(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ២៣ឆ្នាំកម្ពុជា បានបញ្ចប់យុទ្ធនាការ ក្នុងនាមម្ចាស់ផ្ទះវគ្គជម្រុះជើងឯកយុវជនអាយុក្រោម ២៣ឆ្នាំទ្វីបអាស៊ី (AFC U23 Asian Cup) ឆ្នាំ២០២៦ ពូលG ហើយ ដោយបានត្រឹមឈរលេខ២ ក្នុងពូល ជាមួយកំណត់ត្រាមិនស្គាល់ចាញ់ តែមិនអាចឡើងទៅជុំផ្ដាច់ព្រ័ត្របានឡើយ ក្រោយបន្ដស្មើក្រុមកំពូលតារាង U23 អ៊ីរ៉ាក់ ក្នុងជំនួបបញ្ចប់ពូល ដោយលទ្ធផល ០-០ កាលពីរាត្រីថ្ងៃទី៩ ខែកញ្ញាកន្លងទៅ។
ក្នុងជំនួបកាត់សេចក្ដីនេះ គេឃើញក្រុមជម្រើសជាតិយុវជន U23 អ៊ីរ៉ាក់ បានព្យាយាមដាក់សម្ពាធខ្លាំងលើក្រុមគោព្រៃជំទង់កម្ពុជា តែមិនអាចទម្លាយរបាំងការពាររបស់ក្រុមម្ចាស់ផ្ទះបានឡើយ ពិសេសក្រោយការព្យាយាមសង្គ្រោះបាល់បានម្ដងហើយម្ដងទៀតពីសំណាក់អ្នកចាំទី រ៉េត លីហេង ។ ជាមួយគ្នាក្រុម U23 កម្ពុជា ទោះបីព្យាយាមលេងការពារ តែក៏មានឱកាសម្ដងម្កាលផងដែរ តែមិនអាចបញ្ចប់ទីក្រុមខ្លាំងអ៊ីរ៉ាក់បានឡើយ ដែលនាំឲ្យក្រុមទាំងពីរ រក្សាលទ្ធផល ០-០ ពេញ ៩០នាទី។
ក្រោយបញ្ចប់ការប្រកួតនេះលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិ U23 កម្ពុជា បានលើកឡើងថា «យើងបានដឹងមុនហើយថា អ៊ីរ៉ាក់ គឺជាក្រុមខ្លាំង ជាក់ស្ដែងនៅវគ្គទី១ ពួកយើងចាប់គូប្រកួតអត់បាន បន្ទាប់ពីពួកគេមានការប្រែប្រួលជាច្រើន ដែលបង្ខំឲ្យយើងសម្រេចប្ដូរកីឡាករម្នាក់ចេញ ដើម្បីពង្រឹងតំបន់ការពារកាន់តែប្រសើរ។ យ៉ាងណាកីឡាករទាំងអស់ ពិតជាបានខំប្រឹងលេងពេញម៉ោងក្នុងការប្រកួតនេះ ហើយលទ្ធផលស្មើទៀតសោត ក៏យើងអាចទទួលបានផងដែរ»។
ទន្ទឹមនឹងការចែក ១ពិន្ទុម្នាក់ ជាមួយក្រុមខ្លាំងអ៊ីរ៉ាក់នេះដែរ ក៏មានអ្នកគាំទ្រមួយចំនួន ហាក់ពេញចិត្តនឹងលទ្ធផល ក៏ដូចជាសរសើរការខំប្រឹងរបស់កីឡាករ តែក៏មានអ្នកគាំទ្រខ្លះ សម្ដែងការសោកស្ដាយ ពិសេសគឺការមិនអស់ចិត្តនឹងប្រវត្តិច្រំដែនរបស់ក្រុមជម្រើសជាតិកម្ពុជា ស្ទើរគ្រប់កម្រិត ដែលតែងខកខានឱកាសឡើងវគ្គបន្ដ ។
ជាឧទាហរណ៍ពេលគេរើសយក ២ក្រុម ក្នុងមួយពូល កម្ពុជាតែងឈរលេខ៣ ឬលេខ៤ ដល់ពេលគេរើសយក ១ក្រុម កម្ពុជាក៏តែងបញ្ចប់ការប្រកួតបានត្រឹមឈរលេខ២ ហើយមិនអាចជាប់ក្នុងជម្រើសក្រុមលេខ២ ល្អជាងគេទៀត។
គួរដឹងថា ក្នុងយុទ្ធនាការប្រកួតជម្រុះជើងឯកយុវជន U23 អាស៊ី នេះ ម្ចាស់ផ្ទះកម្ពុជា រកបាន ៥ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ១ និងស្មើ ២ គ្រាដែលអ៊ីរ៉ាក់ ឈរលេខ១ រកបាន ៧ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ២ និងស្មើ ១ ។ រីឯអូម៉ង់ ឈរលេខ៣ រកបាន ៤ពិន្ទុ និងប៉ាគីស្ថាន ឈរបាតតារាងគ្មានពិន្ទុរាប់ឡើយ ។
តែយ៉ាងណាបើធៀបនឹងក្រុមលេខ២ ល្អជាងគេ ក្នុងចំណោម ១១ពូលផ្សេងទៀត កម្ពុជាបានត្រឹមឈរលេខ៩ គ្រាដែលក្រុមលេខ២ ល្អជាងគេ ៤ក្រុម ដែលបានកៅអីឈានទៅបង្គ្រប់លេងជុំផ្ដាច់ព្រ័ត្រ នៃជើងឯកយុវជនអាស៊ីនេះ គឺមានក្រុមយុវជន U23 ចិន, អូសបេគីស្ថាន, លីបង់ និងអារ៉ាប់រួម៕
ប្រភព៖ FRESHNEWS