លោក​ Koji​ ពន្យល់​ពី​ចំណុច​ខ្វះខាត​របស់​កម្ពុជា​ដែល​មាន​ឱកាស​​នៅមុខទី​​ ប៉ុន្តែ​មិន​អាច​រក​គ្រាប់បាន​

គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ U-23​ របស់​កម្ពុជា​លោក​ Koji​ បាន​ពន្យល់​ចំណុច​ខ្វះខាត​របស់​កូន​ក្រុម​​ថា​មាន​ឱកាស​ច្រើន​នៅ​មុខ​ទី​ហើយ​ ប៉ុន្តែ​មិន​អាច​រក​គ្រាប់​បាល់បាន​នោះ​គឺ​ដោយសារ​ពួកគេ​នៅយឺត​រហូត​ដល់​ខ្សែការពារ​អាច​បិទ​ ឬ​មក​ទាន់។​

ឆ្លើយ​តប​ជា​មួយ​សំនួរ​ «ឱកាស​មាន​ច្រើន​មុខ​ទីគូ​ប្រកួត​ ប៉ុន្តែ​កីឡាករ​កម្ពុជា​មិន​អាច​រក​គ្រាប់​បាល់​បន្ថែម​ទៀត​បាន​តើ​លោក​គ្រូ​យល់​យ៉ាងណា?» លោក​ Koji​ ថា​មើល​ឃើញ​ពី​ចំណុច​ខ្វះខាតរបស់​ក្រុម​គឺ​នៅ​យឺត​ទម្រាំ​បាន​ស៊ុតបាល់។​ នៅ​ពេល​មិត្ត​រួមក្រុម​បាន​បញ្ជូន​បាល់​មក​កណ្ដាល​ក្នុង​តំបន់​ទី​រួច​មក​អ្នក​ទទួល​បាល់​មិន​ទាត់​ភ្លាមៗ​នោះ​ឡើយ​រហូត​ដល់​ខ្សែការពារ​មក​ទាន់​ ឬ​មក​បិទ​បាល់​នោះ​ទើប​ធ្វើ​ឲ្យ​ពួកគេ​មិន​អាច​ទាត់​បាន​ល្អ​ក៏​ដូច​ជា​ស៊ុត​បញ្ជូល​សំណាញ់​ទី​បាន​សម្រេច។​

បន្ថែមពី​នេះ​ទៀត​គ្រូ​បង្វឹក​ខាង​លើ​ក៏​មិន​សូវ​ពេញ​ចិត្ត​ចំពោះ​ការ​ដាក់​កីឡាករ​មួយ​ឈុត​ប៉ះ​ជា​មួយ​ អូម៉ង់​ នេះ​ដែរ​ ព្រោះ​អ្នក​ដែល​ចូល​លេង​ទាំង​នោះ​មិន​សូវ​ជាប់​ជម្រើស​ ឬ​បាន​ប្រកួត​ច្រើន​​នោះ​ឡើយ។​ ដឹង​ស្រាប់​ហើយ​​មិន​ថា​តែ​នៅ​កម្ពុជា​នោះ​ឡើយ​កីឡាករ​ដែល​ត្រូវ​បាន​ជ្រើសរើស​មក​គឺ​ភាគ​ច្រើន​ជា​កីឡាករ​ដែល​បាន​ចេញ​ប្រកួត​ច្រើន​ ឬ​បង្ហាញ​មុខ​ក្នុង​ការ​ប្រកួត​ច្រើន​ដង។​ ប៉ុន្តែ​ដឹង​ហើយ​ថា​នៅ​ប្រកួត​ដំបូង​របស់​កម្ពុជាមាន​ភ្លៀង​ធ្វើ​ឲ្យ​កីឡាករ​ម្នាក់ៗ​អស់​កម្លាំងខ្លាំង​ដែល​រហូត​លោក​ត្រូវ​បង្ខំ​ចិត្តដាក់​​កីឡាករ​ថ្មី​ៗ​ជំនួស​បែប​នេះ។​

បញ្ជាក់​ដែរ​ថា​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ U-23​ បាន​យក​ឈ្នះ​លើ​ក្រុម​​បាល់ទាត់​ ប៉ាគីស្ថាន ដោយ​លទ្ធផល​ 1-0 កាល​ពី​ថ្ងៃទី៦​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ​វគ្គ​ជម្រុះ​ក្នុង​ពូល​ G នៃ​ពាន​រង្វាន់​ AFC U23 Asian Cup ២០២៦។​ បច្ចុប្បន្ន​កម្ពុជា​មាន​ ៤ពិន្ទុ​ បន្ទាប់​ពី​ស្មើ 0-0 ជា​មួយ​ អូម៉ង់​ និង​ឈ្នះ​ ប៉ាគីស្ថាន 1-0។​ ប្រកួត​បន្ទាប់កម្ពុជា​នឹង​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​​ អ៊ីរ៉ាក់​ ថ្ងៃ​ទី៩​ ខែ​កញ្ញា​ ឆ្នាំ​២០២៥ ស្អែក​នេះ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top