Ronaldo មានស្ថិតិក្នុងការប្រកួតវគ្គជម្រុះ World Cup ល្អជាង Messi

កំពូលខ្សែប្រយុទ្ធ ​​Cristiano Ronaldo និង Lionel Messi ជាកីឡាករបាល់ទាត់ មានកំណត់ត្រារកបានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើន ប្រចាំប្រវត្តិសាស្ត្រវគ្គជម្រុះ FIFA World Cup​។ Ronaldo ប្រធានក្រុមជម្រើសជាតិព័រទុយហ្កាល់ មានស្ថិតិល្អជាង ប្រធានក្រុមអាហ្សង់ទីន នៅក្នុងកម្រិតប្រកួតប្រជែងវគ្គជម្រុះកីឡាបាល់ទាត់ពិភពលោក កន្លងមក។

កំពូលកីឡាករទាំងពីរ មានភារកិច្ចក្នុងការជួយក្រុមប្រកួតប្រជែង វគ្គជម្រុះ World Cup 2026 ដែលទំនងជាព្រឹត្តិការណ៍បាល់ទាត់ពិភពលោកចុងក្រោយបង្អស់ សម្រាប់ពួកគេ។ World Cup 2026 នៅអាម៉េរិក កាណាដា និងម៉ិកស៊ិក អាចជាការបង្ហាញខ្លួនលើកទី៦ សម្រាប់ Ronaldo និង Messi ក្នុងអាជីពបាល់ទាត់ជាង ២០ឆ្នាំ តាំងពីឆ្នាំ ២០០៦ មក។

កាលសប្តាហ៍មុន ​Ronaldo ស៊ុតបញ្ចូលទី ២គ្រាប់ ជួយព័រទុយហ្កាល់ ផ្តួលក្រុម អាមេនី លទ្ធផល ៥-០ ថ្ងៃបើកឆាកក្នុងពូល H វគ្គជម្រុះ World Cup 2026 ទ្វីបអឹរ៉ុប។ ២គ្រាប់នោះជួយឱ្យកីឡាករវ័យ ៤០ឆ្នាំ រកបានគ្រាប់បាល់ចំនួន ៣៨គ្រាប់ ក្នុងវគ្គជម្រុះ និងនាំមុខចំនួន ២គ្រាប់ លើកំណត់ត្រាគ្រាប់បាល់របស់ Messi។ 

ចំណែកតារាបាល់ទាត់អាហ្សង់ទីន វិញ គេក៏រកបាន ២គ្រាប់ អំឡុងការបង្ហាញខ្លួនចុងក្រោយក្នុងវគ្គជម្រុះ World Cup ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន លើទឹកដីកំណើត ដោយយកឈ្នះវ៉េណេស៊ុយអេឡា លទ្ធផល ៣-០។ កីឡាករវ័យ ៣៨ឆ្នាំ រកបាន ២គ្រាប់ ហើយក៏ជាគ្រាប់បាល់ទី ៣៦ របស់គេប្រចាំវគ្គជម្រុះ World Cup ចាប់តាំងពីបង្ហាញខ្លួនប្រកួតលើកដំបូងតាំងពីឆ្នាំ ២០០៦ មក។

ពេលនេះព័រទុយហ្កាល់ កំពុងប្រជែងកៅអីទៅកាន់ព្រឹត្តិការណ៍ World Cup 2026 នឹងជាឱកាសសម្រាប់គេរកបានគ្រាប់បាល់ស៊ុតបញ្ចូលទីបន្ថែម។ ចំណែកអាហ្សង់ទីនវិញ ជាក្រុមកក់កៅអីរង់ចាំរួចស្រេច ពីការប្រកួតវគ្គជម្រុះទ្វីបអាម៉េរិកខាងត្បូង (CONMEBOL)។

បើនិយាយលើស្ថិតិការប្រកួតវិញ កីឡាករក្រុម Al Nassr បច្ចុប្បន្នហាក់មានប្រៀបល្អជាង តារាបាល់ទាត់អាហ្សង់ទីន គិតត្រឹមតែវគ្គជម្រុះ World Cup តែប៉ុណ្ណោះ។ 

អតីតកីឡាករ Real Madrid បង្ហាញខ្លួនសរុប ៤៨ប្រកួត រកបានគ្រាប់បាល់ស៊ុតចូលទី ៣៨គ្រាប់ បញ្ជូនឱ្យមិត្តរួមក្រុម ១១លើក សរុបឱកាសគ្រាប់បញ្ចូលទី ៤៩លើក។ Ronaldo ស៊ុតបាល់ពិន័យ ១១ម៉ែត្រ ចូលទី ៤លើក ហើយស្ថិតិរាល់ការរកបានគ្រាប់បាល់ ១គ្រាប់ គេប្រើពេលវេលា ១០៦,៤។ ការរកបាល់ពិន័យ ១១ម៉ែត្រ លើក Ronaldo ប្រើពេលវេលា ១១៨​,៩នាទី ចំណែកការបញ្ជូនបាល់វិញ ប្រើពេល ៨២,៥នាទី។

ដោយឡែក​ ស្ថិតិរបស់ Messi អតីតគូប្រជែងជាមួយ ​Ronaldo កាលនៅទឹកដីអេស្ប៉ាញ គេបង្ហាញខ្លួនវគ្គជម្រុះ World Cup បានដល់ ៧២លើក រកគ្រាប់បាល់ ៣៦គ្រាប់ និងបញ្ជូនបាល់ ១៣លើក ដោយស្តិតិគ្រាប់បាល់បញ្ចូលទីកើតចេញពីគេសរុប​ ៤៩លើក ដូចប្រធានក្រុមព័រទុយហ្កាល់។ Messi ស៊ុតបាល់ពិន័យ ១១ម៉ែត្រ ច្រើនជាង ចំនួនសរុប ៧លើក​ ហើយកីឡាករវ័យ ៣៨ឆ្នាំ អាចរកគ្រាប់បាល់ ១គ្រាប់ ប្រើពេល ១៦៦នាទី ចំណែកបាល់ពិន័យ ១១ម៉ែត្រ ១គ្រាប់ ប្រើពេល ២០៦​,១នាទី និងការបញ្ជូនបាល់ ១លើក ប្រើពេល ១២២នាទី៕

ប្រភព៖ THMEYTHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top