អ្នក​ចុះឈ្មោះ​ចូលរួម​ការ​ប្រកួត​​ប្រណាំងកង់​ «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» បាន​ជិត​១០០នាក់​ហើយ​

សហព័ន្ធ​កីឡា​ទោចក្រយានបាន​បញ្ជាក់​ថា ​គិត​មក​ដល់​ពេល​នេះ​អ្នក​ចុះឈ្មោះ​ចូលរួម​ការ​ប្រកួត​ប្រណាំង​កង់​ក្នុង​ព្រឹត្តិការណ៍​ «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» បាន​ជិត​ ១០០នាក់​ហើយ ស្រប​ពេល​ការ​ទទួល​ចុះ​ឈ្មោះ​នៅ​តែ​បន្ត​។​

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​ លោក​ នូ​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ ព្រឹត្តិការណ៍​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ​មាន​អ្នក​ចុះឈ្មោះ​បាន​ប្រហែលជិត​ ១០០​នាក់​ហើយ​នៅ​ពេល​នេះ។​ ក្នុង​នាម​សហព័ន្ធ​ជឿជាក់​ថា​នឹង​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ប្រកួត​តទៅ​ ព្រោះ​សន្ទុះ​នៃ​ការ​គាំទ្រ​វិស័យ​កីឡា​ទោចក្រយាន​មាន​ចំនួន​កើនឡើង​ និង​ជា​ព្រឹត្តិការណ៍​កម្សាន្ត​សប្បាយ​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ផង។​

សហព័ន្ធ​ក៏​នៅ​តែ​បន្ត​ទទួល​ការ​ចុះឈ្មោះ​ពី​មហាជន​ផង​ដែរ​ដែល​មាន​បំណង​ចង់​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​ដែលនឹ​ង​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ​លើក​នេះ​។​ ចូលរួម​លើក​ស្ទួយ​វិស័យ​កីឡា​ក្នុងស្រុក​​ឲ្យ​កាន់​តែ​ផុលផុស​ និង​បង្កើន​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ដល់​ភ្ញៀវ​ជាតិ​-អន្តរជាតិបន្ថែម​ទៀត។​

ប្រសិន​បើ​មហាជន​ចង់​ចុះឈ្មោះ​ចូលរួម​ការ​ប្រកួត​ប្រណាំង​កង់​ភ្នំ​ ចម្ងាយ​ ៣០​គីឡូម៉ែត្រ​អាច​ទាក់ទង​ទៅ​កាន់​សហព័ន្ធ​បាន។​ ការ​ចុះឈ្មោះ​ចូលរួម​មិន​តម្រូវ​ឲ្យ​បង់​ថវិកា​នោះ​ទេ​ស្របពេលអ្នក​ឈ្នះ​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ទៀត​ផង។​ ព្រឹត្តិាករណ៍​ «កីឡាដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» ​ខាង​ផ្នែក​ប្រណាំង​កង់​ភ្នំ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ព្រឹកថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ ខាង​មុខ​នេះ៕

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top