(បរទេស)៖ ខ្សែប្រយុទ្ធជួរមុខ Erling Haaland រកបាន ៥គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះរបស់ន័រវេស បំបាក់គូប្រជែងម៉ូដូវ៉ា ១១ទល់នឹង១ នាយប់មិញនេះកាន់តែប្រកៀកយកបានកៅអីទៅលេង World Cup 2026 ជាលើកដំបូង គិតចាប់ពីឆ្នាំ១៩៩៨។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះជា ៥គ្រាប់លើកដំបូងផងដែររបស់កីឡាករវ័យ ២៥ឆ្នាំជាមួយជម្រើសជាតិន័រវេស ខណៈដែលធ្លាប់ធ្វើបាន ២លើកជាមួយក្លឹបអាជីព មេឃខៀវ Manchester City ជារួមការធ្វើបានហែតទ្រីក ៥លើក។
៣ពិន្ទុដ៏សំខាន់នៅកីឡដ្ឋាន Ullevaal Stadion ដែលស្ថិតក្នុងទីក្រុង Oslo នេះដែរ បានជួយឱ្យន័រវេសនាំមុខកំពូលតារាងដាច់ ៦ពិន្ទុពីក្រុមលេខ២ អាសូរីអ៉ីតាលី ប្រចាំពូល I ដើម្បីប្រជែងឡើងទៅ World Cup ជំនាន់ទី២៣ ទៅជុំចុងក្រោយជាលើកដំបូងផងដែរ ក្រោយរង់ចាំអស់រយៈពេល ២៧ឆ្នាំ។
ន័រវេស បានបំប៉ោងសំណាញ់ទីគូប្រកួត ១១គ្រាប់នេះជាលើកទី៣ ផងដែរ ខណៈកំណត់ត្រាចាស់ពួកគេបានបំបាក់ហ្វាំងឡង់ ១២-០ កាលឆ្នាំ១៩៤៦ ហើយការឈានដល់ជុំចុងក្រោយនៅ World Cup 1998 ក្រុមជម្រើសជាតិន័រវេល បានឈានដល់ត្រឹមវគ្គ ១៦ក្រុមប៉ុណ្ណោះ នាមជាក្រុមលេខ២ ចេញពីពូល A ដោយមានបារាំង ជាម្ចាស់ជើងឯកក្រោយយកឈ្នះប្រេស៊ីល ៕
ប្រភព៖ FRESHNEWS