ស្រីរ័ត្ន​ ជាកីឡាការិនីខ្មែរដំបូងដែលឈ្នះម៉ារ៉ាតុងចក្រភពអង្គរ ខណៈ ភារ៉ា ឈ្នះ២លើកជាប់គ្នា

សៀមរាប៖ ជាលើកដំបូង​បើគិត​ចាប់តាំងពីឆ្នាំ២០១៤ មក កាន់ ស្រីរ័ត្ន ក្លាយជាកីឡាការិនី​ដំបូង​បំផុត​របស់​កម្ពុជា ដែលបានឈ្នះជើងឯក​លើ​វិញ្ញាសា​រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ​ចក្រភពអង្គរ (Angkor Empire Marathon) លើកទី១០ ខណៈ វ៉ាន់ ភារ៉ា ក៏ជាកីឡាករ​ទីមួយ​ផងដែរ ដែលបាន​ឈ្នះ​ជើងឯកពីរឆ្នាំ​ជាប់គ្នា លើ​ចម្ងាយ​៤២.១៩៥គីឡូម៉ែត្រ​។

ជាមួយនឹងថិរវេលា ០៣:២២:០៩ កាន់ ស្រីរ័ត្ន នៃក្រុម​អត្តពលកម្មជម្រើសជាតិ បាន​ជាកីឡាការិនីកម្ពុជាដំបូង​បំផុត​ដែលទទួលបានចំណាត់ថ្នាក់​លេខ១ លើវិញ្ញាសាម៉ារ៉ាតុងចម្ងាយ​៤២.១៩៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ Angkor Empire Marathon លើកទី១០ កាលពីថ្ងៃទី៣១ ខែសីហា នៅរមណីយដ្ឋានអង្គរ ខេត្ត​សៀមរាប។

សម្រាប់ស្រីរ័ត្ន វាជាការប្រកួតម៉ារ៉ាតុងផ្លូវ​ការ​លើកដំបូងបំផុត​របស់ខ្លួន ដោយ​កីឡាការិនី​ជម្រើសជាតិ​រូបនេះ ជាម្ចាស់កំណត់ត្រាថ្នាក់ជាតិលើ​ចម្ងាយពាក់កណ្តាលម៉ារ៉ាតុង (២១.០៩៧៥គីឡូម៉ែត្រ) ក្នុងថិរវេលា ១:២៤:៤០។

ព្រឹត្តិការណ៍នៅលើទឹកដីអង្គរនេះ ក៏ជាកំណត់ត្រា​ថ្មី​ផងដែរ​សម្រាប់​កម្ពុជា ដោយមាន​កីឡាការិនីក្នុងស្រុកបញ្ចប់ទីនាំមុខគេដល់ទៅពីរនាក់។ អេង មុយងីម ដណ្តើមបាន​លេខ​២​ដោយប្រើពេល ០៣:៣៩:៥៤។

លេខ​៣ បាន​ទៅលើកីឡាការិនីហ្វីលីពីន Arlene Morris Napeek ក្នុង​ថិរវេលា ០៣:៤២:៥៥។ ទោះបីជាមិនបានបញ្ចប់កំណត់ត្រាក្រោម​៤ម៉ោង ប៉ុន្តែកញ្ញា អ៊ូ សុខមាន អ្នកសារព័ត៌មាននៃសារព័ត៌មាន​ឌីជីថលថ្មីៗ ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ៤ ដែលជាមោទនភាពមួយសម្រាប់ក្រុម​ការងារ និង​សាម៉ី​ខ្លួន​ផ្ទាល់ក្នុងនាមជាអ្នករត់មិនមែនអាជីពម្នាក់។

កីឡាការិនីបារាំង Veronique Messina ជាម្ចាស់ជើងឯក​នា​ព្រឹត្តិការណ៍លើកដំបូងនៅ​ឆ្នាំ២០១៤។ ឆ្នាំ​២០១៥ បាន​លើកីឡាការិនីជប៉ុន Sakie Ishibashi ដែលជាម្ចាស់កំណត់ត្រា​ខ្ពស់ជាងគេ​ក្នុងថិរវេលា ២:៥៩:១២។

ជ័យលាភីជាបន្តបន្ទាប់រួមមាន កីឡាការិនីជប៉ុន Erina Nakai (ឆ្នាំ២០១៦), កីឡាការិនីអេស្ប៉ាញ (ឆ្នាំ២០១៧), កីឡាការិនីអង់គ្លេស Jill Hamill (ឆ្នាំ២០១៨), កីឡាការិនីចិន Shi Hongxia (ឆ្នាំ២០១៩)។

ការប្រកួត​ត្រូវបាន​អាក់ខាន​នៅ​ឆ្នាំ​២០២០ និងឆ្នាំ២០២១ ដោយសារតែការរាតត្បាតកូវីដ-១៩។ កីឡាការិនីហុងកុង Elaine Lee បាន​លេខ​១នៅឆ្នាំ​២០២២ បន្ទាប់មក​កីឡាការិនីវៀតណាម Nguyen Thi Duong នៅឆ្នាំ២០២៣ និង កីឡាការិនីអៀរឡង់ Caitriona Jennings នា​ឆ្នាំ​២០២៤។

ក្រៅពី​កាន់ ស្រីរ័ត្ន កីឡាករ វ៉ាន់ ភារ៉ា ក៏សម្រេច​បាន​កំណត់ត្រា​ពិសេសផ្ទាល់ខ្លួន និង​សម្រាប់កម្ពុជា​ទាំងមូល​ផងដែរ ដោយ​ជាប់ចំណាត់ថ្នាក់​លេខ​១ពីរលើកជាប់ៗគ្នា។ ក្នុងព្រឹត្តិការណ៍នេះ វ៉ាន់ ភារ៉ា បាន​លេខ១ក្នុងថិរវេលា ០២:៤៧:៣០ ដោយនាំមុខកីឡាកររុស្ស៊ី Evgey Bloshenko (០២:៥៩:១២) និងកីឡាករជប៉ុន Yuta Yamaoto (០៣:០៦:១៤)។

កាលពីឆ្នាំ២០២៤ កីឡាករឆ្នើមកម្ពុជារូបនេះ ក៏បាន​ក្លាយជាម្ចាស់ជ័យលាភីលេខ១ផងដែរក្នុងថិរវេលា ០២:៤០:៥២។ កំណត់ត្រាខ្ពស់​បំផុត​របស់ ភារ៉ា គឺ​ ២:៣១:០៨ ដែលសម្រេចបាន​នៅលើទឹកដីអង្គរដូចគ្នាកាលពី​ចុង​ឆ្នាំ២០២៤ ប៉ុន្តែក្នុងព្រឹត្តិការណ៍ Angkor Indochine Marathon លើកទី១។

សម្រាប់ម្ចាស់ជ័យលាភី​លេខ១ នៃ​ព្រឹត្តិការណ៍ Angkor Empire Marathon ដោយគិត​ចាប់ពីឆ្នាំ២០១៤មក​រួមមាន កីឡាករជប៉ុនដែលមានសញ្ជាតិកម្ពុជា Neko Hiroshi (ឆ្នាំ២០១៤ និងឆ្នាំ​២០១៩), កីឡាករជប៉ុន Koki Kawauchi (ឆ្នាំ២០១៥), កីឡាករអូស្ត្រាលី Jeff Chaseling (ឆ្នាំ២០១៦), កីឡាករអង់គ្លេស Neil Burns (ឆ្នាំ២០១៧), កីឡាករកម្ពុជា ម៉ា វីរ៉ូ (ឆ្នាំ២០១៨), កីឡាករកម្ពុជា សម រចនា (ឆ្នាំ២០២២) និងកីឡាករវៀតណាម Nguyen Van Long (ឆ្នាំ២០២៣)។

Angkor Wat Empire Marathon ឆ្នាំ២០២៥ នេះ មាន​ការកាត់បន្ថយ​ចំនួន​កីឡាករបរទេសមួយចំនួន ដោយសារ​តែការលើកពេល​ប្រកួតពីថ្ងៃទី៣ មកថ្ងៃទី​៣១ ខែសីហា។ ការលើកពេលនេះ គឺ​ដោយសារតែ​ពេលវេលាស្ថិតក្នុងកាលៈទេសៈដែល​ព្រំដែន​កម្ពុជារង​ការ​ឈ្លានពាន​ពីក្រុមយោធាថៃ។

ព្រឹត្តិការណ៍ដែល​ចេញពីមុខ​បរិវេណ​ប្រាសាទអង្គរវត្ត​ បេតិកភណ្ឌពិភពលោក​កាលពីថ្ងៃទី៣១ ខែសីហា មាន​អ្នកចូលរួម​ជាង ៤ ០០០នាក់ ក្នុងនោះជនបរទេស៧៦២នាក់ លើ​វិញ្ញាសា៣គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ២១គីឡូម៉ែត្រ និង​៤២គីឡូម៉ែត្រ។

ចំពោះវិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុង កីឡាករ អ៊ុក រ៉ហ៊ីត បាន​លេខ១ ដោយនាំមុខកីឡាករ សុខ ឌីម៉ង់ និងចន សុផាន់។ កីឡាការិនី Kukiko Kurokawa បាន​លេខ១ផ្នែកនារី ដោយនាំមុខ​កីឡាការិនី Cheryl Yuen Ting Ng និងកីឡាការិនីកម្ពុជា San Puthsotheavy។

សម្រាប់វិញ្ញាសា​១០គីឡូម៉ែត្រ លេខ១បានលើកីឡាករខ្មែរ-បារាំង ឡៃ ធារិន, លេខ២ កីឡាករ សន ពិសី និងលេខ៣ កីឡាករ ខន សិង្ហា។ រុន រំដួល បាន​លេខ១ផ្នែកនារី ដោយនាំមុខ បូ សំណាង​ និង​ ថាច់ ធីឌឿក។

វិញ្ញាសាពាក់កណ្តាលម៉ារ៉ាតុង និងម៉ារ៉ាតុង ក៏មាន​ការ​ផ្តល់ជ័យលាភី​សម្រាប់ប្រភេទអាយុផងដែរពោលពីចន្លោះ ៤៥ឆ្នាំដល់​៥៥ឆ្នាំ និងចាប់ពី៥៦ឆ្នាំឡើង ផងដែរ៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top