គ្រូបង្វឹកក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថាការប្រកួតមិត្តភាពប្រហែល ៤ខែមកនេះមើលឃើញថាកូនមានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ខណៈក្រុមទាំងមូលនៅតែស្វាគមន៍ជានិច្ចចំពោះបណ្ដាក្រុមបាល់ទះផ្សេងៗចង់ប្រកួតមិត្តភាពជាមួយ។
លោក ប្រាក់ សារ៉ាន់ឌី គ្រូជំនួនក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កូនក្រុមរបស់លោកបានប្រកួតមិត្តភាពជាមួយក្រុមផ្សេងៗនេះប្រហែល ៤ខែមកហើយពិសេសគឺនៅទីតាំងរបស់ក្លឹបនៅឯវាលស្បូវផ្ទាល់តែម្ដង។
គ្រូបង្វឹកសំបូរបទពិសោធច្រើនខាងលើបន្ថែមទៀតថា ការដែលក្លឹបបន្តប្រកួតមិត្តភាពជាមួយក្លឹបដទៃគឺចង់បង្កើនបទពិសោធល្អៗ ពង្រឹងសមត្ថភាពកូនក្រុមមុនការប្រកួតផ្លូវការធំៗនៅពេលខាងមុន។ មួយវិញទៀតគឺចង់រឹតចំណងមិត្តភាពរវាងក្លឹបស្នងការជាមួយបណ្ដាក្លឹបបាល់ទះផ្សេងៗផង។ ក្លឹបស្នងការក៏នៅតែបន្តស្វាគមន៍ជានិច្ចចំពោះបណ្ដាក្លឹបណាចង់ជួបប្រកួតមិត្តភាពជាមួយអាចទំនាក់ទំនងមកកាន់ក្លឹបបាន។
ឮបញ្ជាក់ដែរថា បន្ទាប់ពីមានក្លឹបបែបស្ដង់ដារផ្ទាល់ខ្លួនប្រហែលជិត ៤ខែមកនេះគេឃើញថាក្រុមបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែងតែប្រកួតមិត្តភាពជាមួយបណ្ដាក្លឹបផ្សេងៗជាបន្តបន្ទាប់។ ថ្មីៗនេះគេឃើញក្រុមបាល់ទះស្នងការជួយប្រកួតមិត្តភាពជាមួយ វិសាខា ក្លឹបបាល់ទះស្នងការខេត្តត្បូងឃ្មុំ និងម្សិលមិញនេះលេងជាមួយ ក្រសួងមហាផ្ទៃ ទៀតផង។ ទីតាំងក្លឹបថ្មីរបស់ស្នងការនេះគឺនៅវាលស្បូវ រាជធានីភ្នំពេញ៕
ប្រភព៖ KAMPUCHEATHMEY