សហព័ន្ធកីឡាវ៉ូវីណាម ត្រៀមបញ្ជូនអត្តពលិកចម្រុះចូលរួមប្រកួតជើងឯកពិភពលោក នៅកោះបាលី នាដើមខែវិច្ឆិកា

(ភ្នំពេញ)៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ត្រៀមបញ្ជូនអត្តពលិកចម្រុះ ទាំងជម្រើសជាតិកម្រិតឈុតធំ បម្រុង និងកម្រិតថ្នាលយុវជន ដើម្បីចូលរួមការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក លើកទី៨ ឆ្នាំ២០២៥ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នាដើមខែវិច្ឆិកាខាងមុខ។

លោក អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានថ្លែងក្រោយចុះជួបសំណេះសំណាល សួរសុខទុក្ខ និងត្រួតពិនិត្យការហ្វឹកហាត់ក្រុមជម្រើសជាតិ កាលពីល្ងាចថ្ងៃទី១ ខែកញ្ញាកន្លងទៅថា ការត្រៀមចូលរួមប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក ឆ្នាំនេះ ប្លែកពីឆ្នាំមុន ក្រៅពីក្រុមជម្រើសជាតិឈុតធំ ដែលធ្លាប់មានបទពិសោធន៍ប្រកួតអន្ដរជាតិ សហព័ន្ធក៏នឹងផ្ដល់ឱកាសដល់ក្រុមបម្រុងជម្រើសជាតិ និងយុវជនថ្នាលចូលរួមផងដែរ ដែលសរុបទាំងប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប្រមាណជាង ៤០នាក់។

ទោះបីទទួលដំណឹងថា ជើងឯកពិភពលោកឆ្នាំនេះ មានអត្តពលិកចូលរួមច្រើនជាងមុនខ្ទង់ ៣០ប្រទេសក្ដី តែសហព័ន្ធនៅតែប្រកាន់ជំហរ បញ្ជូនអត្តពលិកចម្រុះចូលរួម ព្រោះទន្ទឹមជាមួយការផ្ដោតលើការដណ្ដើមមេដាយជូនជាតិ សហព័ន្ធក៏ត្រូវផ្ដល់ឱកាសដល់ធនធានបន្ដវេន បានចូលរួមព្រឹត្តិការណ៍ធំៗ ដើម្បីទទួលបានបទពិសោធន៍ និងអភិវឌ្ឍន៍សមត្ថភាព ពិសេសកីឡាករ-កីឡាការិនីវ័យក្មេង ស្របពេលកម្ពុជាកំពុងដំណើរការស្នើសុំ និងត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះការប្រកួតជើងឯកអាស៊ី នាឆ្នាំ២០២៦ ផងដែរ។

តាមរយៈនេះ ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ លោកបានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ហ្វឹកហាត់កាន់តែខ្លាំង សម្រាប់រយៈពេលនៅសល់ប្រមាណ ២ខែ ដើម្បីសម្រួចសមត្ថភាពកាន់តែខ្ពស់ ក្នុងការត្រៀមប្រកួតជើងឯកពិភពលោក លើកទី៨ ដែលឥណ្ឌូនេស៊ី នឹងធ្វើម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១-៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ។ លោកសង្ឃឹមថា កីឡាករ-កីឡាការិនីរាមច្បង ដែលធ្លាប់ធ្វើបានល្អនាពេលកន្លងមក នឹងរក្សាបាននូវគុណផលរបស់ខ្លួន គ្រាដែលកីឡាករ-កីឡាការិនីថ្មីៗ ក៏នឹងទទួលបានលទ្ធផលល្អប្រសើរក្នុងការប្រកួតនេះដែរ។

សូមបញ្ជាក់ថា ក្នុងឱកាសជួបសំណេះសំណាលក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជាខាងលើ លោក អ៊ូ រតនា ក៏បានធ្វើការដំឡើងខ្សែក្រវាត់ពីកម្រិត ១ដាន់ ដល់ ៣ដាន់ ជូនដល់កីឡាករ-កីឡាការិនីជម្រើសជាតិចំនួន ៧រូប ដែលបានប្រឡងជាប់ដោយជោគជ័យកាលពីថ្មីៗ បន្ទាប់ពីការខិតខំប្រឹងប្រែងហ្វឹកហាត់ និងអភិវឌ្ឍន៍សមត្ថភាពរីកចម្រើនគួរឲ្យកត់សម្គាល់ រហូតដណ្ដើមបានមេដាយជូនជាតិជាបន្ដបន្ទាប់ ហើយពួកគេក៏សុទ្ធតែត្រៀមខ្លួនចូលរួមការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៨ នាពេលខាងមុខផងដែរ៕

ប្រភព៖ FRESHNEWS

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top