គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ U-23 របស់កម្ពុជាលោក Koji បានពន្យល់ចំណុចខ្វះខាតរបស់កូនក្រុមថាមានឱកាសច្រើននៅមុខទីហើយ ប៉ុន្តែមិនអាចរកគ្រាប់បាល់បាននោះគឺដោយសារពួកគេនៅយឺតរហូតដល់ខ្សែការពារអាចបិទ ឬមកទាន់។
ឆ្លើយតបជាមួយសំនួរ «ឱកាសមានច្រើនមុខទីគូប្រកួត ប៉ុន្តែកីឡាករកម្ពុជាមិនអាចរកគ្រាប់បាល់បន្ថែមទៀតបានតើលោកគ្រូយល់យ៉ាងណា?» លោក Koji ថាមើលឃើញពីចំណុចខ្វះខាតរបស់ក្រុមគឺនៅយឺតទម្រាំបានស៊ុតបាល់។ នៅពេលមិត្តរួមក្រុមបានបញ្ជូនបាល់មកកណ្ដាលក្នុងតំបន់ទីរួចមកអ្នកទទួលបាល់មិនទាត់ភ្លាមៗនោះឡើយរហូតដល់ខ្សែការពារមកទាន់ ឬមកបិទបាល់នោះទើបធ្វើឲ្យពួកគេមិនអាចទាត់បានល្អក៏ដូចជាស៊ុតបញ្ជូលសំណាញ់ទីបានសម្រេច។
បន្ថែមពីនេះទៀតគ្រូបង្វឹកខាងលើក៏មិនសូវពេញចិត្តចំពោះការដាក់កីឡាករមួយឈុតប៉ះជាមួយ អូម៉ង់ នេះដែរ ព្រោះអ្នកដែលចូលលេងទាំងនោះមិនសូវជាប់ជម្រើស ឬបានប្រកួតច្រើននោះឡើយ។ ដឹងស្រាប់ហើយមិនថាតែនៅកម្ពុជានោះឡើយកីឡាករដែលត្រូវបានជ្រើសរើសមកគឺភាគច្រើនជាកីឡាករដែលបានចេញប្រកួតច្រើន ឬបង្ហាញមុខក្នុងការប្រកួតច្រើនដង។ ប៉ុន្តែដឹងហើយថានៅប្រកួតដំបូងរបស់កម្ពុជាមានភ្លៀងធ្វើឲ្យកីឡាករម្នាក់ៗអស់កម្លាំងខ្លាំងដែលរហូតលោកត្រូវបង្ខំចិត្តដាក់កីឡាករថ្មីៗជំនួសបែបនេះ។
បញ្ជាក់ដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា U-23 បានយកឈ្នះលើក្រុមបាល់ទាត់ ប៉ាគីស្ថាន ដោយលទ្ធផល 1-0 កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៥ វគ្គជម្រុះក្នុងពូល G នៃពានរង្វាន់ AFC U23 Asian Cup ២០២៦។ បច្ចុប្បន្នកម្ពុជាមាន ៤ពិន្ទុ បន្ទាប់ពីស្មើ 0-0 ជាមួយ អូម៉ង់ និងឈ្នះ ប៉ាគីស្ថាន 1-0។ ប្រកួតបន្ទាប់កម្ពុជានឹងត្រូវប៉ះក្រុមខ្លាំង អ៊ីរ៉ាក់ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ស្អែកនេះ៕
ប្រភព៖ KAMPUCHEATHMEY