ស៊ន​ រ៉ាគីម​ បុក​ហាត់​ខ្លាំង​៣សប្ដាហ៍​ត្រៀម​ប្រកួត​ជា​ថ្មី​ក្រោយ​សម្រាក​ព្យាបាល​របួស​អស់​៩​ខែ​

អ្នក​លេង​គុន​ខ្មែរ​ ស៊ន​ រ៉ាគីម​ ថា​រូប​គេ​បុក​ហ្វឹកហាត់​ខ្លាំង​ប្រហែល​ ៣សប្ដាហ៍​ហើយ​ដើម្បី​ត្រៀម​លក្ខណៈ​ឲ្យ​បាន​ល្អ​គ្រប់គ្រាន់​វិល​មក​កាន់​ការ​ប្រកួត​ស្អែក​នេះ​ក្រោយ​សម្រាក​ព្យាបាល​របួស​ជើង​អស់រយៈពេល​ ៩​ខែ​មក​នេះ។​

កីឡាករ​ ស៊ន​ រ៉ាគីម​ បាន​ឲ្យ​ដឹង​មក​ថា​ ចំពោះ​បញ្ហា​របួស​កន្លង​ទៅ​នោះ​គឺ​បាន​ជា​សះស្បើយ​ និង​បាន​ហ្វឹកហាត់​ខ្លាំង​ដូច​ដើម​វិញហើយ​។​ ការ​ហ្វឹកហាត់​ទាត់​ធ្ងន់ៗ​ និង​ស្នៀត​វាយ​ដៃ​គឺ​ខ្លួន​បាន​សាកល្បង​រួចរាល់​ហើយ​មិន​មាន​អ្វី​ជា​បញ្ហា​នោះ​ឡើយ​ ប៉ុន្តែ​ក៏​រងចាំ​មើល​ការ​ប្រកួត​ជាក់ស្ដែង​លើ​សង្វៀន​សិន​។​

អ្នក​ប្រដាល់​ដើម​កំណើត​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​បន្ថែម​ទៀត​ថា​ រូប​គេ​នឹង​ខំប្រឹ​ង​ប្រែង​ប្រកួត​ឲ្យ​បាន​ល្អ​ជូន​អ្នក​គាំទ្រ​។​ ដោយ​សារ​ខ្លួន​អាក់ខាន​ឡើង​សង្វៀន​ជិត​១ឆ្នាំ​មកហើយ​ ដូច្នេះ​បើ​ការ​ប្រកួត​នេះ​ល្អ​ ឬ​មិន​ល្អ​ដល់​កម្រិត​ណា​នោះ​សូម​ប្រិយមិត្ត​កុំ​ប្រកាន់​។​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ស៊ន​ រ៉ាគីម​ បាត់​មុខ​ពី​សង្វៀន​គុន​ខ្មែរ​ប្រហែល​ ៩​ខែ​មក​ហើយ​ដោយ​សារ​បួស​ដៃ​ និង​របួស​ជើង។​ នៅ​ថ្ងៃ​ទី១២​ ខែ​កញ្ញា​ ឆ្នាំ​២០២៥​ ស្អែក​នេះ​រូប​គេ​នឹង​ត្រូវ​ប្រកួ​ត​មិត្តភាព​អន្តរជាតិ​ជា​មួយ​កីឡាករ​ឡាវ​នៅ​សង្វៀន​ថោន​ ចាប់​ពី​ម៉ោង​ ៧យប់​តទៅ៕​

ប្រភព៖ KAMPUCHEATHMEY

Leave a Comment

Your email address will not be published. Required fields are marked *

Scroll to Top