ក្រុមជម្រើសជាតិព័រទុយហ្កាល់វាយបកឈ្នះ ហុងគ្រី លទ្ធផល ៣-២ ក្នុងការប្រកួតវគ្គជម្រុះ World Cup 2026 ក្នុងពូល F ប្រចាំទ្វីបអឺរ៉ុប។ ប្រធានក្រុម Cristiano Ronaldo ដែលរកបាន ១គ្រាប់ដោយការស៊ុតបាល់ប៉េណាល់ទី បានជួយរូបគេតាមស្មើកំណត់ត្រាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេនៅវគ្គជម្រុះបាល់ទាត់ពិភពលោក និងឈានទៅបំបែកកំណត់ត្រាថែមទៀត។
ក្រុមម្ចាស់ផ្ទះហុងគ្រី អាចស៊ុតគ្រាប់បើកឆាក នៅនាទី២១ សម្រេចបានដោយការតែតយ៉ាងល្អ ពីសំណាក់កីឡាករខ្សែប្រយុទ្ធ Barnabas Varga ហើយកីឡាករដដែលក៏ជាអ្នករកគ្រាប់ទី២ សម្រាប់ហុងគ្រី តាមស្មើព័រទុយហ្កាល់ លទ្ធផល ២-២ នៅនាទី៨៤។ ខ្សែបម្រើ Joao Cancelo ស៊ុតគ្រាប់ទី៣ មុន Bernardo Silva និង Ronaldo ដើម្បីជួយព័រទុយហ្កាល់ឈ្នះហុងគ្រី ៣-២។
ការទាត់បាល់ពិន័យ ១១ម៉ែត្រ ដ៏ល្អពីសំណាក់ Cristiano Ronaldo នៅនាទី៥៨ ជាការស៊ុតបាល់ចូលទីដ៏អស្ចារ្យមួយ ដែលកីឡាករវ័យ ៤០ឆ្នាំ បានផ្តួលអ្នកចាំទីហុងគ្រី ទោះគេបានលោតចំគោលដៅក៏ដោយ។
គ្រាប់បាល់នោះ ធ្វើឱ្យខ្សែប្រយុទ្ធវ័យ ៤០ឆ្នាំ ក្លាយជាកីឡាកររកបានគ្រាប់បាល់ច្រើនជាងគេនៅវគ្គជម្រុះ World Cup ដោយស្មើកំណត់ត្រារបស់លោក Carlos Ruiz អតីតកីឡាករជម្រើសជាតិក្វាតេម៉ាឡា ដែលសម្រេចបានចំនួន ៣៩គ្រាប់។
នៅជម្រើសជាតិព័រទុយហ្កាល់អស់ពេលជិត ២០ឆ្នាំ Ronaldo ក៏បង្កើនកំណត់ត្រាចំនួនគ្រាប់រកបានជាមួយក្រុមជម្រើសជាតិ រហូតដល់ ១៤១គ្រាប់ ពីការបង្ហាញខ្លួន ២២៣ប្រកួត។ អំឡុងការប្រកួតព័រទុយហ្កាល់ ផ្តួលជម្រើសជាតិអាមេនី កាលសប្តាហ៍មុន ខ្សែប្រយុទ្ធវ័យចាស់ និងជាម្ចាស់ Ballon d’Or ៥សម័យ រកបានគ្រាប់បាល់ ២គ្រាប់ នៅការប្រកួតនោះ។
ព័រទុយហ្កាល់ឆ្លងកាត់ ២ប្រកួត ឈ្នះទាំង ២លើក ឈរកំពូលតារាងពូល F មាន៦ពិន្ទុ ស្របពេលអាមេនី យកឈ្នះអៀរឡង់ លទ្ធផល ២-១ ដើម្បីឡើងឈរលេខ ២ រកបាន ៣ពិន្ទុ។ ហុងគ្រី និងអៀរឡង់ ឆ្លងកាត់ ២ប្រកួតរកបានត្រឹមតែម្នាក់ ១ពិន្ទុ។
ដោយឡែកការប្រកួតគូដទៃទៀត ជំនួបពូល D បារាំងបានយកឈ្នះអ៊ីស្លង់ លទ្ធផល ២-១ ខ្សែប្រយុទ្ធ Kylian Mbappe រកបាន ១គ្រាប់នៅការប្រកួតនោះ។ នៅពូល H បូស្ន៉ី ចាញ់អូទ្រីស លទ្ធផល ២-១ ខណៈស៊ីប ស្មើរូម៉ានី លទ្ធផល ២-២, ន័រវែស ផ្តួល ម៉ុលដាវី ចាស់ដៃក្នុងពូល I លទ្ធផល ១១-១ ខ្សែប្រយុទ្ធ Erling Haaland ស៊ុតបាល់ ៥គ្រាប់ម្នាក់ឯង ហើយមិត្តរួមក្រុមរបស់គេ Thelo Aasgaard ៤គ្រាប់ កីឡាករ Martin Odegaard និង Horn Myhre ម្នាក់ ១គ្រាប់។ ចំណែកពូល K អាល់បានី ផ្តួលឡេតូនី លទ្ធផល ១-០ ហើយស៊ែប៉ី ចាញ់អង់គ្លេស លទ្ធផល ៥-០៕
ប្រភព៖ THMEYHMEY