កីឡាករ Ali Jasim Elaibi ជាខ្សែប្រយុទ្ធដ៏លេចធ្លោរបស់ ក្រុមបាល់ទាត់ជម្រើសជាតិ អ៉ីរ៉ាក់ អាយុក្រោម ២៣ (U23) ក្នុងព្រឹត្តិការណ៍ជម្រុះក្នុងពូល G ពានរង្វាន់ AFC U23 Asian Cup នៅប្រទេសកម្ពុជា។
កីឡាករ Ali Jasim Elaibi ដែលមានអាយុ ២១ ឆ្នាំ កម្ពស់ ១.៧៨ ម៉ែត្រ រូបនេះ រកបាន ៣ គ្រាប់នៅពេល ក្រុម អ៉ីរ៉ាក់ បានយកឈ្នះលើ ប៉ាគីស្ថាន ដោយលទ្ធផល ៨-១ និងរួមចំណែកដ៏សំខាន់សម្រាប់ជ័យជម្នះ ១-០ លើ អូម៉ង់។
ស្ថិតនៅក្នុងវ័យទើប ២១ ឆ្នាំ រូបគេបានជាប់ជម្រើសជាតិ អ៉ីរ៉ាក់ ទាំងក្រុមជម្រើសក្រុមទី១ និងក្រុមយុវជនតាំងពីកម្រិត U17 ដល់ U23។ សម្រាប់ការលេងឲ្យជម្រើសជាតិកម្រិតយុវជន រូបគេរកបាន ១០គ្រាប់ និងការបង្ហាញខ្លួនឲ្យក្រុមជម្រើសដៃទី១ចំនួន ២៤ ប្រកួត រូបគេរកបាន ២ គ្រាប់។
បើនិយាយពីក្លិបវិញ Ali Jasim Elaibi ដ៏មានទេពកោសល្យរូបនេះបានលេងឲ្យក្លិបជាច្រើន ក្នុងនោះរាប់ទាំងខ្ចីជើងទៅក្លិបផ្សេងៗផង។ កាលពីក្មេង រូបគេជាយុវជនក្រុម Al-Naft រហូតដល់ ឆ្នាំ ២០១៨ ទើបចូលក្រុមធំ Al Karkh រហូតដល់ ឆ្នាំ ២០២០ នៅលីគអ៉ីរ៉ាក់។ ចន្លោះឆ្នាំ ២០២០ ដល់ ២០២១ រូបគេលេងឲ្យក្លិប Al-Shorta និងឆ្នាំ ២០២១-២៤ លេងឲ្យក្លិប Al Kahrabaa មុនពេលខ្ចីជើងទៅក្លិប Al-Quwa Al-Jawiya, Como, Almere City (ហូឡង់) និងក្លិប Al Najma (អារ៉ាប៊ីសាអ៊ូឌីត) ពីឆ្នាំ ២០២៤ ដល់ ២០២៥។
បច្ចុប្បន្ន Ali Jasim កំពុងលេងឲ្យក្លិប Al Najma នៅលីគបាល់ទាត់កំពូលអារ៉ាប៊ីសាអ៊ូឌីត ដែលមានកីឡាករបាល់ទាត់ឆ្នើមៗនៅលើពិភពលោកនៅទីនោះ។
រូបគេមិនត្រូវបានគ្រូបង្វឹកក្រុមធំកោះហៅលេងពានស្តេចថៃ King’s Cup ឡើយដើម្បីជួយក្រុម U23 ក្នុងពានរង្វាន់ AFC U23 Asian Cup នៅប្រទេសកម្ពុជា៕
ប្រភព៖ KAMPUCHEATHMEY