(ឡុងដ៍)៖ ខ្សែបម្រើ Ruben Loftus-Cheek ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសឡើងវិញ សម្រាប់ការប្រកួតជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុប ទល់នឹងអង់ដូរ៉ា និងស៊ែប៊ី។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
វាមានរយៈពេល ៧ឆ្នាំ នៅពេលកីឡាករដែលកំពុងប្រកបអាជីពបាល់ទាត់នៅក្លឹប AC Milan ខកខានលេងឱ្យក្រុមតោកំណាច ដែលទើបមានវត្តមាន ១០លើកមកនេះ បន្ទាប់ពីបានលេងប្រកួតចុងក្រោយក្នុងនាមកីឡាករបម្រុង ពេលអង់គ្លេសយកឈ្នះសហរដ្ឋអាមេរិក នាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨។
Cheek វ័យ ២៩ឆ្នាំ ធ្លាប់ជាកូនក្រុមរបស់លោក Thomas Tuchel កាលលោកនៅដឹកនាំក្លឹបអាជីពតោខៀវ Chelsea ស្របពេលមិត្តរួមជាតិ Jarell Quansah ក៏ត្រូវបានជ្រើសរើសចេញពីក្លឹបអាល្លឺម៉ង់ Bayer Leverkusen ដើម្បីជំនួសកន្លែងរបស់ Adam Wharton ដែលទើបមានរបួសពេលលេងឱ្យ Crystal Palace ថ្មីៗនេះ។
អង់គ្លេស ត្រូវធ្វើជាម្ចាស់ផ្ទះដើម្បីទទួលក្រុមភ្ញៀវអង់ដូរ៉ា នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ មុនពេលធ្វើជាភ្ញៀវនៃក្រុមជម្រើសជាតិស៊ែប៊ី នាថ្ងៃអង្គារ ទី០៩ ពីការប្រកួតសន្សំពិន្ទុប្រចាំពូល K ដែលដំណើរការបាន ៤ប្រកួតមកហើយ៕
ប្រភព៖ FRESHNEWS