អ្នកចាំទី Antonio Edson dos Santos Sousa វ័យ ៣៤ឆ្នាំ បានគាំងបេះដូង និងស្លាប់ភ្លាមៗ ក្រោយជួយសង្គ្រោះបាល់ពិន័យប៉េណាល់ទី អំឡុងការប្រកួតបាល់ទាត់ហ្វូតសាលមួយក្នុងទីក្រុងប៉ារ៉ា ប្រទេសប្រេស៊ីល។
ហេតុការណ៍នេះ កើតឡើងក្នុងក្រុងមួយឈ្មោះថា Augusto Correa កាលពីថ្ងៃទី២ខែកញ្ញា អំឡុងពេលថ្ងៃប្រារព្ធពិធីបុណ្យឯករាជ្យរបស់ប្រេស៊ីល ដោយអ្នកចាំទីពាក់កណ្តាលអាជីព Sousa បានចូលលេងឱ្យក្រុម Sind Motos ហើយគេបានប្រើទ្រូង ដើម្បីសង្គ្រោះបាល់ពីការស៊ុតមួយទំហឹងជើងរបស់គូប្រកួត ពេលទាត់បាល់ពិន័យប៉េណាល់ទី។
បើតាមវីដេអូផ្សាយផ្ទាល់ការប្រកួត អ្នកចាំទី Sousa បានសង្គ្រោះបាល់ដែលទាត់ចេញនោះ បន្ទាប់មកគេបានអបអរការសង្គ្រោះបាល់នោះជាមួយមិត្តរួមក្រុម តែបន្តិចក្រោយមក គេក៏បានដួលសន្លប់គាំងបេះដូង។ បើតាមការចុះផ្សាយរបស់កាសែត The Sun ទោះមានការសង្គ្រោះបន្ទាន់ និងបញ្ជូនទៅមន្ទីរពេទ្យ តែអ្នកចាំទីវ័យ ៣៤ឆ្នាំ មិនអាចរួចផុតជីវិតបាន។
ក្រោយការស្លាប់របស់ Sousa អាជ្ញាក្នុងតំបន់ក៏សម្រេចចិត្តផ្អាកការប្រកួតហ្វូលសាលនោះ នៅថ្ងៃបន្ទាប់ ដើម្បីបង្ហាញការគោរព និងជាការកាន់ទុក្ខ។ យ៉ាងណាការស្លាប់របស់អ្នកចាំទី៣៤ឆ្នាំ មិនត្រូវបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ តែអ្នកជំនាញថាការប៉ះទង្គិចពីកម្លាំងបាល់ចំដើមទ្រូង អាចបង្កការប៉ះពាល់ដល់ដំណើរការចង្វាក់បេះដូង រហូតធ្វើឱ្យគេគាំងបេះដូងភ្លាមៗ។
ក្រោយបាត់បង់ជីវិតអ្នកចាំទី Sousa សហព័ន្ធបាល់ទាត់ហ្វូតសាលទីក្រុងប៉ារ៉ា បង្ហោះសាររំលែកទុក្ខក្រុមគ្រួសាររបស់កីឡាករវ័យ ៣៤ឆ្នាំ និងចាត់ទុកជាថ្ងៃសោកសៅបំផុត ចំពោះវិស័យបាល់ទាត់ហ្វូតសាល បានបាត់បង់កីឡាករម្នាក់ដ៏ពូកែ និងមានទេពកោសល្យ។
រំញ័របេះដូងខ្លាំង នៅពេលដើមទ្រូងប៉ះទង្គិចខ្លាំងពីអ្វីមួយ ត្រង់បរិវេណបេះដូង អាចធ្វើឱ្យមានការគាំងបេះដូងឆាប់រហ័ស ទោះបីជាបុគ្គលនោះមានសុខភាពល្អប្រសើរក្តី។ ជនរងគ្រោះអាចនឹងដួលសន្លប់ភ្លាមៗ និងបាត់បង់ម្ចាស់ការ ហើយបើគ្មានការជួយសង្គ្រោះបឋមទាន់ពេល ឬការប្រើឧបករណ៍សង្គ្រោះគាំងបេះដូងទំនើបទេ ហានិភ័យការស្លាប់ក៏ខ្ពស់ខ្លាំងដែរ។
បញ្ហាគាំងបេះដូងនេះ ភាគច្រើនតែឃើញកើតមាននៅលើប្រភេទកីឡាដែលប្រើកម្លាំង និងល្បឿនខ្លាំងដូចជា បាល់ទាត់ហ្វូតសាល បាល់ទាត់ វាយកូនបាល់ និងកីឡាហុកគីជាដើម៕
ប្រភព៖ THMEYTHMEY