកាលពី ១២ខែកន្លងទៅ។
តាមកាលវិភាគ Sabalenka កីឡាការិនីលំដាប់លេខ១ ពិភពលោកបច្ចុប្បន្នត្រូវលេងវគ្គ ៨នាក់ចុងក្រោយទល់នឹងគូ ប្រជែងឈរនៅចំណាត់ថ្នាក់ទី៦០ របស់សាធារណរដ្ឋឆេកនារាត្រីអង្គារ ទី០២ ខែកញ្ញា ស្ថិតក្នុងទីក្រុង New York សហរដ្ឋអាមេរិក ដែលត្រូវបានលុបចោលវិញ ដោយសារ Vondrosova មានរបួស។
គូប្រជែងសហរដ្ឋអាមេរិក Pegula ឈរនៅលេខ៤ ពិភពលោក ក៏បានទម្លាក់ Barbora Krejcikova ដោយលទ្ធផល ៦-៣ និង ៦-៣ ដើម្បីឡើងវគ្គ ៤នាក់ចុងក្រោយជាលើកទី២ ជាប់ៗគ្នានៃកម្មវិធីធំស្ថិតក្នុងកម្រិត Grand Slam មួយនេះ៕
ប្រភព៖ FRESHNEWS