មកដឹងពីប្រវត្តិកីឡាករគុនខ្មែរ សុផាត មេសា សមត្ថភាពប្រកួតក៏ខ្លាំង ៥៩ដង ផ្ដួលដៃគូឲ្យសន្លប់ ៤០ដង រីឯសម្រស់វិញស្អាតមិនចាញ់តារានោះឡើយ។ តើកីឡាករគុនខ្មែររូបនេះមានប្រភពមកពីណា និងមានកម្រិតនៃការសិក្សាយ៉ាងណាខ្លះទៅ។
កីឡាករ សុផាត មេសា កើតនៅឆ្នាំ២០០៥ បច្ចុប្បន្ននេះមានអាយុ ២០ឆ្នាំ។ រូបគេមានឪពុកឈ្មោះ ម៉ាក់ សុផាត ម្ដាយឈ្មោះ នាង ចាន់ថន និងមានបងប្អូនបង្កើតចំនួន ៤នាក់។ កីឡាករវ័យក្មេងរូបនេះក៏ជាប់ឈាមជ័រជាអ្នកប្រដាល់ផងដែរ ពោលឪពុករបស់ខ្លួនជាអតីតអ្នកប្រដាល់សកលជម្រើសជាតិពីមុន។ រូបគេក៏ជាក្មួយបង្កើតរបស់លោកអាជ្ញាកណ្ដាលល្បីឈ្មោះ ម៉ាក់ សាមឿន និងត្រូវជាចៅរបស់លោកព្រឹទ្ធាចារ្យ ញ៉ូវ ម៉ាក់ ផងដែរ។
សុផាត មេសា បញ្ចប់បាក់ឌុបនៅឆ្នាំ២០២៣ ដែលកាលនោះរូបគេសិក្សានៅវិទ្យាល័យទួលអំពិល ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ បច្ចុប្បន្នក្មួយប្រុសរបស់លោក ម៉ាក់ សាមឿន រូបនេះកំពុងសិក្សាបរិញ្ញាបត្រផ្នែកច្បាប់ក្នុងឆ្នាំទី៣ នៅសកលវិទ្យាល័យអាស៊ីអឺរ៉ុបផងដែរ។
និស្សិតច្បាបប់រូបនេះចូលហ្វឹកហាត់ប្រដាល់ក្នុងក្លឹបបញ្ជាការដ្ឋានកាំភ្លើងធំ នៅឆ្នាំ ២០២២ និងបានឡើងប្រកួតសរុប ៥៩ដង ឈ្នះ៥១ ចាញ់៦ និងស្មើពិន្ទុ២ដង ធ្លាប់ផ្ដួលដៃគូឲ្យសន្លប់រហូតដល់ទៅ ៤០ដងឯណោះ។ រូបគេជាម្ចាស់ពាន និងជាម្ចាស់ប្រាក់លានតាមបណ្ដាកម្មវិធីប្រកួតផ្សេងៗនៅស្ថានីយទូរទស្សន៍មួយចំនួនផងដែរពីមុនមក។ សុផាត មេសា ខណៈពេលនេះក៏ជាបេក្ខភាពមួយរូបដែលកំពុងប្រកួតសន្សំពិន្ទុឆ្ពោះទៅដណ្ដើមខ្សែក្រវាត់ IPCC ទម្ងន់ ៥៧គីឡូក្រាមរបស់ស្ថានីយទូរទស្សន៍ថោនទៀតផង។
ក្រៅតែពីសមត្ថភាពប្រកួតបានល្អហើយនោះ សុផាត មេសា ក៏ទទួលបានការស្រឡាញ់គាំទ្រពីនារីៗផងដែរតាមរយៈសម្រស់ដ៏ស្រស់ស្អាត និងរាងកាយសាច់ដុំកង់របស់រូបគេ។ ក្រោយបញ្ចប់ការប្រកួតគេតែងឃើញមានអ្នកគាំទ្រសុំថតជាមួយរូបគេជាហូរហែរផងដែរ។ តាមដានមើលថាកីឡាករវ័យក្មេងរូបនេះអាចក្រសោបភាពល្បីល្បាញដល់កម្រិតណា និងឈ្នះបានខ្សែក្រវាត់ប៉ុន្មានគ្រឿងក្នុងវិថីប្រដាល់គុនខ្មែរនេះតទៅមុខទៀត៕
ប្រភព៖ KAMPUCHEATHMEY